អាមេរិក និង ចិន ប្តេជ្ញា​ចាត់​វិធាន​ការ​តឹងរ៉ឹង​រួម​គ្នា​ ដើម្បី​បង្ក្រាប​កូរ៉េខាងជើង

ប្រធានាធិបតី​អាមេរិក លោក Barack Obama និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​យល់​ព្រម​គ្នា នូវ​ការ​អនុវត្តន៍​ឲ្យ​បាន​ពេញ​លេញ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​លើ​កូរ៉េខាងជើង បន្ទាប់​ពី​សកម្មភាព​បង្ក​ហេតុ​របស់​ក្រុង​ ព្យុងយ៉ាង បាន​បាញ់​មីស៊ីល​មួយ​គ្រាប់​ទៀត​ចូល​សមុទ្រ​ជប៉ុន​ភាគ​ខាង​កើត​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ។ មេដឹកនាំ​ប្រទេស ទាំង​ពីរ បាន​ប្ដេជ្ញា​ចិត្ត​ ពង្រឹង​ទំនាក់ទំនង​ជា​មួយ​គ្នា​បន្ថែម​ទៀត​ ដើម្បី​ចូល​រួម​ការ​ដោះ​ស្រាយ​ពី​ការ​គំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ កូរ៉េខាងជើង និង ប្រព័ន្ធ​មីស៊ីល​អន្តរទ្វីប​របស់​ប្រទេស​នេះ។

 

បន្ថែម​ពី​លើ​នេះ​ មេដឹកនាំ​ទាំង​ពីរ ក៏​បាន​ប្តេជ្ញា​ចិត្ត​ ដើម្បី​សម្រេច​ឲ្យ​បាន​ នូវ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ ក្នុង​ឧបទ្វីប​កូរ៉េ។ ចាប់​តាំង​ពី​ខែ​មករា​មក​ ប្រទេស​កូរ៉េខាងជើង​បាន​ធ្វើ​ការ​សាកល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ និង បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ និង ចម្ងាយ​ជិត​ជា​បន្ត​បន្ទាប់​ ដែល​ជំរុញ​ឲ្យ​អាមេរិក ចិន និង ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដាក់​ទណ្ឌ​កម្ម​បន្ថែម​ទៀត​មក​ដល់​ប្រទេស​ដ៏​ឯកោ​មួយ​នេះ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com