ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន បុក​គ្នា​ស្លាប់​ម្នាក់ និង​រង​របួស​២​នាក់​

ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន បុក​គ្នា​ស្លាប់​ម្នាក់ និង​រង​របួស​២​នាក់​



ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​រង​របួស​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ និង​ម៉ូតូ ​បើក​បុក​គ្នា កាលពី​វេលា​ម៉ោង​៨​យប់ ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦​នៅ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ប៉ូលិស​និយាយ​ថា សាកសព​ជន​រង​គ្រោះ​មាន​​ឈ្មោះ ផាន់ ហើ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខ​របរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ថ្ម​ពាន ឃុំ​អង្គ​តា​សួរ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅមុន​ពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​២​នាក់​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​វ៉េវ RX​ ពាក់​ស្លាក​លេខ ភ្នំពេញ​1CL1322 តាម​បណ្ដោយ​ផ្លូវ​លេខ​១០១៩ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​នោះ​ជនរងគ្រោះ​(​សព​)​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​1B4189 តែ​ម្នាក់​ឯង ​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន ក៏​ត្រូវ​ម៉ូតូ​ម៉ាក​វ៉េវ បើក​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​តែម្ដង​។ ចំណែក​ឯ​ជន​បង្ក​រង​របួស​ស្រាល តែ​នៅ​ពេល​ឃើញ​ស្ថានភាព​មិនល្អ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ​ក៏​រត់​គេច​ខ្លួន​បាត់​ បន្សល់ទុក​ចោល​ម៉ូតូ​នៅ​កន្លែង​កើតហេតុ។

ក្រោយមក ​ប៉ូលិស​បាន​រឹបអូស​ម៉ូតូ​ទាំង​២​គ្រឿង​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ ចំណែក​ឯ​សាកសព​បាន​ប្រគល់​ជូន​គ្រួសារ​ជនរងគ្រោះ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕