ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ ដាក់​កម្លាំង​ចាប់​ម៉ូតូ​ដែល​បើកបរ​បញ្ច្រាស​ទិស​

ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ ដាក់​កម្លាំង​ចាប់​ម៉ូតូ​ដែល​បើកបរ​បញ្ច្រាស​ទិស​



ភ្នំពេញ ៖ ដោយសារតែ​ឃើញ​អ្នកបើកបរ​ម៉ូតូ​មួយ​ចំនួន​ចូល​ចិត្ត​បើកបរ​បញ្ច្រាស​ទិស​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​មក​នោះ លោក​អនុសេនីយ៍ឯក​ ម៉ៅ សាវឿន​ ប្រធាន​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ក៏បាន​ដាក់​កម្លាំង​ចាំ​ចាប់​យក​ទៅ​ផាក​ពិន័យ ​ដើម្បី​ឲ្យ​ពួកគាត់​រាងចាល។

លោក ម៉ៅ សាវឿន បាន​មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​នាំ​ឲ្យ​លោក​ដាក់​កម្លាំង​ចុះ​ចាប់​ម៉ូតូ​ដែល​បើកបរ​បញ្ច្រាស​នេះ​ ព្រោះ​បើ​ពុំ​ធ្វើ​ដូច្នេះ​ គឺ​ពួកគាត់​អត់​ខ្លាច និង​ពុំ​រាងចាល​ឡើយ ហើយ​ដែល​សំខាន់​នោះ​ គឺ​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​តែម្ដង។

លោក​ប្រធាន​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា​ កម្លាំង​ប៉ូលិស​របស់​លោក​បាន​ចុះ​ចាប់​ម៉ូតូ​ដែល​បើកបរ​បញ្ច្រាស​ទិស​នោះ​ គឺ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត​ ដែល​ទើប​ស្ថាបនា​រួច​ថ្មីៗ​ ហើយ​មាន​ដាក់​សួនច្បារ​នៅ​ចំ​កណ្ដាល ​ដែល​ពី​ដើម​មក​ មិន​ដែល​មាន​ទេ​។​

លោក​មេ​ប៉ុស្តិ៍​បាន​បន្ត​ថា​ អ្នកបើកបរ​បញ្ច្រាស​ទិស​ ដោយសារ​គាត់​ចេញ​ពី​ផ្ទះ​មក​ផ្លូវ​មុនី​រ៉េត​មិន​ចង់​បើកបរ​ស្រប​ទិស​ឲ្យ​ផុត​សួនច្បារ​ដែល​មាន​ផ្លូវ​ពុះ​កណ្តាល​នោះ​ទេ ​គឺ​ពួកគាត់​នាំគ្នា​ជិះ​បញ្ច្រាស​ទៅ​រក​ផ្លូវ​កណ្ដាល​ដែល​នៅ​ជិត​ ទើប​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​ពេល​ដែល​ប៉ូលិស​មិន​ចុះ​ចាប់​ ឬ​បញ្ជា​ចរាចរណ៍​នោះ​។

ចំពោះ​ម៉ូតូ​ដែល​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​នោះ​ សមត្ថកិច្ច​បាន​ធ្វើការ​ផាក​ពិន័យ​ដោយមាន​ចេញ​វិក្កយបត្រ​ត្រឹមត្រូវ ​ពុំ​មែន​ហុច​លុយ​ឲ្យ​ក្រៅ ​រួច​ជិះ​បញ្ច្រាស​ទិស​នោះ​ទៀត​ទេ​។​ ចំពោះ​អ្នក​បើកបរ​បញ្ច្រាស​ទិស ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​២.៥០០០​រៀល​ ដើម្បី​ឲ្យ​ពួកគាត់​រាងចាល ​ហើយ​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​៕
ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ ដាក់​កម្លាំង​ចាប់​ម៉ូតូ​ដែល​បើកបរ​បញ្ច្រាស​ទិស​