មន្រ្តីនគរបាលមួយរូប អំពាវនាវ សប្បុរសធម៌ ឲ្យ​ជួយ ក្រោយរស់នៅ គ្មានលលាដ៏ក្បាល

ត្បូងឃ្មុំ៖​ ជីវិតរស់នៅដោយ គ្មានលលាដ៏ក្បាល និងស្លាប់មួយចំហៀងខ្លួន ជិត១០ឆ្នាំ របស់មន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលបំពេញការងារ បានអំពាវស្វែករកសប្បុរស ដែលមានចិត្តជួយ ខណៈដែលខ្លួនក្លាយជា បន្ទុកក្នុងគ្រួសារ ដែលមានឱពុកម្តាយចាស់ជរា។

លោកអនុសេនីយ៍ត្រី ឃួច វ៉េងគ្រី ជាមន្ត្រីនគរបាលមួយរូប ដែលជួបឧប្បទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងកាលពីអំឡុង ឆ្នាំ២០០៩ កាលដែលលោកកំពុងបំពេញបេសកម្ម នៅលើទឹកដីស្រុកពញាក្រែក ខេត្តកំពង់ចាម បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ ។ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ នៃប្រទេសវៀតណាម លោកត្រូវបានក្រុមគ្រូពេទ្យ ធ្វើការវះកាត់លលាដ៏ក្បាល ចំនួន០៨ លើក ដើម្បីធ្វើការព្យាបាល អស់រយះពេលជាច្រើនឆ្នាំ ។

នៅឆ្នាំ២០១៤ ខេត្តកំពង់ចាម ត្រូវបំបែកជាពីរ គឺខេត្តត្បូងឃ្មុំ ដោយលោកមានទីលំនៅ ភូមិផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោកក៏បានផ្ទេរភារកិច្ច មកបំរើការងារ នៅអធិការដ្ឋាន នគរបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាមវិញ ដើម្បីមានភាពងាយស្រួល ក្នុងការព្យាបាលជម្ងឺបន្ត ។

លោកអនុសេនីត្រី ឃួច វ៉េងគ្រី ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀតភ្នំពេញ ធ្វើការវះកាត់ចំនួន ០២លើកទៀត តែជាលទ្ធផល គឺនៅតែដដែល គឺមិនអាចដាក់ លលាដ៏ក្បាល វិញបានឡើយ ។ ក្រុមគ្រួសារបានចំណាយ ទ្រព្យធនថវិកា ក្នុងការព្យាបាលអស់លទ្ធភាព ទើបបង្ខំចិត្តបពា្ឈប់ការព្យាបាល និងមកសម្រាកនៅផ្ទះ។

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ដោយមានការចង្អុលណែនាំពី ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តកំពង់ចាម ចាត់តាំង លោកវរសេនីយ៍ឯក ជា ជាង ស្នងការរង និង ជាប្រធានការិយាល័យកណ្តាល ភស្តុភារ និងហិរញ្ញវត្ថុ ដឹកនាំគណះប្រតិភូ ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលមានជម្ងឺ និងកំពុងសម្រាកព្យាបាល នៅតាមគេហដ្ឋាន និងជូនពរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខនេះ ទើបបានជួបមន្ត្រី នគរបាលរូបនេះ ក្នុងក្តីអាណិតអាសូរ និងភាពសង្វែក និងអារម្មណ៍ ក្តុកក្តួល។

លោកស្នងការ សូមធ្វើការអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលមានសណ្តានចិត្តសប្បុរសធម៌ សូមជួយឧត្ថម្ភ ជាសម្ភារ ថវិកា គ្រឿង ឧបភោគបរិភោគ ដល់លោក ឃួច វ៉េងគ្រី ដែលមានជីវិតរស់នៅ ដោយគ្មានលលាដ៏ក្បាល និងស្លាប់មួយចំហៀងខ្លួន ហើយជាបន្ទុករបស់ ឪពុក ម្តាយ ដែលវ័យចាស់ជរា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត