លួច​ជីក​យក​ដី​រ៉ែ​ បាក់​ដី​សង្កត់​ ស្លាប់​ម្នាក់​ក្នុង​រណ្តៅ ​នៅ​ស្រុក​ភ្នំព្រឹក

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​រណ្តៅ​រ៉ែ​មាស​មួយ​កន្លែង​នៅ​តាម​ព្រំដែន​ដែល​កងទ័ព និង​អាជ្ញាធរ​បាន​ហាមឃាត់​មិន​ឱ្យ​ជីក ព្រោះ​ជា​តំបន់​ប្រទាញប្រទង់​រវាង​កម្ពុជា​និង​ថៃ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ទាំង​បុរស​ដែល​ស្លាប់ និង​គ្នីគ្នា​៣​នាក់​ទៀត បាន​នាំ​គ្នា​លប​លួច​ចូល​ជីក​យក​ដី​រ៉ែ​មាស​បណ្តាល​ឱ្យ​បាក់​ដី​សង្កត់​លើ​ស្លាប់​នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ មេ​សា ។

ចំណុច​កើតហេតុ​នេះ​ស្ថិត​នៅ​ទល់មុខ​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ នួន ទ្រា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​អូរ​ល្ហុង ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ជា​អ្នក​ចុះ​ទៅ​ក្នុង​រណ្តៅ​ដើម្បី​ជីកដី​ច្រក​បាវ ចំណែក​គ្នីគ្នា​៣​នាក់​ទៀត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ចាំ​ទាញ​យោង​ឡើង​លើ ។

ក្រុម​មន្ត្រី​និយាយ​ថា ពួក​គេ​បាន​លួច​ចូល​មក​ជីក​យក​ដី​រ៉ែ​នេះ​នៅ​វេលា​កណ្ដាលអធ្រាត្រ​ចាត់ទុកជា​ការ​ធ្វើ​ដោយ​បំពាន​ការ​ហាមឃាត់​។

ក្រោយ​កើតហេតុ​បាក់​ដី​សង្កត់ ពួក​គេ​ទាំង​៣​នាក់ ដែល​នៅ​ខាងលើ​បាន​ព្យាយាម​កាយ​ដី​ចេញ​ដែរ តែ​ដោយសារ​អាចម៍ដី​ច្រើន​ពេក​កាយ​មិន​អស់អ្នក​នៅ​ក្នុង​រណ្ដៅ​ក៏​ស្លាប់ ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១ មេ​សា ទើប​សមត្ថកិច្ច​និង​អ្នក​ភូមិ​បាន​ចូល​ទៅ​ជួយ​យក​សព​ចេញពី​ក្នុង​រណ្តៅ​នោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត