​សហព័ន្ធ​ប្រដាល់​​ ​ស្នើ​​​គ្រប់​សង្វៀន​ឲ្យ​មាន​​​​​សកល​​យ៉ាង​តិច​១​គូ​​ក្រោយ​ចូល​ឆ្នាំ​ថ្មី​

​លោក តែម​ ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ​កំពុង​​គ្រោង​ស្នើ​សុំ​​​អ្នក​​រៀប​ចំ​កម្មវិធី​ប្រកួត​ប្រដាល់​​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​នានា​​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ដាក់​បញ្ចូល​ការ​ប្រកួត​​ប្រដាល់​សកល​ឲ្យ​បាន​យ៉ាង​តិច​​១​គូ ​ក្នុង​មួយ​សប្ដាហ៍​គ្រប់​សង្វៀន​​ប្រដាល់​ ដែល​នឹង​រៀប​ចំ​​​ឲ្យ​បាន​រួច​រាល់​ក្រោយ​ពេល​ចូល​ឆ្នាំ​ខ្មែរ​នា​ខែ​មេសា​ ឆ្នាំ​២០១៦ នេះ។

 ​សហព័ន្ធ​ប្រដាល់​​ ​ស្នើ​​​គ្រប់​សង្វៀន​ឲ្យ​មាន​​​​​សកល​​យ៉ាង​តិច​១​គូ​​ក្រោយ​ចូល​ឆ្នាំ​ថ្មី​​លោក តែម ម៉ឺ​ន

 

​លោក តែម ម៉ឺ​ន បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​ លោក​កំពុង​រៀប​ចំ​​​​​​ឯក​សារ​​កោះ​ហៅ​​អ្ន​ក​រៀប​ចំ​កម្មវិធី​ប្រដាល់​​មក​ប្រជុំ​គ្នា​ ​ដើម្បី​​​ស្នើ​សុំ​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​នានា​ក្នុង​ប្រទេស​កម្ពុជា​ពី​បញ្ហា​ខាង​លើ។ ​ការ​រៀប​ចំ​កម្មវិធី​ពង្រីក​​​ប្រដាល់​សកល​ឲ្យ​បាន​គ្រប់​ស្ថានីយ​នេះ​ មក​ពី​បច្ចុប្បន្ន​មាន​តែ​មួយ​ស្ថានីយ​​​អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ​ ដែល​មាន​កម្មវិធី​ប្រដាល់​​សកល។


​ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ថា​ ដើម្បី​ត្រៀម​​ដល់​ការ​ដណ្ដើម​មេដាយ​​​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​​ជា​ម្ចាស់​ផ្ទះ​​ ទើប​​លោក​ចាប់​ផ្ដើម​ពង្រឹង​ចាប់​ពី​ពេល​នេះ​តទៅ។ ​​លោក​​មិន​ទាន់​បាន​ប្រជុំ​ស្នើ​សុំ​ស្ថានីយ​​ទាំង​នោះ​ឡើយ។ ប៉ុន្តែ​ក្រោយ​ពេល​ចូល​ឆ្នាំ​​ខ្មែរ​ លោក​នឹង​រៀប​​ចំ​​ដាក់​ស្មើ​សុំ​ ព្រម​ទាំង​​បញ្ចូល​កម្មវិធី​ ដែល​បាន​គ្រោង​ទុក​នេះ​​ឲ្យ​ខាន​តែ​បាន។

 

​លោក​បន្ថែម​ថា គ្រប់​ស្ថានីយ​​ប្រដាល់​ត្រូវ​ការ​​តែ​ប្រដាល់​សេរី​ ពី​ព្រោះ​អ្នក​​ទស្សនា​ចូល​ចិត្ត​​ក្បាច់​ប្រដាល់​ខ្មែរ​ច្រើន​ជាង​សកល។ ​ខណៈ​បច្ចុប្បន្ន​​​ កីឡាករ​ប្រដាល់​សកល​​សឹង​តែ​គ្មាន​អ្នក​ចុះ​ឈ្មោះ​ហ្វឹកហាត់​ទៅ​ហើយ​នៅ​តាម​ក្លឹប​ប្រដាល់​នីមួយៗ។ ​ដោយ​មើល​ឃើញ​ពី​ភាព​ចុះ​ថយ ​នៃ​ប្រដាល់​សកល​ទើប​លោក​ចាប់​ផ្ដើម​ពង្រឹង​ឡើង​វិញ។

 

​ជាមួយ​គ្នា​នោះ​លោក​​ មាស សុខ​គ្រី ​ជា​​មន្រ្តី​​ចៅ​ក្រម និង​អាជ្ញាកណ្ដាល​មួយ​រួប​របស់​សហព័ន្ធ​ប្រដាល់​ ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​ថា ​ដោយ​សារ​ប្រដាល់​សកល​​សឹង​តែ​គ្មាន​ស្ថានីយ​​រៀប​ចំ​ ធ្វើ​ឲ្យ​កីឡាករ​ដែល​ហ្វឹកហាត់​​សកល​គ្មាន​កម្មវិធី​​ឡើង​ប្រកួត​ ​ធ្វើ​ឲ្យ​ពួគ​គេ​ចង់​បោះបង់​គំនិត​​ហ្វឹកហាត់​ប្រភេទ​កីឡា​នេះ​តែ​ម្ដង​៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​