មាន​ករណី​ផ្ទុះ​ឧស្ម័ន​ដ៏​ខ្លាំង​មួយ​នៅ​បណ្តុំ​អគារ​ផ្ទះល្វែង​កណ្តាល​ទីក្រុង​ប៉ារីស​

​ប៉ារីស​៖ ប្រភពពី​ប៉ូលិស​បាន​ឲ្យ​ដឹងថា មាន​ហេតុការណ៍​ផ្ទុះ​ឧស្ម័ន​ដ៏​រន្ធត់​មួយ​បានកើត​ឡើង ដោយ​បំផ្លាញ​ជាន់​អគារ​ផ្នែក​ខាងលើ​ចំនួន​បី​ជាន់​រួមទាំង​ដំបូល​អគារ​នៅ​កណ្តាល​ទីក្រុង​ប៉ារីស​នា​ថ្ងៃ​សុក្រ​នេះ ដែល​ក្នុង​ហេតុការណ៍​នោះ​មាន​មនុស្ស​ប្រាំ​នាក់​រងរបួស​ស្រាល​។​

 

​ប៉ូលិស​បាន​បន្តទៀតថា ករណី​ផ្ទុះ​ឧស្ម័ន​នេះ​បាន​កើតឡើង​នៅក្បែរ​សួន​កំសាន្ត​សា​ធា​រណះ​ដ៏​ពេញនិយម​មួយ​ឈ្មោះ Jardin du Luxembourg ដោយបាន​បញ្ជាក់ថា វា​គឺជា​រឿង​ចៃដន្យ  ដោយ​បង្ក​មកពី​ការឆេះ​ឆាប់​ភ្លើង ហើយ​បានធ្វើ​ឲ្យ​ចង្ក្រាន​ដែល​ប្រើ​ហ្គាស​បាន​ផ្ទុះឡើង​តែម្តង​។​

 

​យុវ​សិស្ស​ម្នាក់​សិក្សា​នៅ​វិទ្យាស្ថាន​មុខវិជ្ជា​ធ្វើ​ម្ហូ​ម Ferrandi នៅក្បែរ​កន្លែងកើតហេតុ​បាន​ប្រាប់​សារព័ត៌មាន AFP ថា “​យើង​បានលឺ​សំលេង​ផ្ទុះ​ដ៏​ខ្លាំង​មួយ ហើយ​បានឃើញ​ផ្សែងហុយ​ទ្រលោម​។​”

 

​សាក្សី​ម្នាក់ទៀត​បាន​និយាយ​ប្រាប់ថា កម្លាំង​ផ្ទុះ​បាន​បំផ្លាញ​បង្អួច​និង​ទ្វា​សាលា​ដ៏​ល្បី​មួយកន្លែង​នៅក្បែរនោះ​ផងដែរ​។  

 

​បុគ្គលិក​ម្នាក់​ធ្វើការ​នៅ​វិទ្យាស្ថាន Ferrandi ឈ្មោះ Samir បាន​ឲ្យ​ដឹងថា “​ប្រជាពលរដ្ឋ​មានការ​ភ័យ​ស្លន់ស្លោ ព្រោះ​ខ្លាចក្រែង​ថា​ជា​ករណី​បំផ្ទុះ​គ្រាប់បែក​។​”

 

​កាលពី​រយះពេល​ជាង​បួន​ខែ​មុន ក្រោយពី​មានការ​វាយប្រហារ​ពី​ក្រុម​ចលនា​ជី​ហាដ ក្នុង​រដ្ឋធានី​នៃ​ប្រទេស​បារាំង​កាលពី​ខែ​វិច្ចិកា ដែល​បានសម្លាប់​មនុស្ស​១៣០​នាក់ ដូច្នេះ​អារម្មណ៍​ភ័យខ្លាច​នេះ​បាន​ដក់​ជាប់​យ៉ាងជ្រៅ​សំរាប់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​បារាំង ជាពិសេស​ក្រោយពី​មាន​ករណី​វាយប្រហារ​យ៉ាង​ឃោ​ឃៅ​ក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល​កាលពី​ថ្ងៃទី​២២ ខែ​មិនា ហើយ​រយះពេល​បី​ថ្ងៃ ក្រោយពី​ហេតុការណ៍​នេះ​បាន​កើតឡើង ប្រទេស​បារាំង​បានទទួល​ការ​គំរាម​វាយប្រហារ​ម្តងទៀត​៕ 

Author: ប្រែសម្រួល៖ ថម ហ្គាណាSource: AFP