ភ្នំ​បុរាណ​ នៅ​ក្នុង​ស្រុក​ព្រះនេត្រព្រះ ​ស្ទើរ​រាប​ដល់​ដី​ទៅ​ហើយ ​ដោយសារ​ស្នាដៃ​មេទ័ព​ម្នាក់

ភ្នំ​បុរាណ​ នៅ​ក្នុង​ស្រុក​ព្រះនេត្រព្រះ ​ស្ទើរ​រាប​ដល់​ដី​ទៅ​ហើយ ​ដោយសារ​ស្នាដៃ​មេទ័ព​ម្នាក់

បន្ទាយមានជ័យ​ ៖​ ភ្នំ​បុរាណ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ ស្ទើរ​តែ​រាប​ដល់​ដី​ទៅ​ហើយ​ដោយសារ​ស្នាដៃ​អស់​លោក​ធំៗ ​ដែល​មាន​អំណាច​ បាន​លួច​ឃុបឃិត​គ្នា​ជីក​យក​ថ្ម​ និង​ដី​ទៅ​លក់​បែប​អានាធិបតេយ្យ។ ប៉ុន្តែ​គ្មាន​អស់​លោក​ណា​ហ៊ាន​ចេញមុខ​ទៅ​ទប់ស្កាត់​ឡើយ ​ទំនងជា​គេ​ចង់ឲ្យ​ភ្នំ​បុរាណ​ទាំង​នោះ ​រាប​ដល់​ដី​ ទើប​គេ​សប្បាយ​ចិត្ត​​មើល​ទៅ។

ចំពោះ​ភ្នំ​បុរាណ​ ដែល​គេ​កំពុង​កាយ​យក​ថ្ម​ និង​​​ដី​លក់​នោះ​ គឺជា​ភ្នំ​ស្រេះ ​ស្ថិតនៅ​ក្នុងស្រុក​ព្រះនេត្រព្រះ​, ភ្នំ​កង​វ៉ា,​ ភ្នំ​បាក់, ​ភ្នំ​ស្វាយ​ ស្ថិត​នៅ​ក្នុង ​ក្រុង​សិរីសោភ័ណ ហើយ​ជា​ស្នាដៃ​របស់​លោក​មេ​បញ្ជាការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​ ដែល​ភាគច្រើន​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ។

តាម​ការ​លើក​ឡើង​របស់​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ​​​​ភ្នំ​បុរាណ​ទាំង​នោះ​​ គឺ​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​ ដែល​មាន​តាំងពី​ដូនតា​មក​ម្ល៉េះ​ ឥឡូវ​ចង់​រាប​ដល់​ដី​ជា​បណ្តើរ​ៗ​ហើយ​ មិន​ដឹង​ជា​ពេលណា​ទើប​ថ្នាក់លើ​ចេញមុខ​ទៅ​ទប់ស្កាត់​នោះ​ទេ។

ពលរដ្ឋ​លើក​ឡើង​​ទៀត​ថា​ ​ទី​ណា​មាន​ការ​កសាង​ផ្លូវ​ គឺ​នៅ​ទីនោះ​​​ត្រូវតែ​រលាយ​ភ្នំ​ ហើយ​​ក្រៅពី​ភ្នំ​ដូច​បាន​រៀបរាប់​ខាង​លើ​​ ​ក៏​នៅ​មាន​ភ្នំតូច ​ភ្នំ​ធំ​ និង​បណ្ដា​​ភ្នំ​ឯ​ទៀត​ផង​ដែរ​ ដែល​បាន​រងគ្រោះ​ដោយសារ​ស្នាដៃ​ពពួក​ក្រុម​ឈ្មួញ​ខិលខូច។

ពលរដ្ឋ​ជា​ច្រើន​ បាន​សំណូមពរ​ដល់​ក្រសួង​រ៉ែ និង​ថាមពល​ ក៏​ដូច​​ចៅហ្វាយខេត្ត​ មេត្តា​ជួយ​មើល​ផង​ ពុំ​ដូច្នោះ​ទេ ​ភ្នំ​ទាំង​នោះ​វា​ច្បាស់​ជា​​​រាប​ដល់​ដី​ជា​មិន​ខាន​ឡើយ។ ចំពោះ​​ករណី​នេះ ​ក៏​មាន​អ្នក​សារព័ត៌មាន​​ជា​ច្រើន​នាក់ ​បាន​លើកគ្នា​ទៅ​ថត​យក​រូបភាព​ស្ដីពី​ការ​កាយ​ភ្នំ​នោះ​ដែរ​ តែ​ត្រូវ​បាន​ជន​បង្ក​យក​លុយ​ទៅ​ជូន​ភ្លាមៗ​ ហើយ​ព្រមាន​ថា​ឲ្យ​លុយ​ហើយ​ ហាម​ផ្សាយ​ឲ្យសោះ​​ប្រយ័ត្ន​មាន​រឿង​ដល់​ខ្លួន។

លោកភ្លន់​ តារា​មេបញ្ជាការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​តាម​ទូរស័ព្ទ​ថា​លោក​បាន​ផ្អាក​ការ​កាយ​ដី​ភ្នំ​ស្រេះ​នៅ​ឯ​ស្រុក​ព្រះនេត្រព្រះ​ហើយ​ គឺ​លោក​ធ្វើ​សកម្មភាព​កាយ​ដី​ភ្នំ​បាន​តែ​បួន​ទៅ​ដប់​ថ្ងៃ​ប៉ុណ្ណោះ ​ហើយ​ក៏​ផ្អាក​រហូត​មក​ដល់​ពេល​នេះ​តែ​ម្ដង។ លោក​ថា ​ឯ​ភ្នំ​ផ្សេង​ទៀត​នោះ​គឺ​លោក​មិន​បាន​កាយ​តទៅ​ទៀត​ទេ៕