ក្បួនងាយៗ ដើម្បីសម្រក ខ្លាញ់ក្បាលពោះ

សុខភាព៖ ញ៉ាំអាហារពេលព្រឹកៈ វាប្រហែលជាបណ្តាលឲ្យ មានឥទ្ធិពលអាក្រក់ច្រើន បើសិនជាអ្នកមិនព្យាយាម សម្រកទម្ងន់ទេនោះ ប៉ុន្តែ ការសិក្សាបានឲ្យដឹងថា ការញ៉ាំអាហារពេលព្រឹក នៅរយៈពេលមួយម៉ោង ក្រោយភ្ញាក់ពីគេង នឹងធ្វើឲ្យកម្រិតអាំងស៊ុយលីន ត្រៀមខ្លួនរួចជាស្រេច សម្រាប់ជួយបន្ថយ កម្រិតកូឡេស្តេរ៉ុលអាក្រក់ (LDL) ក្នុងឈាមបាន។

-ចូរញ៉ាំអាហារពេលព្រឹក នៅម៉ោងដដែលជារៀងរាល់ថ្ងៃ។ បើសិនជាអ្នកចង់គេងយូរ នៅថ្ងៃចុងសប្តាហ៍ ចូរញ៉ាំអាហារឲ្យបានលឿនទៅ ពេលភ្ញាក់ពីគេងហើយ។

-ចូរជ្រើសរើសអាហារ សម្បូរប្រូតេអ៊ីន និងមានជាតិសរសៃខ្ពស់ (ស៊ុត ផ្លែឈើស្រស់ និងបន្លែ) ព្រោះវានឹងជួយ រំលាយអាហារ កាន់យូរជាងអាហារផ្សេងៗទៀត។

-ចៀសវាងការញ៉ាំនំផ្អែម ដូចជា នំខេក។

បំបាត់ស្ត្រេសៈ ការសិក្សាស្រាវជ្រាវ បានបញ្ជាក់ថា ការបញ្ចេញសារធាតុ Cortisol (អ័រម៉ូនដែលរាងកាយ បញ្ចេញនៅពេលស្ត្រេស) មានការទាក់ទងនឹងការកើនឡើង ជាតិខ្លាញ់នៅក្បាលពោះ។ វិធីសាស្ត្រមួយចំនួន ដើម្បីបំបាត់ស្ត្រេសបានមាន ដូចជា ៖

-គេងគ្រប់គ្រាន់។ ភាគច្រើន មនុស្សពេញវ័យ ត្រូវការគេងយ៉ាងហោចណាស់ ៧ម៉ោងជារៀងរាល់យប់។
-បង្កើតពេលវេលាដើម្បីសម្រាក។ ទោះបីជាអ្នកមានពេលវេលាតែ ១៥ នាទី ដើម្បីញ៉ាំអាហារថ្ងៃត្រង់ក៏ដោយ ក៏គួរតែឆ្លៀតពេល ដើម្បីបិទភ្នែក ដកដង្ហើមជ្រៅៗ និងបំភ្លេចនូវអ្វី ដែលធ្វើអ្នកបារម្ភទៀតទៅ។

ដើរ ១០,០០០ ជំហានក្នុងមួយថ្ងៃៈ ការសិក្សាមួយបានឲ្យដឹងថា កាលណាបុរសកាត់បន្ថយការដើរពី ១០,០០០ ទៅ ១,៥០០ ជំហាន (គ្មានការផ្លាស់ប្តូររបបអាហារ) ជាតិខ្លាញ់នៅក្នុងពោះ (ខ្លាញ់ក្បាលពោះ) នឹងកើនឡើងរហូតដល់ ៧ ភាគរយ ក្រោយពីធ្វើបែបនេះបាន ២ សប្តាហ៍។

-ចូរព្យាយាមបង្កើនជំហាន នៃការដើរជារៀងរាល់ថ្ងៃ
-ចូរឡើងកាំជណ្តើរ ជំនួសការឡើងជំណ្តើរយន្ត និងដើរជំនួសការជិះរថយន្ត
-ចូរងើបឈរ និងដើរឲ្យបាន ៣០ ជំហានជារៀងរាល់ ៣០ នាទី។ បើសិនជាអ្នក មានការងារដែលត្រូវអង្គុយច្រើន ចូរកុំភ្លេចដើរ នៅលើម៉ាស៊ីនរត់ផង។

ញ៉ាំទឹកច្រើនៈ ការញ៉ាំទឹកច្រើននៅពេលថ្ងៃ អាចជួយបង្កើនការ រំលាយអាហារបាន។ ការញ៉ាំទឹកកាន់តែច្រើន ក៏ជួយរាងកាយច្រោះជាតិពុល និងពង្រឹងដល់សុខភាព ទូទៅបានដែរ។

-ចូរញ៉ាំទឹក ៨ កែវ ក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ
-កាន់ដបទឹកជាប់ខ្លួន គ្រប់ពេលដែលអ្នក មានអារម្មណ៍ស្រេកទឹក
-ចូរយល់ដឹងថា ពេលណាទើបអ្នក មានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់។ អ្នកនឹងដឹងថា អ្នកបានញ៉ាំទឹកគ្រប់គ្រាន់ នៅពេលអ្នកមើលឃើញ -ទឹកនោមពណ៌ថ្លា។ បើសិនជាវានៅតែលឿង អ្នកគួរតែផឹកទឹកបន្ថែម។
-កាត់បន្ថយគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិផ្អែម៕

ក្បួនងាយៗ ដើម្បីសម្រក ខ្លាញ់ក្បាលពោះ

ប្រភព៖ គេហទំព័រ www.health.com.kh