លោក សម រង្ស៊ី បាន​រំលឹក​ពី​ទំព័រ​ប្រវត្តិសាស្ត្រ ដើម្បី​លើកកម្ពស់ វីរបុរស​ខ្មែរ​

នៅ​ចុង​សប្តាហ៍​នេះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​រំលឹក​ពី​ទំព័រ​ប្រវត្តិសាស្ត្រ ដើម្បី​លើកកម្ពស់ វីរបុរស​ខ្មែរ ដោយ​លើកយក លោក​ឧកញ៉ា ក្រឡាហោមគង់ ដែល​បាន​បះបោរ​ដើម្បី​ជាតិ ប្រឆាំង​បារាំង និង​ប្រឆាំង​យួន ក្នុង​ឆ្នាំ ១៨៨៥-១៨៨៦​។​

​លោក សម រង្ស៊ី បាន​ពន្យល់ថា​ក្រឡាហោមគង់ ជា​មេ​ទ័ពជើងទឹក និង​ជា​ស្តេចត្រាញ់ កាន់កាប់ និង​ការពារ​ទឹកដី​ខ្មែរ​មួយចំណែក នៅ​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា​។ លោក​បាន​ដឹកនាំ​ចលនា​បះបោរ​មួយ​ក្នុងប្រទេស​កម្ពុជា ក្នុង​បំណង​ប្រយុទ្ធ​រំដោះ​ប្រទេសជាតិ ពី​ពួក​អាណានិគម​បារាំង និង​រំដោះ​ខេត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម ពី​ការជិះជាន់​របស់​ជនជាតិ​យួន មកលើ​ជនជាតិខ្មែរ ដែលជា​ម្ចាស់​ស្រុក​ពី​ដើមកំណើត​។​

​លោក សម រង្ស៊ី បានបញ្ជាក់​ដោយយោង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ថា គ្មាន​នរណា​ស្គាល់ឈ្មោះ​ពិត​របស់លោក​ទេ គេ​ស្គាល់​តែ​ឈ្មោះ​គោរមងារ​ជា​មេទ័ព​។ ក្រឡាហោមគង់ មាន​ទឹកចិត្ត​ក្លាហាន​ក្រៃលែង​។ លោក​បានទទួល​ការគាំទ្រ​ពី​ព្រះបាទ​នរោត្តម ជា​ព្រះមហាក្សត្រ​ពេលនោះ ពី​ប្រជាកសិករ​ទូទាំងប្រទេស និង​ពី​ព្រះសង្ឃ​ខ្មែរ​។ នៅ​ឆ្នាំ​១៨៨៦ បារាំង និង​យួន បាន​ប្រើល្បិច អញ្ជើញ​ក្រឡាហោមគង់ មកជួប​ដើម្បី​ចរចា តែ​រួច​ទៅ​ចាប់​លោក​ចង​ផ្អោប​នឹង​បំពង់ផ្សែង​កប៉ាល់ អោយ​ឈ្លក់ផ្សែង រហូត​បាត់​បង់ជីវិត រួច​ទៅ​ទើប​ស្រាយ​សព​ទម្លាក់​ទឹក​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី  បាន​សង្កត់ធ្ងន់ថា វីរភាព​របស់​ក្រឡាហោមគង់ បាន​បំផុសទឹកចិត្ត​កូន​ខ្មែរ ឲ្យ​ក្រោកឈរឡើង ប្រឆាំងនឹង​ពួក​បរទេស​ឈ្លានពាន ជា​បន្តបន្ទាប់​។ ក្រឡាហោមគង់ បាន​លាចាក​លោក​នេះ​មែន ប៉ុន្តែ​កិត្តិនាម និង​វីរភាព​របស់លោក​បាន​មក​សណ្ឋិត​ជាប់​នឹង​ដួងព្រលឹង​កូន​ខ្មែរ​ជា​និរន្តរ៍​៕

12919918_1077828505607215_1936043921174631906_n