ប្រទះ​​ឃើញ​រថយន្ត​CRV​ ១​គ្រឿង​ ចត​ទុក​ចោល ​ជាង​១​សប្ដាហ៍​ហើយ​ រក​ម្ចាស់​មិន​ឃើញ

ប្រទះ​​ឃើញ​រថយន្ត​CRV​ ១​គ្រឿង​ ចត​ទុក​ចោល ​ជាង​១​សប្ដាហ៍​ហើយ​ រក​ម្ចាស់​មិន​ឃើញ



ភ្នំពេញ​ ៖ ​សមត្ថកិច្ច​និយាយ​ថា រថយន្ត​ម៉ាក​ហុងដា ​ស៊ី​ អរ​​ វី (HONDA CRV) មួយ​គ្រឿង ​ត្រូវ​បាន​គេ​យក​មក​ចត​ទុក​ចោល​ នៅ​ផ្លូវ​លេខ​១០០៣​ ក្នុង​ភូមិ​ទំនប់ ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​ ជា​ច្រើន​ថ្ងៃ​មក​ហើយ ​រក​ម្ចាស់​មិន​ឃើញ ​ត្រូវ​បាន​នគរបាល​មូលដ្ឋាន​ជួល​ឡាន​ស្ទូច​ដឹក​យក​មក​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ នគរបាល​ខណ្ឌ ​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​ទី​២៧​ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៦​ ជាង​១​សប្ដាហ៍​​ហើយ ​ក៏​នៅតែ​មិនទាន់​រក​មុខ​ម្ចាស់​រថយន្ត​នេះ​​ឃើញ​នៅ​ឡើយ។

ភិនភាគ​រថយន្ត​នោះ​ម៉ាក ​ហុងដា ស៊ី​ អរ វី (HONDA CRV) ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​
2K 3111 ត្រូវ​បាន​​ម្ចាស់ ​ឬ​ជន​មិន​ស្គាល់​មុខ​ ​​យក​រថយន្ត​​​មក​សំចត​ប្លុង​ចោល​ ដោយ​បាន​ចាក់​សោ​​ទ្វារ​ជាប់​ទាំងអស់។

លោក​អនុសេនីយ៍ទោ​ ដួង វណ្ណៈ​ នាយ​ស្ដីទី នៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ភ្នំពេញ​ថ្មី ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា បាន​ប្រទះ​​ឃើញ​រថយន្ត​នេះ​ចត​ទុកចោល​យូរ​ថ្ងៃ​​ហើយ ​នៅមុខ​ផ្ទះ​ប្រជាជន នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​
១០០៣​ក្នុង​ភូមិ​ទំនប់ ដោយ​រង់ចាំ​មិន​​ឃើញ​​មាន​ម្ចាស់​មក​យក​ លោក​ក៏បាន​ទទួលបញ្ជា​ពី​មេ​
(​អធិការ​ខណ្ឌ​)​ ឲ្យ​ជួល​ឡានស្ទូច​ដឹក​រថយន្ត​នេះ​យក​មក​រក្សា​ទុកជា​បណ្ដោះអាសន្ន​សិន ​នៅ​អធិការដ្ឋាន រង់ចាំ​ក្រែង​មាន​ម្ចាស់​មក​ទទួលយក​វិញ។ លោក​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​នេះ​ ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៦ រយៈពេល​ជាង​១​សត្តាហៈ​​ហើយ ​ក៏​នៅតែ​បាត់​ដំណឹង​ម្ចាស់​វា​ឈឹង ដដែល មិនទាន់​​ឃើញ​មក​សួររក​ និង​ទទួលយក​រថយន្ត​នេះ​ទៅ​វិញ​នៅ​​ឡើយ​ទេ។

កន្លង​មក​ តែងតែ​មាន​គេ​យក​រថយន្ត​មក​ប្លុង​ចោល​ នៅ​កន្លែង​ស្ងាត់​ ភាគ​ច្រើន​នៅតែ​ក្នុង​មូលដ្ឋាន ​សង្កាត់​ភ្នំពេញ​ថ្មី​នេះ​តែ​ម្ដង ​ដោយ​មាន​រថយន្ត​ខ្លះ​ម្ចាស់​ស្រវឹង​ស្រា ចត​ទុកចោល ​ហើយ​មាន​រថយន្ត​ខ្លះ​ទៀត ម្ចាស់​ត្រូវ​គេ​សម្លាប់​ រួច​​​​​យក​រថយន្ត​មក​​ប្លុង​ចោល នៅ​ទីនេះ​ក៏​មាន​ដែរ។

ចំពោះ​ករណី​រថយន្ត​នេះ​វិញ មិន​ដឹង​ថា ជា​ករណី​អ្វី​នោះ​ទេ ​ទើប​បាន​ជា​គេ​បើក​យក​មក​ប្លុង​ទុកចោល​បែបនេះ​ជា​ច្រើន​ថ្ងៃ​មក​​ហើយ​​ ​ក៏​នៅតែ​មិនទាន់​រក​ម្ចាស់​​​​ឃើញ​ទៀត ​ប្រហែល​ជា​អាច​ពាក់ព័ន្ធ​នឹង​​​​ករណី​ចោរកម្ម ឬក៏​បទល្មើស​ផ្សេងទៀត៕