លង់​ស្នេហ៍​បុរស​អនាមិក​ដែល​ផ្តល់​ស្ពែ​ម​ឲ្យ​ខ្លួន រហូតដល់​ឈានទៅ​រៀបការ​ជាមួយគ្នា​ ​

ស្ត្រី​អូស្ត្រាលី​ម្នាក់​ឈ្មោះ Aminah Hart កើត​បានកូន​ស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​តាមរយៈ​ការបង្ក​កំណើត​ដោយ​សប្ប​និមិត្ត​កម្ម (In Vitro Fertillization, IVF) ក្រោយ​ទទួលបាន​មេជី​វិត (​ស្ពែ​ម​) ពី​បុរស​អនាមិក​ម្នាក់​។ ការស្រាវជ្រាវ​ជា​បន្តបន្ទាប់​បាន​នាំ​ឲ្យ Aminah ជួប​បុរស​ដែលជា​ម្ចាស់​មេជី​វិត ហើយ​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ រហូត​ឈានដល់​ចំណងអាពាហ៍ពិពាហ៍​។​

​នាពេល​បច្ចុប្បន្ន Aminah Hart កំពុង​រស់នៅ​ប្រកបដោយ​សុភមង្គល បន្ទាប់ពី​ឆ្លងកាត់​រឿងរ៉ាវ​ដ៏​សោកសៅ​ជាច្រើន​ក្នុង​ជីវិត​។ គាត់​បាន​បាត់បង់​កូនប្រុស​ពីរ​នាក់ គឺ Marlon អាយុ​២​សប្តាហ៍ និង Louis អាយុ​១៤​ខែ​ដែល​កើតមក​មិន​គ្រប់លក្ខណៈ ដោយសារ​មាន​ជំងឺ​ដ៏​កម្រ ប៉ុន្តែ​មិនដែល​បោះបង់​គំនិត​ចង់​បានកូន​នោះឡើយ បើទោះបី​ជាមាន​ក្តីសង្ឃឹម​តែ​២៥​ភាគរយ​ក៏ដោយ​។ គាត់​ក៏បាន​សម្រេចចិត្ត​ធ្វើការ​បង្ក​កំណើត​ដោយ​សប្ប​និមិត្ត​កម្ម (IVF) បន្ទាប់ពី​ផ្តាច់ទំនាក់ទំនង​ជាមួយ​គូ​ស្នេហ៍​ចាស់​។​

លង់​ស្នេហ៍​បុរស​អនាមិក​ដែល​ផ្តល់​ស្ពែ​ម​ឲ្យ​ខ្លួន រហូតដល់​ឈានទៅ​រៀបការ​ជាមួយគ្នា​   ​ ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១២ ទារិកា Leila បាន​កើតមក​ប្រកបដោយ​សុខភាព​ល្អ ប៉ុន្តែ Aminah មិន​ចង់​ឲ្យ​កូន​រស់នៅ​ដោយ​គ្មាន​ឪពុក​នោះឡើយ​។ ក្រោយ​ការស្រាវជ្រាវ​តាម​អ៊ី​ន​ធឺ​ណែ​ត​ក្នុង​រយៈពេល​ដ៏​យូរ Aminah រកឃើញ​ភិនភាគ​របស់​អ្នក​ដែល​បានផ្តល់​មេជី​វិត​ដល់​ខ្លួន​។​

​បើតាម​ការផ្សាយ​របស់​វិទ្យុ BBC Radio 5 Live អ្នកស្រី Aminah បាន​ទាក់ទង​ទៅ​គ្លី​និ​ច ហើយ​គ្លី​និ​ច បានផ្តល់​អាសយដ្ឋាន​ទំនាក់ទំនង​របស់ Scott Anderson​។ ក្រោយ​ការឆ្លើយ​ឆ្លង​គ្នា​តាម​អ៊ី​ម៉ែ​ល និង​ការផ្ញើរ​រូបថត​ជាច្រើន​នោះ គេ​មើលឃើញថា លោក Scott និង​ក្មេងស្រី Leila មាន​ទម្រង់​មុខ​ដូចគ្នា​បេះបិទ​។​

​បន្ទាប់មក Aminah និង Scott ណាត់ជួប​គ្នា​។ គ្រាន់តែ​ឃើញ Scott ភ្លាម Aminah ហាក់​មាន​អារម្មណ៍​ច្របូកច្របល់ ហើយ​ក៏បាន​ក្លាយជា​ស្នេហា​កាំរន្ទះ​។ Aminah បាន​អះអាងថា​៖ «Scott និង Leila ត្រូវ​គ្នា​ខ្លាំងណាស់​។ ពួកគេ​បាន​ចេញទៅ​ក្រៅ​ជាមួយគ្នា​ដើម្បី​ទិញ​ទឹកដោះគោ ហើយ​ពេល​ត្រឡប់មកវិញ Scott បាន​យក​ចិញ្ចៀន​ភ្ជាប់ពាក្យ​ទៅជា​មួយ​»​។​

​ក្រោយ​ការភ្ជាប់​ពាក្យ​ដោយ​មិន​បើកចំហរ​រយៈពេល​២​ឆ្នាំ Scott និង Aminah បានសម្រេច​ចិត្ត​រៀបការ​ជាមួយគ្នា​នៅ​តំបន់ Sorrento ក្បែរ​ទីក្រុង​ម៉ែ​ល​ប៊​ន កាលពី​ខែធ្នូ ឆ្នាំមុន​។ Aminah បាន​រៀបរាប់​ពី​ជីវិត​ស្នេហា​របស់ខ្លួន​តាមរយៈ​ស្នាដៃ​សៀវភៅ​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា​៖ «How I Met Your Father»​។​

Aminah បាន​បញ្ជាក់ថា​៖ «​ពួកយើង​ស្រឡាញ់គ្នា​ខ្លាំងណាស់ ហើយ​មនុស្ស​ទាំងអស់​ក៏​រីករាយ​ចំពោះ​សុភមង្គល​របស់​ពួកយើង​ផងដែរ​។ ពេលខ្លះ​យើង​មើលមុខ​គ្នា យើង​និយាយថា បង និង​អូន បាន​ជួបគ្នា​ដោយសារ Leila ហើយ​ក្រោយមក​បាន​រៀបការ​ជាមួយគ្នា​»​។​

Aminah បាន​អះអាងថា ខ្លួន​ប្តេជ្ញា​រក​ឪពុក​ឲ្យ Leila ពីព្រោះ គាត់​មិន​ចង់​ឲ្យ​កូនស្រី មានដំណើរ​ជីវិត​ដូច​ខ្លួន​។ ឪពុក និង​ម្តាយ​របស់ Aminah បាន​បែក​គ្នា​តាំងពី​គាត់​នៅ​តូច ហើយ​បន្ទាប់មក គាត់​បាន​ទៅ​អង់គ្លេស​ដើម្បី​តាមរក​ឪពុក ប៉ុន្តែ​ក្រោយមក​ទើប​តាំង​ថា​ឪពុក​ខ្លួន​បាន​ស្លាប់​ទៅហើយ​៕