iPhone5ឆក់​យក​ជីវិត​យុវជន​ម្នាក់​ ពេល​កំពុង​សាក​ថ្ម​

iPhone5ឆក់​យក​ជីវិត​យុវជន​ម្នាក់​ ពេល​កំពុង​សាក​ថ្ម​



ភ្នំពេញ ៖ យុវជន​វ័យ​១៩​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​ចរន្ត​អគ្គិសនី​ឆ្លងតាម​ទូរស័ព្ទ​ដៃ​ឆក់​ស្លាប់ ខណៈ​ពេល​រូបគេ​គេង​លេង​ទូរស័ព្ទ​ដែល​កំពុងតែ​សាក​ថ្ម​ ធ្វើ​ឲ្យ​ចរន្ត​អគ្គិសនី​ឆ្លង​មក​ប៉ះ​ដៃ​ក៏​របូត​ធ្លាក់​មក​លើ​ដើមទ្រូង​ឆក់​តែម្ដង។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១និង​៣០​នាទី​យប់​ ថ្ងៃ​ទី០១ ខែ​មេសា​ ឆ្នាំ​២០១៦ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ផ្លូវ​បេតុង ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ។​

យុវជន​រងគ្រោះ​មានឈ្មោះ ​ហ៊ាង ហ័​រ​ ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ ​មុខរបរ​ជា​អ្នក​បើក​រថយន្ត​ដឹក​ទឹក​ក្រូច​ក្រុមហ៊ុន​កូ​កា​ដាក់​ម៉ូយ ​ក្នុង​រាជធានី​ភ្នំពេញ ​ស្នាក់នៅ​ផ្ទះ​ជួល​ផ្លូវ​បេតុង​ ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ។

ប្រភព​ពី​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​ នៅ​ល្ងាច​ថ្ងៃ​ទី​០១​ខែ​មេសា​នេះ ជន​រងគ្រោះ​ក៏បាន​ទិញ​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​ ក្នុង​តម្លៃ​ជិត​២០០​ដុល្លារ ខណៈ​រូបគេ​ទិញ​បាន​ ក៏​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ រួច​យក​មក​ដោត​សាក​ភ្លើង​ចោល​ ហើយ​គេ​ក៏​ដោះ​សំលៀកបំពាក់​ រួច​ចូល​ងូតទឹក ​ក្រោយពី​ងូតទឹក​រួច ​គេ​ចូល​ទៅ​យក​ទូរស័ព្ទ​ដៃ​ដែល​កំពុងតែ​សាក​ថ្ម​ដេក​ចុច​លេង​ ខណៈ​នោះ​ទូរស័ព្ទ​បាន​ឆ្លង​ចរន្ត​អគ្គិសនី​មក​ប៉ះ​ដៃ​ ហើយ​ក៏​របូត​ធ្លាក់​មក​លើ​ដើមទ្រូង​ឆក់​បណ្ដាល​ឲ្យ​ស្លាប់​។ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ស្មាន​តែ​ជនរងគ្រោះ​មិនទាន់​ស្លាប់ ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត លុះ​ដឹក​ដល់​មន្ទីរពេទ្យ​ លោកគ្រូ​ពេទ្យ​បាន​បញ្ជាក់​ប្រាប់​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​បង់ជីវិត​ទៅ​ហើយ​ រួច​ក៏​ដឹក​យក​មក​ផ្ទះ​វិញ​។​ បច្ចុប្បន្ន​ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​តម្កល់​ទុក​នៅ​វត្ត​ទួល​សង្កែ​ ធ្វើបុណ្យ​តាម​ប្រពៃណី​៕
iPhone5ឆក់​យក​ជីវិត​យុវជន​ម្នាក់​ ពេល​កំពុង​សាក​ថ្ម​

iPhone5ឆក់​យក​ជីវិត​យុវជន​ម្នាក់​ ពេល​កំពុង​សាក​ថ្ម​