សិប្បកម្ម​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​តុង​ម៉ិ​ន នាំ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​សំបូរ ខេត្តក្រចេះ​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រោង​សិប្បកម្ម​កែច្នៃ​ឈើ​ធំៗ​២​កន្លែង​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​តុង​ម៉ិ​ន កំពុងបើក​ដំណើរការ​ឡើងវិញ​ហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​រដ្ឋាភិបាល​ប​ង្កើ​ត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ភ្លាមៗ គឺ​ក្រុមហ៊ុន​តុង​ម៉ិ​ន បាន​ផ្អាក​សកម្មភាព​មួយរយៈ​ពេល​ខ្លី​។ ប៉ុន្តែ​ឥឡូវនេះ​ក្រុមហ៊ុន​តុង​ម៉ិ​ន បាន​ដំណើរការ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​នៅក្នុង​ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ ខេត្តក្រចេះ ឡើងវិញ​ហើយ​មាន​សភាព​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​រលួស​មានជ័យ បាន​ឲ្យ​ដឹងថា ពេលដែល​ក្រុមហ៊ុន​តុង​ម៉ិ​ន ដំណើរការ​សិប្បកម្ម​ធំៗ​២​កន្លែង​ឡើងវិញ គឺ​ឈើ​ក្នុងព្រៃ​សហគម​ន៍ល​ក៏ដូចជា​ឈើ​នៅក្រៅ​ព្រៃ​សហគមន៍​ត្រូវ​ប្រឈម​នឹង​ការ​កាប់រំលំ​យ៉ាង​មហន្តរាយ​ពី​សំណាក់​ជនល្មើស​និង​ឈ្មួញ​មួយចំនួន​។ ជនល្មើស​និង​ឈ្មួញ​ទាំង​នោះបាន​កាប់​ឈើ​ដឹកជញ្ជូន​ចូលក្នុង​រោង​សិប្បកម្ម​របស់​ក្រុមហ៊ុន​តុង​ម៉ិ​ន តាម​អំពើ​ចិត្ត ហើយ​ភាគច្រើន​ជា​ឈើ​ប្រភេទ​លេខ​១​និង​លេខ​២​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរ​ពិនិត្យឡើងវិញ​ផងដែរ ព្រោះ​បច្ចុប្បន្ន​ឈើ​ក្នុងព្រៃ​សហគមន៍​នៃ​ស្រុក​សំបូរ ខេត្តក្រចេះ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។ ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​របស់​ក្រុមហ៊ុន​តុង​ម៉ិ​ន ទាំង​២​កន្លែង​នោះ ត្រូវគេ​ដឹងថា​គឺជា​កន្លែង​ប្រមូល​ទិញ​ឈើ​ខុសច្បាប់ ហើយ​នៅក្បែរ​ស្នាក់ការ​មេព្រៃ​រលួស​មានជ័យ ស្រុក​សំបូរ​ទៀតផង​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា រោង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​២​កន្លែង​នោះ គ្មាន​ច្បាប់ទម្លាប់​ឡើយ​ប៉ុន្តែ​គេ​អាច​ដំណើរការ​ដោយ​រលូន​មិន​ដែលមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​តុង​ម៉ិ​ន អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ដូច​សព្វថ្ងៃនេះ​។ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរពិនិត្យមើល​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នៅក្នុង​ឃុំ​រលួស​មានជ័យ ស្រុក​សំបូរ ខេត្តក្រចេះ ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​រាលដាល​កាន់តែខ្លាំង​ថែមទៀត​៕

Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420