នាយរង​ប៉ុស្តិ៍​ម្នាក់​ រត់​គេច​ខ្លួន​ ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​

នាយរង​ប៉ុស្តិ៍​ម្នាក់​ រត់​គេច​ខ្លួន​ ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​



តាកែវ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បុក​ម៉ូតូ​ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ និង​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួស​ធ្ងន់​ទាំងពីរ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ព្រម​នៅ​ដោះស្រាយ​បែរជា​ដាក់​មេ​ប្រ៉ូ​ច​បាត់ស្រមោល​តែម្តង។

ករណី​រថយន្ត​ប៉ុក​ម៉ូតូ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​០១ ​ខែ​មេសា ​ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​០២ ចំណុច​ភូមិ​ពេ​ជ​សារ ស្រុក​កោះអណ្ដែត ខេត្ត​តាកែវ​ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​កា​មេ​រី​ហាយ​ប្រ៊ី​ត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ក្លែងក្លាយ​លេខ ភ្នំពេញ 2L 8892 បើកបរ​ដោយ​លោក​នាយរង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន​ម្នាក់​ឈ្មោះ ​ប៊ុន ចន្ថា អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ។

ចំណែក​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក PCX ពាក់​ស្លាក​លេខ តាកែវ 1G 4694 អ្នកបើកបរ​មានឈ្មោះ​ប្រាក់ សុខុម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ក្រាំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ចំណែក​អ្នករួម​ដំណើរ​ជាមួយ​ឈ្មោះ​ នី មាន​ថៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ។ ក្រោយ​ពេល​កើតហេតុ​ ជន​បង្ក​ដែល​ជា​មន្ត្រី​សមត្ថកិច្ច​ផង​នោះ ​មិន​ព្រម​នៅ​ដោះស្រាយ​ជា​មួយ​ជនរងគ្រោះទេ ​បែរជា​រត់គេចខ្លួន​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហួសចិត្ត​យ៉ាង​ខ្លាំង មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​ពាក់​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ​ធ្វើ​ចរាចរណ៍​ទៀត។

បច្ចុប្បន្ន​ រថយន្ត​ និង​ម៉ូតូ​ ត្រូវ​បាន​យក​មក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ ដើម្បី​រង់ចាំ​សាមីខ្លួន​មក​ធ្វើការ​ដោះស្រាយ​៕

នាយរង​ប៉ុស្តិ៍​ម្នាក់​ រត់​គេច​ខ្លួន​ ក្រោយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​