​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ស្នើ​ឲ្យ​បន្ត​បង្ក្រាប​គ្រឿងញៀន

ឧត្តរមានជ័យ:
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរងនគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បានស្នើ​ឲ្យ​មន្ត្រីនគរបាល ធ្វើការ​បង្ក្រាប​គ្រឿងញៀន ឲ្យ​មាន​ប្រសិទ្ធភាព​ថែមទៀត និង​ស្នើ​ឲ្យ​នគរបាល​ប៉ុស្តិ៍ ធ្វើខ្លួន​ឲ្យ​ល្អ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មាន​ជំនឿ​ចិត្ត​កាន់តែខ្លាំង​។
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ លើកឡើង​បែបនេះ ក្នុងឱកាស​ដែល​នាយ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ ក្នុង​ឆ្នាំ​២០១៥ និង​ទិសដៅ​ក្នុង​ឆ្នាំ​២០១៦ របស់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ នា​ល្ងាច​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៦​នេះ​។
​    ​
​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​លើកឡើងថា ស្ថានភាព​គ្រឿងញៀន បាន​រីក​រាលដាល​ដល់​ជនបទ មុខសញ្ញា​បាន​ប្រព្រឹត្ត​បទល្មើស មានការ​ប្រើប្រាស់​គ្រឿងញៀន និង​មាន​ច​រិ​ក​កាច​សាហាវ ហើយ​ពួកនេះ​បាន​ប្រព្រឹត្ត​ជួញដូរ ចែកចាយ​គ្រឿងញៀន យ៉ាងសកម្ម​បំផុត​។​
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​លើកឡើងថា គ្រាន់តែ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មួយ​ប៉ុណ្ណោះ សម្រាប់​ឆ្នាំ ២០១៥ កន្លងទៅ បទល្មើស​គ្រឿងញៀន កើតឡើង ចំនួន​៣១​ករណី ក្នុង​ចំនួន​នោះ មាន​ករណី​ដឹកជញ្ជូន​, ជួញដូរ​, ចែកចាយ ចំនួន​២៩​ករណី និង​ប្រើប្រាស់​២​ករណី​។ បង្ក្រាបបាន​ជនល្មើស ៤៧​នាក់ ក្នុងនោះ​ស្រី​១៧​នាក់​។ ករណី​នេះហើយ ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ ស្នើ​ឲ្យ​នគរបាល​គ្រឿងញៀន ខេត្ត​ឧ​ត្ត​រ​មានជ័យ ធ្វើការ​ងារ​ឲ្យ​មាន​ប្រសិទ្ធភាព និង​បង្ក្រាប​ករណី​គ្រឿងញៀន ទាំង​ធំ ទាំង​តូច ដើម្បី​យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បន្តថា វិធានការ​របស់​យើង គឺ​ត្រូវ​ស្រាវជ្រាវ ករណី​កែច្នៃ​ផលិត ការជួញដូរ ការដឹកជញ្ជូន​ឆ្លងកាត់ និង​ការប្រើប្រាស់​។ ស្រាវជ្រាវ​រក​ប្រភព​ឫសគល់ និង​អ្នកជួញដូរ និង​អ្នកប្រើប្រាស់ ជាពិសេស​ស្រាវជ្រាវ រក​កន្លែង​ចែកចាយ ឲ្យ​ខាងតែបាន​។
​    ​
​ពាក់ព័ន្ធ​នឹង​បញ្ហា​ប៉ុស្តិ៍​រដ្ឋបាល នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បានស្នើ​ឲ្យ​ស្នងការ​នគរបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្តាប់​ក្របខណ្ឌ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​ឲ្យ​កម្លាំង​ប៉ុស្តិ៍ យ៉ាងតិច​មាន​៨​នាក់ ដើម្បី​ហ្វឹកហ្វឺន​ហាត់​បំប៉ន ដោយ​នគរបាល​ប៉ុស្តិ៍ ត្រូវ​ចុះ​សំណេះសំណាល តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​បម្រើសេវា​ចាំបាច់ ដោះស្រាយ​ការលំបាក និង​ជួយ​បំពេញបែបបទ ជូន​ប្រជាពលរដ្ឋ​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បានលើកឡើង​ទៀតថា ប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រូវ​បើកទ្វារ ២៤​ម៉ោង លើ​២៤​ម៉ោង និង​ប្តូរ​ឥរិយាបថ ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​។ ក្នុងន័យនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ លើក​ចំ​ចំណុច​ថា ករណី​អត្តសញ្ញាណប័ណ្ណ​ថ្មី ដែល​ចេញ​ជូន​ពួកគាត់ ប៉ុស្តិ៍នគរបាល អធិការ​ខណ្ឌ​ស្រុក គួរតែ​យក​អត្តសញ្ញាណប័ណ្ណ​ថ្មី​នោះ ទៅជូន​គាត់​ដល់ផ្ទះ​តែម្តង ដោយ​មិនចាំបាច់​ធ្វើ ពិធី​ប្រមូលផ្តុំ​ចែក ដែល​ធ្វើ​ឲ្យ​មានការ​រំខាន ដល់​ពួកគាត់ ព្រោះថា​ទម្លាប់​ប្រមូលផ្តុំ​ចែក​នោះ វា​ជាការ​ហួស​សម័យ​ទៅហើយ​៕V/S

​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ស្នើ​ឲ្យ​បន្ត​បង្ក្រាប​គ្រឿងញៀន

​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ស្នើ​ឲ្យ​បន្ត​បង្ក្រាប​គ្រឿងញៀន

​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ស្នើ​ឲ្យ​បន្ត​បង្ក្រាប​គ្រឿងញៀន

​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ស្នើ​ឲ្យ​បន្ត​បង្ក្រាប​គ្រឿងញៀន

​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ស្នើ​ឲ្យ​បន្ត​បង្ក្រាប​គ្រឿងញៀន

​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ស្នើ​ឲ្យ​បន្ត​បង្ក្រាប​គ្រឿងញៀន
នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ​ស្នើ​ឲ្យ​បន្ត​បង្ក្រាប​គ្រឿងញៀន និង​នគរបាល​ប៉ុស្តិ៍នគរបាល​ធ្វើខ្លួន​ឲ្យ​ល្អ​ថែមទៀត​(រូបៈ​ច័ន្ទគារ)