មន្ទីរ​ទេសចរណ៍​ខេត្ត​ ចុះ​ពង្រឹងគុណភាព​វិស័យ​ទេសចរណ៍​ នៅមុន​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​

មន្ទីរ​ទេសចរណ៍​ខេត្ត​ ចុះ​ពង្រឹងគុណភាព​វិស័យ​ទេសចរណ៍​ នៅមុន​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​



ស្ទឹងត្រែង​ ៖ ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​តំបន់​អេកូ​ទេសចរណ៍​នៅ​តាម​រមណីយដ្ឋាន​ក្នុង​ខេត្តស្ទឹងត្រែង​ថ្ងៃ​០១ ​ខែមេសា ​ឆ្នាំ​២០១៦​ មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​ធ្វើ​ការណែនាំ ដល់​សហគមន៍​អេកូ​ទេ​ស​ចរណ៍ នៅក្នុង​ខេត្ត​ឲ្យ​រៀបចំ​ដំឡើង​តូប​កម្សាន្ត នៅ​តាម​រមណីយដ្ឋាន​នីមួយៗ ធ្វើ​យ៉ាង​ណា​ឲ្យ​មា​ន​គុណ​ភាព ដើម្បី​ធានា​សុវត្ថិភាព​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មកលេង​បាន​ច្រើន ក្នុង​ឱកាស​បុ​ណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​យើង ឈាន​ចូល​មកដល់​នៅ​ថ្ងៃ​ទី​១៣​ ខែ​មេសា ខាងមុខនេះ។​

លោក ​អ៊​ន់ ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បាន​បញ្ជាក់​ថា​ ដៃគូ​អភិវឌ្ឍន៍​ និង​សហគមន៍​ត្រូវតែ​រៀបចំ​កន្លែង​កម្សាន្ត​នៅ​រមណីយដ្ឋាន ​«​កោះ​ខ្សាច់​សេកុង​-​អូរ​ចាប​-​និង​បុប្ផា​ភ្លុក​» ​ឲ្យ​មាន​តូប​អ​ង្គុយ​កម្សាន្ត​ច្រើន​ឧបករណ៍​ជិះ​លើក​ទឹក ម្ហូបអាហារ​មាន​អនាម័យ ទៅតាម​សេវា​កំណត់ កន្លែង​លែង​កីឡា​កន្លែង​រាំ​កម្សាន្ត ​និង​ការ​ប្រគំ​តន្ត្រី​បន្ថែម​ទៀត ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​គាំទ្រ​ទីក​ន្លែង​កម្សាន្ត​របស់​យើង។​

លោក​​ប្រធាន​មន្ទីរ​បាន​ណែនាំ​ឲ្យ​ដៃគូ​អភិវឌ្ឍន៍ និង​មន្ត្រី​សហគមន៍​សំខាន់​តូប​ស្នាក់​កម្សាន្ត​ធ្វើ​ឲ្យ​មា​ន​គុណភាព និង​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព ជូន​ភ្ញៀវ​មកលេង​ទឹក​នៅ​តាម​ទីកន្លែង​នីមួយៗ មាន​លក្ខណៈ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ អញ្ចឹង​ក្នុងនាម​ជា​ស្ថាប័ន​ជំនាញ បាន​ធ្វើ​ការអប់រំ​​ ណែនាំ​យើង​ឲ្យ​​ចុះ​ផ្ទាល់​ដល់ទី​កន្លែង​តែម្តង​គី​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នេះ គឺ​សំណូមពរ​ឲ្យ​អ្នក​រៀបចំ​គឺ​ធ្វើ​យ៉ាងម៉េច​ពាក់ព័ន្ធ​ការ​ពង្រឹង​ ការរៀបចំ ​កញ្ចុះ​លំហែ​កាយ​​ឲ្យ​រឹងមាំ​ល្អ​ ដើម្បី​ថែរក្សា​សុវត្ថិភាព​ភ្ញៀវ​ទេសចរ ក្រៅពី​ហ្នឹង​ទៀត​ពាក់ព័ន្ធ​សេវា​ឈ្មោះ នៅក្នុង​រមណីយដ្ឋាន​មួយៗ យើង​គិត​ពី​គុណភាព​នៃ​ម្ហូបអាហារ ពី​សុវត្ថិភាព​ចំណីអាហារ​សម្រាប់​ការ​រៀប​ចំ​លក់​ផ្តល់​ឲ្យ​ភ្ញៀវ​ទេសចរ ហើយ​នៅ​ក្នុង​នេះ​ផង​ទៀត​ពាក់ព័ន្ធ​លើ​រឿង ​ថែរក្សា​គុណភាព និង​អនាម័យ​បរិស្ថាន​នៅ​ក្នុង​រមណីយដ្ឋាន​របស់​យើង ប្រកបដោយ​ភាព​ស្អាត ភាព​បៃតង ដើម្បី​លើក​កម្ពស់​​ពី​គុណភាព​បដិសណ្ឋាកិច្ច​ទេសចរណ៍​ផង​ដែរ ។​

លោក ​ទួន ​ថាំង ​អ្នក​រៀបចំ​សហគមន៍​អេកូ​ទេសចរណ៍​អូរ​ចាប​ ក្នុង​ឃុំ​ភ្លក់ ​ស្រុក​សេសាន​ បាន​បញ្ជាក់​ថា ​ការរៀបចំ​តូប​កម្សាន្ត​នៅ​ឆ្នាំនេះ មាន​ចំនួន​កើនឡើង​ច្រើនជាង​ឆ្នាំមុន ដូចជា​នៅ​រមណីយដ្ឋាន​បុប្ផា​ភ្លុក មាន​ជាង​៥០០​តូប នៅ​កោះ​ខ្សាច់​ជាង​១០០​តូប និង​នៅ​រមណីយដ្ឋាន​អូរ​ចាប​មាន​ចំនួន​១២​០​តូប​។​

លោក​អះ​អាង​ថា​ សហគមន៍​ទេសចរណ៍​រីករាយ​នឹង​ចូលរួម​គ្រប់​សកម្មភាព និង​អនុវត្ត​តាម​ការ​ណែ​នាំ​ ដើម្បី​ជួយ​ថែរក្សា​បរិស្ថាន​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​កុំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​ដំណើរ​នៅ​តាម​រមណីយដ្ឋាន​ បើ​និយាយ​ពី​ការរៀបចំ​តូប​នេះ​គឺ​ធានា​១០០% ព្រោះ​យើង​មានបទពិសោធន៍​ប៉ុន្មាន​ឆ្នាំ​មក​ហើយ យើង​រៀប​ដំបូង​វា​អត់​មានបទពិសោធន៍ វា​អាច​ដួល ​វា​អាច​អី​ខ្លះ ឥឡូវ​មាន​បទ​ពិ​សោធន៍​យើង​វៃ​បង់បាញ់​អី​ទៅ គេ​អាច​អង្គុយ​ អាច​រាំ​អី​ បាន​ទាំងអស់ ព្រោះ​អី​ឥឡូវ​យើង​ធ្វើ​មុនដំបូង​ដាក់​ឈើ​រាង​រង្វើល​បន្តិច ឥឡូវ​ដាក់​ញឹក​ជាង​មុន វា​អាច​មាំ​ជាង​មុន​។​

លោកស្រី ​ថន​ គឹម​ពៀង ​លក់ដូរ​ចំណីអាហារ​នៅ​រមណីយដ្ឋាន​អូរចាប​ បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ ដែល​បង្កើត​តំបន់​អេកូ​ទេសចរណ៍​កម្សាន្ត​នៅ​ជិត​ភូមិ-​ឃុំ​មាន​ភ្ញៀវ​មកលេង​ស្រួល​មិនបាច់​ធ្វើដំណើរ​ទៅ​ឆ្ងាយ​ចំណាយ​ថវិកា​ច្រើន​ ហើយក៏​កាត់បន្ថយ​បាន​នូវ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ថែមទៀត។

លោកស្រី​បញ្ជាក់​ថា​ ​ពួកគាត់​ក៏​ស្ម័គ្រ​ចិត្ត​ចូលរួម​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នេះ​ដែរ​ តាមរយៈ​ការ​ថែរក្សា​បរិស្ថាន​លក់​ចំណីអាហារ​មាន​អនាម័យ​តម្លៃ​សមរម្យ​ ពីព្រោះ​តំបន់​ទេសចរណ៍​មាន​ប្រ​យោ​ជន៍​ដល់​ពួកគាត់​លក់ដូរ ​ទទួល​បាន​ប្រាក់ចំណូល​ពេល​មាន​ភ្ញៀវ​មកលេង​ជា​រៀងរាល់ថ្ងៃ ​ពិសេ​ស​នៅ​រដូវ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​យើង​ខាងមុខ​បន្ថែម​ទៀត​។​

សូម​បញ្ជាក់​ថា ​ខេត្តស្ទឹងត្រែង​មាន​តំបន់​ទេសចរណ៍ធម្មជាតិ​ និង​វប្បធម៌​សំខាន់ៗ ដូច​ជា​តំបន់​ប្រា​សាទ​ព្រះ​គោ​ អន្លង់​ផ្សោត​ ព្រះ​រំកិល​ និង​រមណីយដ្ឋាន​កោះ​ខ្សាច់​-​បុប្ផា​ភ្លុក​-​អូរ​ចាប ដែល​ភ្ញៀវ​ទេស​ចរ​កំពុង​ពេញនិយម​មកលេង​កម្សាន្ត ដែល​ក្នុង​ឆ្នាំ​២០១៥​មាន​ភ្ញៀវ​ជាង​២៩០០០​ម៉ឺន​នាក់។ ដោយ​ឡែក​ចូលឆ្នាំ​ប្រពៃណី​ចិន​-វៀតណាម​កន្លងមក​ថ្មីៗ​នេះ​ ក៏​ទទួលភ្ញៀវ​មកលេង​បាន​ជាង​១​ម៉ឺន​នាក់​ផង​ដែរ៕

មន្ទីរ​ទេសចរណ៍​ខេត្ត​ ចុះ​ពង្រឹងគុណភាព​វិស័យ​ទេសចរណ៍​ នៅមុន​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​

មន្ទីរ​ទេសចរណ៍​ខេត្ត​ ចុះ​ពង្រឹងគុណភាព​វិស័យ​ទេសចរណ៍​ នៅមុន​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​

មន្ទីរ​ទេសចរណ៍​ខេត្ត​ ចុះ​ពង្រឹងគុណភាព​វិស័យ​ទេសចរណ៍​ នៅមុន​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​

មន្ទីរ​ទេសចរណ៍​ខេត្ត​ ចុះ​ពង្រឹងគុណភាព​វិស័យ​ទេសចរណ៍​ នៅមុន​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​

មន្ទីរ​ទេសចរណ៍​ខេត្ត​ ចុះ​ពង្រឹងគុណភាព​វិស័យ​ទេសចរណ៍​ នៅមុន​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​