អាជ្ញាធរ​ខេត្តក្រចេះ បណ្ដោយ​ឲ្យ​មាន​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​លិចទឹកយក​ធ្វើជា​កម្មសិទ្ធិ​

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ព្រែក​សា​ម៉ាន់ និង​ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​មាន​បទល្មើស​ឈូសឆាយ​ដីព្រៃ​សហគមន៍​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក និង​តំបន់​អភិរក្ស​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​អ្នកមាន​លុយ អ្នកមានអំណាច​មួយចំនួន​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ ហើយ​មេឃុំ​ព្រែក​សា​ម៉ាន់ ឈ្មើ ងួន សេង ធ្វើ​អ្វីៗ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ខាងលើនេះ​ជាបន្ទាន់​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា តំបន់​អភិរក្ស​បឹង​កូន​សត្វ និង​ព្រៃ​លិច​ទឹក នៅតាម​ដងផ្លូវ​ជាតិ​លេខ​៣ ពី​ស្ពាន​ព្រែក​ឆ្លូង រហូតដល់​ស្ពាន​ព្រែកជីក ដែលជា​តំបន់​ជម្រក​ត្រី​គ្រប់​ប្រភេទ ហើយ​ជា​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​ផង​នោះ ឥឡូវនេះ​ត្រូវ​ជនខិលខូច​ឃុបឃិត​គ្នា​ឈូសឆាយ​រុករាន​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កន្លែង​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​រាន​ឈូសឆាយ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​នោះ ស្ថិតនៅក្នុង​បឹង​ព្រែ បឹង​ផ្ដៅ បឹង​ស្រែ​អាង និង​បឹង​បាក់ផ្ដៅ បឹង​កូន​សត្វ ស្ថិតនៅក្នុង​ឃុំ​ព្រែក​សា​ម៉ាន់ និង​ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ​។ មេខ្លោង​ដែល​កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះ រួមមាន​លោក ឃុ​ត ម៉េង អនុប្រធាន​សហគមន៍ និង ងួន សេង មេឃុំ​ព្រែក​សា​ម៉ាន់ និង​មនុស្ស​មួយចំនួនទៀត​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ព្រែក​សា​ម៉ាន់ និង​ឃុំ​កញ្ជរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា តាំងពី​ដូនតា​មក​បឹង​កូន​សត្វ​មិនដែល​រីងស្ងួត​ម្តងណា​ទេ ហើយ​ពួកគាត់​អាច​រកត្រី​នៅក្នុង​បឹង​នេះ​មក​ធ្វើជា​ម្ហូប​តាម​ទម្លាប់​ដោយ​គ្មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ​។ ប៉ុន្តែ​ក្រោយពេល​ដែលមាន​ជនខិលខូច​រួមទាំង​លោក ងួន សេង មេឃុំ​ព្រែក​សា​ម៉ាន់ ស្ដារ​ព្រែក​រំលោភ​យក​តំបន់​បាត​បឹង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ទើប​ធ្វើ​ឲ្យ​ទឹក​បឹង​កូន​សត្វ​ត្រូវ​រីងស្ងួត​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាងខ្លាំង​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក​ឆ្លូង និង​អាជ្ញាធរ​ខេត្តក្រចេះ ជួយ​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​ជាបន្ទាន់​បើ​មិន​ដូច្នេះ​ទេ បឹង​ធម្មជាតិ​និង​ព្រៃ​លិច​ទឹក​តាម​ដងផ្លូវ​លេខ​៧៣ ស្រុក​ឆ្លូង ខេត្តក្រចេះ ត្រូវ​ក្រុម​ជនខិលខូច​កាន់កាប់​ជា​កម្មសិទ្ធិ​អស់​ជាមិនខាន​៕

S-148លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ b956038c-2e93-4d89-ac1a-133a5ed1cdc7 0f243167-8170-4458-be6c-2056822b7f0c