ព្រហ្ម​មុខ​បួន​ដ៏​ធំ​នឹង បង្ហាញ​នៅ​ក្រុង​ឡូ​វែ​ល សហរដ្ឋអាមេរិក

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៨ មីនា ២០១៦ ប្រធាន​គណៈកម្មការ​ក្រុង​ខ្មែរ​ឡូ​វែ​ល រដ្ឋ​ម៉ាសា​ឈូ​សេត សហរដ្ឋអាមេរិក បាន​រៀបចំ​ពិធី​អភិសេក ព្រះ​សិរ​ព្រហ្ម​បាយ័ន ទម្ងន់​៩​តោន កម្ពស់​៣​ម៉ែត្រ ទំហំ​១​ម៉ែត្រ​កន្លះ ធ្វើ​អំពី​ថ្មភក់ តម្លៃ​៨​ម៉ឺន​ដុល្លារ នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប ។ ពិធី​នោះ​មានការ​ចូលរួម​ពី​អ្នកស្រី ផ​ល្លី ពង្ស​ល​ក្ខិ​ណា​សាធុកា ប្រធាន​គណៈកម្មការ​ក្រុង​ខ្មែរ​ឡូ​វែ​ល រដ្ឋ​ម៉ាសា​ឈូ​សេត សហរដ្ឋអាមេរិក ព្រមទាំង​អ្នកក្រុង​សៀមរាប​ជា​ច្រើន​នាក់ ។

អ្នកស្រី​ផ​ល្លី ពង្ស​ល​ក្ខិ​ណា​សាធុកា ឱ្យ​ដឹង​ថា អ្នកស្រី​នឹង​នាំ​យក​ព្រះ​សិរ​ព្រហ្ម​បាយ័ន​ដែល​ជា​តំណាង​អត្តសញ្ញាណ និង​វប្បធម៌​ប្រពៃណី​ខ្មែរ​យើង​ទៅ​តម្កល់​ទុក​នៅ​ទីក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ាសា​ឈូ​សេត ទុក​ឱ្យ​ជនរួមជាតិ​ខ្មែរ​រស់នៅ​ទីនោះ​ប្រមាណ​ជាង​៤​ម៉ឺន​នាក់​ទស្សនា​ឈ្វេងយល់​ពី​អរិយធម៌ វប្បធម៌ ប្រពៃណី​ខ្មែរ និង​គោរព​បូជា​។ លើស​ពី​នេះ​ដើម្បី​ផ្សព្វផ្សាយ​ពី​រូបចម្លាក់​ព្រហ្ម​បាយ័ន​ដល់​ជនជាតិ ដទៃ​ៗ​ទៀត លើ​សាកលលោក​បាន​ស្គាល់​សម្បត្តិ​វប្បធម៌​ខ្មែរ ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ឱ្យទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​របស់​យើង​ផ្ទាល់ ។

រូបចម្លាក់​ព្រះ​សិរ​ព្រហ្ម​បាយ័ន​នេះ​នឹង​យក​ទៅ​តម្កល់​នៅ​មុន​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ទីកន្លែង​សាធារណៈ​កណ្តាល​ក្រុង​ឡូ​វែ​ល ដើម្បី​ទុកជា​តំណាង​អត្តសញ្ញាណ​ជាតិខ្មែរ​របស់​យើង​។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ជនរួមជាតិ​ខ្មែរ​រស់នៅ​ក្នុង​ទីក្រុង​ឡូ​វែ​ល​នាំ​យក​អត្តសញ្ញាណ និង​វប្បធម៌​របស់​ជាតិ​ខ្លួន​ទៅ​បង្ហាញ​ឱ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​បាន​សិក្សា​ឈ្វេងយល់​ពី​តម្លៃ​ប្រពៃណី​វប្បធម៌​ដែល​ដូនតា​យើង​ទាំងអស់់​គ្នា​បាន​បន្សល់​ទុក​យូរ​មក​ហើយ ។

ទៅ​ថ្ងៃ​អនាគត​អ្នកស្រី ផ​ល្លី ពង្ស​ល​ក្ខិ​ណា សាធុការ​ឱ្យ​ដឹង​ថា​នឹង​រៀបចំ​ធ្វើ​ភូមិ​ខ្មែរ​មួ​​យ​ទៀត​នៅ​ទីនោះ ដោយ​បង្កើត​រូបសំណាក និង​ផលិតផល ផ្សេង​ៗ ជា​ស្នាដៃ​របស់​កូន​ខ្មែរ​សម្រាប់​ទេសចរ​ទស្សនា​ឈ្វេងយល់ ។

អ្នកស្រី​ផ​ល្លី ពង្ស​ល​ក្ខិ​ណា សាធុកា​បាន​ថ្លែងអំណរគុណ​ដល់​ជនរួមជាតិ​ខ្មែរ​នៅ​ក្នុងស្រុក និង​នៅ​ក្រុង​ឡូ​វែ​ល ដែល​បាន​គាំទ្រ និង​ផ្តល់​កម្លាំងចិត្ត​ឱ្យ​នាំ​យក​រូបចម្លាក់​ព្រះ​សិរ​ព្រហ្ម​មុខ​បួន​យក​ទៅ​តម្កល់​ទុក​នៅ​ក្រុង​ឡូ​វែ​ល ៕