លោក ឡុង ហ៊ាង ហៅ​ណាំ ហ៊ាង បន្តសកម្មភាព​បូម​ខ្សាច់​នៅ​ស្រុក​មុខកំពូល​តាម​អំពើ​ចិត្ត​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​រកា​កោង ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ឈ្មួញ​ម្នាក់​ឈ្មោះ ឡុង ហ៊ាង ហៅ​ណាំ ហ៊ាង តែង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​នៅក្នុង​តំបន់ហាមឃាត់​តាម​អំពើ​ចិត្ត ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ណា​ទប់ស្កាត់​ឡើយ​។ ទីតាំង​បូម​ខ្សាច់​របស់លោក ឡុង ហ៊ាង នៅ​ភូមិ​រកា​កោង កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ខ្លាច​បាក់​ដី​ភូមិ ដីចម្ការ​ចូលទៅក្នុង​ទឹក ព្រោះ​មន្ត្រី​អាជ្ញាធរ​ឃុំ និង​ស្រុក មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ បញ្ហា​នេះ​គេ​សង្ស័យថា មានការ​បើកដៃ​ពី​អាជ្ញាធរ​ឃុំ​រកា​កោង​១ និង​អាជ្ញាធរ​ស្រុក​មុខកំពូល ទើប​លោក ឡុង ហ៊ាង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​មុខកំពូល បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ឡុង ហ៊ាង ហៅ​ណាំ ហ៊ាង មាន​ដេប៉ូ​លក់​ខ្សាច់​នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ប៉ុន្តែ​ឈ្មួញ​រូបនេះ​ទៅធ្វើ​សកម្មភាព​បូម​ខ្សាច់​រហូតដល់​ឃុំ​រកា​កោង​១ ក្បែរ​ព្រំប្រទល់​ស្រុក​កងមាស ខេត្តកំពង់ចាម​។ សកម្មភាព​បូម​ខ្សាច់​នៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង​១ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាច​បាក់​ច្រាំង បាក់​ដី បាក់​ផ្ទះ ចូល​ទន្លេមេគង្គ ពីព្រោះ​ឆ្នាំមុន​មានផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​ត្រូវ​បាក់​ចូលទៅក្នុង​ទន្លេ​។ បញ្ហា​នេះ​អាជ្ញាធរ​ស្រុក​មុខកំពូល គួរពិនិត្យមើល​សកម្ម​ភាព​របស់​ឈ្មួញ​ឈ្មោះ ឡុង ហ៊ាង ជាបន្ទាន់ ព្រោះ​ឈ្មួញ​រូបនេះ​កំពុង​បូម​ខ្សាច់​ខុស​ទីតាំង​កំណត់​បាត់ទៅហើយ​។

​ចំណែក​ប្រភពពី​មន្ត្រី​អាជ្ញាធរ​តូចតាច​មួយចំនួន​នៅ​ស្រុក​មុខកំពូល បាន​ឲ្យ​ដឹងថា ដោយសារតែ​លោក ឡុង ហ៊ាង ហៅ​ណាំ ហ៊ាង មាន​មន្ត្រី​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល នៅ​ពី​ក្រោយខ្នង​ទើប​ឈ្មួញ​រូបនេះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ហេតុនេះហើយ​ទើប​លោក ឡុង ហ៊ាង ហ៊ាន​ដាក់​សា​ឡង់​បូម​ខ្សាច់​ខុស​ទីតាំង​កំណត់ រីឯ​មន្ត្រី​អាជ្ញាធរ​ឃុំ និង​មន្ត្រី​អាជ្ញាធរ​ស្រុក ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​បទល្មើស​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរពិនិត្យមើល​បទល្មើស​បូម​ខ្សាច់​នៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល​ជាបន្ទាន់ ព្រោះ​ឈ្មួញ ឡុង ហ៊ាង ហៅ​ណាំ ហ៊ាង បូម​ខ្សាច់​ខុស​ទីតាំង​កំណត់​ហើយ​៕

16961780441_93033ea086_oលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល sew-2-1សាឡង់បូមខ្សាច់នៅឃុំរកាកោង១ ស្រុកមុខកំពូល