បញ្ជូន​ក្រុម​ចោរ​ឆក់​ដ៏​សកម្ម​នៅ​កណ្ដាល​ទីក្រុង​ ១​សំបុក​ ទៅ​ផ្ដន្ទាទោស​

បញ្ជូន​ក្រុម​ចោរ​ឆក់​ដ៏​សកម្ម​នៅ​កណ្ដាល​ទីក្រុង​ ១​សំបុក​ ទៅ​ផ្ដន្ទាទោស​



ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២​ ខែ​មេសា ​ឆ្នាំ​២០១៦ ​អាវុធហត្ថ​រាជធានី​បាន​កសាង​សំណុំរឿង​បញ្ជូន​ក្រុម​ចោរ​ឆក់​ដ៏​សកម្ម​មួយ​សំបុក​ធំ​ទៅ​តុលាការ ​ដើម្បី​ផ្ដន្ទាទោស​ បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់​ជន​រងគ្រោះ​ឈ្មោះ ​អង ស្រី​លីន ភេទ​ស្រី អាយុ​១៩​ឆ្នាំ នៅ​ចំណុច​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​ កាលពី​ព្រឹក​ថ្ងៃ​ទី​១​ ខែ​មេសា ​ឆ្នាំ​២០១៦​រួចមក ហើយ​កម្លាំង​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ និង​ខណ្ឌ​ចំការមន​ សហការ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ​មុំាង សុខ​លុច​ នាយការិយាល័យ ​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​។ ​

ដោយ​លើកដំបូង​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់​ ជា​មុខសញ្ញា​ឆក់​ដ៏​សកម្ម​មានឈ្មោះ​ ទី១-​ប៉ែន ហា​លីម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។ ទី​២-​សល់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ។​ ទី​៣-សោម ដេ​វិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ទី​៤-​ព្រំ សង្ហា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​ព្រមទាំង​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក Honda zoomer X ស្លាក​លេខ​ភ្នំពេញ 1FT-4167 ។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២​មេសា​ថា​ ក្រោយ​ការសាកសួរ​ តាម​ជំនាញ​ដោយមាន​ការដឹកនាំ​ពី​លោក មុំាង សុខ​លុច​ រួចមក​ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ សហការ​ជាមួយ​ជំនាញ អាវុធហត្ថ​ខណ្ឌ​ឫស្សី​កែវ និង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ បាន​ស្រាវជ្រាវ​ និង​ឃាត់​បក្សពួក​ចំនួន​៦​នាក់​បន្ថែម​ទៀត​មានឈ្មោះ​ ទី​១-​ប៊ុណ្ណា ឃីម អាយុ​១៦​ឆ្នាំ ភេទ​ប្រុស ដកហូត​ម៉ូតូ​១​គ្រ​ម៉ាក Honda Zoomer X ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1FT-6240(​ឃាត់​នៅ​ខណ្ឌ​ដូនពេញ)។ ទី​២-​ភួង សុផាន់​ណាក់ ១៨​ឆ្នាំ ភេទ​ប្រុស​។ ទី៣-​ស៊ឹម សំណាង អាយុ​២១​ឆ្នាំ ភេទ​ប្រុស​។ ទី​៤-​អោក ឧ​ត្ត​ម​ប្រឹក្សា​បូរីរ​ត្ន័ អាយុ​១៩​ឆ្នាំ ភេទ​ប្រុស​។

ទី​៥-​គឹម ធី​ម៉ូ​ថេ អាយុ​១៦​ឆ្នាំ ភេទ​ប្រុស​(​សង្ស័យ​ពាក់ព័ន្ធ​)។ ទី​៦-​ឆែម ភា ហៅ​សាក់ អាយុ​១៨​ឆ្នាំ ភេទ​ប្រុស ដកហូត​ម៉ូតូ​ម៉ាក Suzuki Nex ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1DE-1719(​ទាំង​៥​នាក់​ឃាត់​នៅ​ខណ្ឌ​ឫស្សី​កែវ​)។

ប្រភព​បន្ត​ថា ​ក្នុង​ប្រតិបត្តិការ​ខាងលើ​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ឃាត់​ជន​សង្ស័យ​សរុប​១០​នាក់ ជា​មុខសញ្ញា​ចោរឆក់​ដ៏​សកម្ម​នៅ​ទីក្រុង​ភ្នំពេញ និង​ម៉ូតូ​៣​គ្រឿង​បាន​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងអស់​ទៅ​តុលាការ​ជា​បន្តបន្ទាប់​នៅថ្ងៃនេះ​៕​
បញ្ជូន​ក្រុម​ចោរ​ឆក់​ដ៏​សកម្ម​នៅ​កណ្ដាល​ទីក្រុង​ ១​សំបុក​ ទៅ​ផ្ដន្ទាទោស​