ខ្ចី​ម៉ូតូ​គេ​បម្រុង​ស៊ីដាច់​ មិនបាន​ប៉ុន្មាន​ខែ​ផង ​ត្រូវ​ជាប់​ខ្នោះ​ប៉ូលិស​

ខ្ចី​ម៉ូតូ​គេ​បម្រុង​ស៊ីដាច់​ មិនបាន​ប៉ុន្មាន​ខែ​ផង ​ត្រូវ​ជាប់​ខ្នោះ​ប៉ូលិស​



សៀមរាប ​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ពួក​ធ្វើការ​ឃាត់ខ្លួន​ទៅតាម​បណ្ដឹង​ជន​រង​គ្រោះ ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ បន្ទាប់ពី​រូបគេ​បាន​ខ្ចី​ម៉ូតូ​ជិះ​ជាច្រើន​ថ្ងៃ​មិន​ឃើញ​យក​មក​សង​វិញ។

ហេតុការណ៍​តាម​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​២១​និង​២៨​នាទី​យប់ ថ្ងៃ​ទី​០១ ​ខែ​មេសា​ឆ្នាំ​២០១៦ ​ក្នុង​ភូមិ​សណ្ដាន់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប។
លោក​វរសេនីយ៍ត្រី​ ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ឈ្មោះ ជុំ​ វន់ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ ដែល​ជា​ជន​រងគ្រោះ រស់នៅ​ភូមិ​ព្រះអង្គ​ទ្រង់ ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀមរាប បាន​ដាក់​ពាក្យ​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ប្តឹង​ឈ្មោះ​ លាវ ហាក់ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ​រស់នៅ​ភូមិ/​ឃុំ​ជាមួយ​ជនរងគ្រោះ​ ដែល​បាន​ខ្ចី​ម៉ូតូ​របស់​គាត់​យក​មក​ជិះ​។ ​

បន្ទាប់មក​ លោក​អធិការ​បាន​ចាត់​កម្លាំង​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​សង្ស័យ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៦​ វេលា​ម៉ោង​២១​និង​២៨​នាទី​យប់​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹក​វិល បាន​ធ្វើ​ការ​សហការ​ជាមួយ​កម្លាំង​នគរបាល ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ឃាត់ខ្លួន​បាន​នៅ​ក្នុង​ភូមិ​សណ្ដាន់ ឃុំ​ទឹក​វិល ស្រុក​ពួក ខេត្ត​សៀមរាប ដែល​ជន​សង្ស័យ​បម្រុង​យក​ទៅ​លក់​នៅ​ទីនោះ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​កំពុង​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕