ឯកឧត្ដម​អភិបាលខេត្ត​ ចុះ​សួរ​សុខ​ទុក្ខ ​និង​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៤១​នាក់​

ឯកឧត្ដម​អភិបាលខេត្ត​ ចុះ​សួរ​សុខ​ទុក្ខ ​និង​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៤១​នាក់​



កំពង់ឆ្នាំង ​៖ «សេវា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ក្រសួងមហាផ្ទៃ​កំណត់​ឲ្យ​យក​១​សន្លឹក​ថ្លៃ​តែ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ អ្នកណា​ធ្វើ​យក​លើស​ពី​១​ម៉ឺន​រៀល​ គឺ​ខុសច្បាប់ ហើយ​សមត្ថកិច្ច​ត្រូវតែ​ចំណាត់​ការ» ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី​ចុះ​សួរ​សុខ​ទុក្ខ​ចែក​អំណោយ និង​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៤១​នាក់ នៅ​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០១៦។

ឯកឧត្ដម​អភិបាលខេត្ត​បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ទៀត​ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មាន​អត្ថប្រយោជន៍​សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដូចជា​សម្រាប់​សម្គាល់​សញ្ជាតិ ធានា​សិទ្ធ​ និង​កាតព្វកិច្ច ធានា​ផលប្រយោជន៍​ស្របច្បាប់ សម្រាប់​សុំ​ចូល​ធ្វើ​ការងារ​តាម​ស្ថាប័ន​នានា តាម​រោងចក្រ​ សហគ្រាស សម្រាប់​សុំ​ធ្វើ​លិខិត​ឆ្លងដែន សុំ​រៀបការ និង​សុំ​ធ្វើ​លិខិតស្នាម​លក់ដូរ​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត ដែល​ត្រូវ​តែ​មាន​អត្តសញ្ញាណប័ណ្ណ​ទើប​ធ្វើ​អ្វីៗ​បាន។ ជាពិសេស​ទៀត​នោះ ​ក៏​សម្រាប់​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត និង​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​ជា​តំណាង​ស្របច្បាប់ និង​ដែល​ជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ផង​ដែរ។

នៅ​ក្នុង​ពេល​នោះ​ដែរ ​ឯកឧត្ដម​ក៏បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ ចាប់ពី​អាយុ​១៥​ឆ្នាំ​ឡើង​ទៅ សូម​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ដែល​មាន​សុពលភាព​សម្រាប់​១០​ឆ្នាំ ហើយ​សូម​ថែរក្សា​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​គង់វង្ស​ល្អ​កុំ​ឲ្យ​បាត់បង់។ ករណី​មានការ​បាត់បង់ ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ជាបន្ទាន់ ព្រោះថា​អត្តសញ្ញាណប័ណ្ណ​ គឺជា​អត្តសញ្ញាណ​របស់​យើង បើ​ជនខិលខូច​រើស​បាន ឬ​លួច​យក​ទៅ​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ​នោះ យើង​ពិតជា​អ្នក​ទទួល​ខុស​ត្រូវ បើ​យើង​បាត់​ហើយ​មិន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​បាន​ទាន់​ពេល​វេលា​នោះ​ទេ​។

ទន្ទឹម​នេះ​ដែរ​ ឯកឧត្ដម​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជា​នេសាទ​យើង​ សូម​ប្រកបមុខរបរ​នេសាទ​ដោយ​ស្របច្បាប់ កុំ​ឆក់​ត្រី កុំ​កាប់​ព្រៃលិចទឹក​ ដែល​ជា​ជម្រក​ត្រី កុំ​ដាក់​សម្រាស់​ដែល​នាំ​ឲ្យ​គោក​រាក់​ព្រែក​ទន្លេ កុំ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុសច្បាប់ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំងអស់គ្នា។​

ដោយឡែក លោក ជួប វិចិត្រ អភិបាលស្រុក​កំពង់លែង​ស្ដីទី​បាន​រាយការណ៍​ឲ្យ​ដឹង​ថា កន្លង​មក​អាជ្ញាធរ​ស្រុក​បាន​សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត ធ្វើ​ និង​ចែក​ជូន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​កំពង់លែង​ដែល​មាន​ចំនួន​៩​ឃុំ បាន​ចំនួន​២០.៥១៩​នាក់ មាន​ស្រី​១៦.៦៧៣​នាក់ ហើយ។ ជាក់ស្ដែង​នៅ​ក្នុង​ឃុំ​ផ្លូវ​ទូក​ថ្ងៃនេះ យើង​បាន​ចែក​ជូន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​៤៤១​នាក់​បន្ថែម​ទៀត មាន​ស្រី​២៣៥​នាក់។
ដោយឡែក​ អត្តសញ្ញាណប័ណ្ណ​កំពុង​ធ្វើ​ជាង​៣​ពាន់​នាក់ នឹង​បន្ត​ចែក​ជូន​នៅ​ពេល​ខាងមុខ​ទៀត។

នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​ ឯកឧត្ដម​អភិបាលខេត្ត បាន​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ចំនួន​១០​គ្រួសារ ដោយ​ក្នុង​១​គ្រួសារៗ​ទទួល​បាន​អង្ករ​១៥​គីឡូ ទឹកក្រូច​១​កេះ និង​ថវិកា​២​ម៉ឺន​រៀល និង​ប្រជា​ការពារ​៤២​នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​១​ម៉ឺន​រៀល​ផង​ដែរ៕ ឯកឧត្ដម​អភិបាលខេត្ត​ ចុះ​សួរ​សុខ​ទុក្ខ ​និង​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៤១​នាក់​
ឯកឧត្ដម​អភិបាលខេត្ត​ ចុះ​សួរ​សុខ​ទុក្ខ ​និង​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៤១​នាក់​

ឯកឧត្ដម​អភិបាលខេត្ត​ ចុះ​សួរ​សុខ​ទុក្ខ ​និង​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៤១​នាក់​

ឯកឧត្ដម​អភិបាលខេត្ត​ ចុះ​សួរ​សុខ​ទុក្ខ ​និង​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៤៤១​នាក់​