លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ល្បីឈ្មោះ​ខាង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​

លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តសៀមរាប ត្រូវបាន​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្ត​នេះ​បង្ហើប​ឲ្យ​ដឹងថា គឺជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ស្រេច​តែ​អំពើ​ចិត្ត ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​នាពេល​កន្លងមក ក៏​អាចមាន​ការឃុបឃិត​បើកដៃ​ពី​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប​ដែរ​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក សុខ សុ​ដា​រ៉ា គឺ​លោក គង់ ផល្លា​គុណ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មាន​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ជាច្រើន​ត្រូវបាន​ឈ្មួញ​នាំ​ចូលមក​ចែកចាយ​និង​ឆ្លងកាត់​ខេត្តសៀមរាប ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​គយ ជាពិសេស​លោក សុខ សុ​ដា​រ៉ា ដែលជា​ប្រធាន​សាខាគយ​ខេត្តសៀមរាប​។ ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ដែល​ឈ្មួញ​នាំចូល​ក្នុង​ខេត្តសៀមរាប​មានដូចជា គ្រឿងសំណង់ ទំនិញ​ចាប់ហួយ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត ដែល​ឈ្មួញ​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​។ ជាពិសេស​ករណី​ឈ្មួញ​នាំចូល​ទូរស័ព្ទ​ទំនើបៗ គ្រឿងសំអាង អាហារ​បំប៉ន និង​ទំនិញគេចពន្ធ​ច្រើន​មុខ​ទៀត​នៅ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប គឺជា​ការបំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​យ៉ាង​គឃ្លើន ហើយ​ផលប្រយោជន៍​បាន​ទៅលើ​មន្ត្រី​គយ​ពុករលួយ​។

មានការ​រិះគន់ថា ចាប់តាំងពី​ចូលកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តសៀមរាប រហូតមកដល់​ពេលនេះ​លោក សុខ សុ​ដា​រ៉ា មិនដែល​ចាត់វិធានការ​បង្ក្រាប​ទំ​និ​ញ​គេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ម្តងណា​ទេ គឺ​គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។ ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ដែល​ឈ្មួញ​ដឹក​យកមក​ស្តុក​និង​ចែកចាយ​ក្នុង​ខេត្តសៀមរាប ត្រូវបាន​នាំចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​អន្តរជាតិ​អូរ​ស្មាច់​ជាដើម ដោយ​ឈ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​នៅ​ច្រកព្រំដែន និង​ឃុបឃិត​ជាមួយ​ប្រ​ធានា​សាខាគយ​ខេត្តសៀមរាប ដើម្បី​បែងចែក​ផលប្រយោជន៍​យ៉ាង​ស្ងាត់ស្ងៀម​។ ហេតុនេះហើយ​ទើប​លោក សុខ សុ​ដា​រ៉ា មិនដែល​បង្ក្រាប​ទំនិញ​គេចពន្ធ និង​ទំនិញ​ខុសច្បាប់ ដែល​ឈ្មួញ​នាំចូល​ខេត្តសៀមរាប​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដោយសារតែ​ខ្លាច​បាត់បង់​ចំណូល​ផ្ទាល់ខ្លួន​៕

Pic41លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប Pic40