លោក ខៀវ សំណាង មេបញ្ជាការ​វរៈ​K89 កំពុង​បែកធ្លាយ​រឿង​ជីកដី​លក់​យកលុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​

​មន្ត្រី​យោធា​នៅក្នុង​អង្គភាព​វរៈ​K89 បាន​បង្ហើប​ឲ្យ​ដឹងថា​មេបញ្ជាការ​របស់​ពួកគេ គឺ​លោក​វរសេនីយ៍ឯក ខៀវ សំណាង បានធ្វើ​សកម្មភាព​ជីកដី​ក្នុង​បរិវេណ​ទីតាំង​អង្គភាព​លក់​យកលុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ មន្ត្រី​យោធា​វរៈ​K89​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​បាភ្នំ បាន​ឲ្យ​ដឹងថា លោក ខៀវ សំណាង ជា​មេ​បញ្ជា​វរៈ​K89 មាន​ទីតាំង​លើ​ភ្នំ​ឈើកាច់​កំពុង​ជីក​អាចម៍ដី​នៅក្នុង​បន្ទាយ​ទៅ​លក់​ឲ្យ​ក្រុម​អ្នកធ្វើ​ផ្លូវ ហើយ​មានការ​ដឹកជញ្ជូន​យ៉ាង​អនាធិបតេយ្យ​ក្នុង​មួយថ្ងៃៗ​រាប់សិប​រថយន្ត​។ សកម្មភាព​របស់លោក ខៀវ សំណាង គឺ​ពុំមាន​គេ​អនុ​ញ្ញ​ត​ពី​ថ្នាក់លើ​នោះទេ ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​មន្ត្រី​យោធា​មួយចំនួន​លាតត្រដាង​រឿងនេះ​ជា​សាធារណៈ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅក្បែរ​ទីបញ្ជាការ​វរៈ​K89 បាន​ឲ្យ​ដឹងថា កន្លែង​ដែល​គេ​ជីក​អាចម៍ដី​លក់​នោះ​ស្ថិតនៅក្នុង​បន្ទាយ​K89 ជាប់​នឹង​អគារ​សាលប្រជុំ​របស់​អង្គភាព ហើយ​អាចម៍ដី​ត្រូវគេ​លក់​ទៅ​ឲ្យ​ក្រុម​កងវិស្វកម្ម​ដែល​កំពុង​ធ្វើ​ផ្លូវ​នៅ​ខេត្តស្វាយរៀង ក្នុង​មួយ​រថយន្ត​តម្លៃ​២០​ដុល្លារ​។ ចំណែក​ប្រភពពី​មន្ត្រី​យោធា​វរៈ​K89 ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការជីក​អាចម៍ដី​លក់​នេះ​មិនមែនជា​លើក​ទី​១​ទេ ព្រោះ​កាលពី​ប៉ុន្មាន​ខែ​មុន​ក៏មាន​សកម្មភាព​ជី​អាចម៍ដី​លក់​ម្តង​រួចទៅហើយ ដោយ​ប្រមូលបាន​លុយ​សរុប​ប្រមាណ​២៣​លាន​រៀល​។ ប៉ុន្តែ​ការជីក​ដី​ដែល​កើតឡើង​តាំងពី​ថ្ងៃទី​១៩ ខែមីនា កន្លងមក​នោះ​ត្រូវ​ប្រឈម​នឹង​ការបើក​កកាយ​ដែល​គេ​សង្ស័យថា ជា​ទំនាស់​ផលប្រយោជន៍​រវាង​លោក ខៀវ សំណាង និង​មេបញ្ជាការរង​៣​នាក់​ផ្សេងទៀត​។

ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើនេះ​មន្ត្រី​យោធា​ក្នុង​អង្គភាព​វរៈ​K89 បាន​អំពាវនាវ​ឲ្យ​ថ្នាក់លើ​ចាត់វិធានការ​ត្រួតពិនិត្យ​ជាបន្ទាន់ ព្រោះ​កន្លងមក​លោក ខៀវ សំណាង អាង​អំណាច​ខ្លួន​ជា​មេបញ្ជាការ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ចំណុច​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​នៅពេល​អ្នកកាសែត​ចុះ​ទៅយក​ព័ត៌មាន​ត្រូវបាន​លោក ខៀវ សំណាង បញ្ជា​ឲ្យ​គ្រឿងចក្រ​បញ្ឈប់​សកម្មភាព ហើយ​នៅពេល​អ្នកកាសែត​ចេញផុត គ្រឿងចក្រ​ដំណើរ​ការជីក​អាចម៍ដី​ដាក់​រថយន្ត​យ៉ាង​អនាធិបតេយ្យ​ដដែល​។ ហេតុនេះហើយ​ទើប​មន្ត្រី​យោធា​ក្នុង​អង្គភាព​វរៈ​K89 លើ​ភ្នំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​លោក ខៀវ សំណាង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងការពារជាតិ​តទៅទៀត​៕

pic34 Pic37