រដ្ឋ​សភា​ជាតិ ​នឹង​មិន​លើក​យក​រឿង​អាស្រូវ​របស់​លោក​កឹម សុខា ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​៤​មេសា​ទេ

រដ្ឋ​សភា​ជាតិ ​នឹង​មិន​លើក​យក​រឿង​អាស្រូវ​របស់​លោក​កឹម សុខា ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​៤​មេសា​ទេ



ភ្នំពេញ ​៖​ រដ្ឋស​ភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងមិន​លើកយក​រឿងអាស្រូវ​ស្នេហា​របស់លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ពិភាក្សា​នៅក្នុង​សម័យប្រជុំ​នា​ថ្ងៃ​ទី​៤ ​ខែមេសា ឆ្នាំ​២០១៦ ខាងមុខ​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង​។​

រដ្ឋសភាជាតិ នឹង​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៦ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៤ ខែមេសា សប្តាហ៍​ក្រោយនេះ ហើយ​តាម​លោក ឡេង ប៉េងឡុង បានបញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា “​អ្វី​ដែល​ប្រជុំ​នៅ​ពេល​ខាងមុខ​នោះ គឺ​មាន​៥​របៀបវារៈ​ នឹង​មិន​មាន​ប្រធានបទ​រឿងអាស្រូវ​របស់​ឯកឧត្តម កឹម សុខា ទេ​”​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រដ្ឋសភា​កាល​ថ្ងៃទី​៣០ ខែមីនា បាន​ឲ្យ​ដឹងថា របៀបវារៈ​នៅក្នុង​កិច្ចប្រជុំ​នោះ​រួមមាន ទី​១, ព្រះ​រាជសា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៥​។ ទី​២, របាយ​ការ​ណ៍​ស្តីពី​សកម្មភាព​របស់​រដ្ឋ​សភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ និង​លើក​ទី​៦ នីតិកាល​ទី​៥​។ ទី​៣, ការបោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត​សមាសភាព​សមាជិក​រាជ​រដ្ឋាភិបាល ដែល​ត្រូវបាន​កែសម្រួល និង​បំពេញ​បន្ថែមចំនួន ២៦ រូប​។ ទី​៤, ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុម​ប្រឹក្សាធម្មនុញ្ញ​១ រូប និង​ទី​៥, ការពិភាក្សា និង​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​សហជីព។

ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋសភា​ប្រកាស​ថា អាច​នឹង​បង្កើត​គណៈកម្មការ​ពិសេស​មួយ ដើម្បី​ស៊ើបអង្កេត​ករណី​លោក កឹម សុខា​។ ប្រធាន​គណៈកម្មការ កិច្ចការ​បរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា លោក​ឈាង វុន បាន​បញ្ជាក់​នៅ​ចំពោះមុខ​តំណាង​ក្រុម​យុវជន ស្រី ចំរើន បន្ទាប់ពី​ទទួលយក​ញត្តិ​ភ្លាម​ថា រដ្ឋសភា​អាច​មាន​លទ្ធភាព​បង្កើត​គណៈកម្មការ​អង្កេត​ពិសេស​មួយ ដើម្បី​ធ្វើការ​លើ ​សំណុំរឿង​លោក កឹម សុខា​។​

សូមបញ្ជាក់ថា កាលពីដើម​សប្តាហ៍​នេះ ក្រុមយុវជន​ប្រមាណ​ជាង​២០០​នាក់ ដឹកនាំ​ដោយ​យុវជន ស្រី ចំរើន បាននាំគ្នា​ហែ​ញត្តិ​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​ការពិត​ជុំវិញ​រឿងអាស្រូវ​ស្នេហា​ដាក់​ទៅកាន់​រដ្ឋ​សភា​ជាតិ ទី​ស្នាក់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ទី​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ និង​គេហដ្ឋាន​លោក កឹម សុខា ហើយ​ក្នុងនោះ​ការ​ហែ​ញត្តិ​នោះ មាន​យុវជន​ខ្លះ​បាន​ពាក់​អាវយឺត មួក និង​លើក​ទង់​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។

ជាមួយគ្នា​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញមុខ​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការប្រើប្រាស់​អាវយឺត មួក និង​ទង់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ធ្វើ​សកម្មភាព​របស់​ពួកគេ ហើយ​គណបក្សប្រឆាំង​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ដកហូត​នូវ​របស់​ទាំងនេះ​ជាបន្ទាន់ និង​គ្រោង​ប្តឹង​ក្រុម​យុវជន​ទាំងនោះ​ទៅកាន់​តុលាការ​ផងដែរ។

ចំណែក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក ឱម យ៉ិនទៀង ក៏​ព្រម​ទទួលយក សំណើ​​របស់​យុវជន​ឈ្មោះ​ស្រី​ចំរើន ទៅ​ស៊ើប​អង្កេត និង​គំរាម​បើក​កញ្ចប់​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក កឹម សុខា ទៀតផង​។ ក្រៅពី​គំរាម​ចាត់ វិធានការ​​លើក​ប្រធាន​ស្តីទី​គណបក្ស​នេះ​ហើយ លោក ​ឱ​ម យ៉ិនទៀង ក៏​ព្រមាន​ទម្លាយ​អាថ៌កំបាំង​របស់​ប្រធាន​បក្ស​ជំទាស់​លោក ​សម រ​ង្ស៉ី ផង​ដែរ បើ​នៅតែ​ការពារ​លោក​កឹម សុខា។

សូម​រំលឹក​ថា តុលាការ​ដំបូង​បាន​កោះហៅ ម្ចាស់​ហាង​កាត់សក់ ខ្មែរ​អង្គរ និង​កញ្ញា​ស្រីមុំ ចូល​បំភ្លឺ ជុំវិញ​រឿង​ចោទប្រកាន់ ថា​ស្រីមុំ​មាន​ស្នេហា លួចលាក់​ជាមួយ លោក កឹម សុខា​។ ប៉ុន្តែ​ធ្វើឡើង​ខុស​ថ្ងៃ​គ្នា ដោយ​ម្ចាស់​ហាង កាត់សក់​បំភ្លឺ នៅ​ថ្ងៃទី​៥ ខែមេសា និង​កញ្ញា​ស្រីមុំ បំភ្លឺ​នៅ​ថ្ងៃទី​៨ ខែមេសា៕