ក្រសួងបរិស្ថាន និង​អាជ្ញាធរខេត្ត​កែប​កំពុង​សិក្សា​ពី​បញ្ហា​ទឹកសមុទ្រ​ប្រែ​ពណ៌​ជា​បៃតង​

​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២ ខែមេសា នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជុំវិញ​បញ្ហា​ទឹកសមុទ្រ​ប្រែ​ពណ៌​ទៅជា​បៃតង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប​នា​រយៈពេល​២​កន្លងមកនេះ​។ ការកើនឡើង​នូវ​កម្រិត​ជាតិ​ស្លែ​ខុសពី​ប្រក្រតី គឺ​ជាការ​សន្និដ្ឋាន​បឋមរ​បស់​ក្រសួង​ជំនាញ​។​

កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ ទឹកសមុទ្រ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប បាន​ប្រែ​ពណ៌​ជា​បៃតង និង​មាន​ក្លិប​ស្អុយ​ឆ្អាប​។ បន្ទាប់​ពីបាន​ចុះទៅពិនិត្យ​ជាក់ស្តែង និង​ដង​យក​សំណាក​ទឹកសមុទ្រ​នោះ​ទៅ​វិភាគ អគ្គនាយកដ្ឋាន​គាំទ្រ​បរិស្ថាន​របស់​ក្រសួងបរិស្ថាន បានចេញ​សេចក្តីសន្និដ្ឋាន​បឋមរ​បស់​ខ្លួន​នៅ​ថ្ងៃទី​២ ខែមេសា នេះ​ថា ទឹកសមុទ្រ​ប្រែ​ពណ៌​ទៅជា​បៃតង​នេះ បណ្តាលមកពី​ការកើនឡើង​នូវ​កម្រិត​ជាតិ​ស្លែ​ខុសពី​ប្រក្រតី ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សត្វ​។​

​លោក សៅ សុភាព នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ស្ថាប័ន​របស់លោក និង​អាជ្ញាធរ​មូលដ្ឋាន កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុក​លើ​ករណីនេះ​។ ក្រៅពី​ការលើកឡើង​ទាក់ទង​នឹង​ការកើនឡើង​នូវ​កម្រិត​ជាតិ​ស្លែ​ខុស​ប្រក្រតី លោក សៅ សុភាព មិនទាន់​ហ៊ាន​ផ្តល់​សេចក្តីសន្និដ្ឋាន​អ្វី​ផ្សេង​ទៀតឡើយ ដោយគ្រាន់តែ​អះអាងថា ក្រសួងបរិស្ថាន​នឹង​ផ្តល់ព័ត៌មាន​ជា​បន្តបន្ទាប់​។​

​តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន​ផងដែរ ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​សាធារណជន ជាពិសេស​ពលរដ្ឋ​រស់​នៅតាម​តំបន់​មាត់សមុទ្រ​ខេត្ត​កែប និង​ភ្ញៀវទេសចរ គួរ​ផ្អាក​ការចុះ​ងូតទឹក និង​បរិភោគ​គ្រឿង​សមុទ្រ​ដែល​នេសាទ​ចេញពី​តំបន់​ដែល​កំពុង​កើត​បញ្ហា​។​

​កាលពី​ថ្ងៃទី​១ ខែមេសា មន្ទីរ​បរិស្ថាន​ខេត្ត​កែប បាន​បញ្ជាក់ថា ក្រុមការងារ​ជំនាញ បាន​ចុះ​ពិនិត្យ​ប្រភព​បំពុល​រហូតដល់​ព្រំ​ដែនទឹក​ខាងកើត​ខ្លង​ព្រែក​ចាក ហើយ​រកឃើញថា ខ្សែទឹក និង​ទិស​ខ្យល់​មកពី​ទិសខាងកើត​ឈៀង​ខាងត្បូង បាន​នាំមក​នូវ​កំណ​កករ​ពណ៌​ក្រហម និង​ពណ៌​បៃតង​។​

​ទាក់ទង​នឹង​បញ្ហា​ន​នេះដែរ រដ្ឋបាលខេត្ត​កែប តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​អះអាងថា ស្ថានភាព​ទឹកសមុទ្រ​ក្នុងភូមិ​សាស្ត្រ​របស់​ខេត្ត​កែប​មកទល់​ព្រឹក​ថ្ងៃទី​២ ខែមេសា នេះ កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ ដោយ​ទឹក​ពណ៌​បៃតង​នៅមាន​សេសសល់​តិចតួច ហើយ​រសាត់​ទៅ​ក្បែរ​ជ្រាយ​ពយ​ដំណាក់​ទិស​ខាងលិច ។

​រដ្ឋបាលខេត្ត បាន​បន្ថែមថា ក្លិនស្អុយ និង​ឆ្អាប​បាន​បាត់​ទៅវិញ​ប្រមាណ​៧​ភាគរយ ហើយ អាជ្ញាធរ និង​អង្គភាព​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​និង​បន្តរ​តាមដាន​បាតុភូត​ដែល​កើតឡើង​ពី​កត្តា​ធម្មជាតិ​នេះ​បន្តរ​ទៀត​៕