ម្ដាយ​មិន​ឲ្យ​​លុយ​២០​ដុល្លារ​ ទិញ​ថ្នាំ​ជក់​ ដុត​ផ្ទះ​ឆេះ​ខ្ទេច

ម្ដាយ​មិន​ឲ្យ​​លុយ​២០​ដុល្លារ​ ទិញ​ថ្នាំ​ជក់​ ដុត​ផ្ទះ​ឆេះ​ខ្ទេច



ពោធិ៍សាត់​ ៖ ​ព្រោះ​តែ ​សារធាតុ​ញៀន​ចូល​ពេញ​ខ្លួន​ធ្វើ​ឲ្យ​វិញ្ញាណ ​ប្រព័ន្ធ​ខួរ​ក្បាល​របស់​បុរស​ម្នាក់​បាត់​ម្ចាស់ការ ​​ហើយ​​សុំ​លុយ​២០​ដុល្លារ ​ពី​ម្ដាយ​មិន​បាន​ផង ​​រហូត​ដល់​ទាញ​សាំង​ចាក់​ដុត​លំនៅឋាន​ខ្លួន​ឯង​ និង​សម្ភារៈ​​​ឆេះ​អស់​ សល់​តែ​ផេះផង់។

ហេតុការណ៍​​នេះ ​បាន​បង្ក​ការ​​ភ្ញាក់ផ្អើល​ដល់​​មនុស្ស​នៅ​ក្នុង​ភូមិ​ និង​សមត្ថកិច្ច​​​​​ កាលពី​​​​រាត្រី​​​​​ម៉ោង​២​​ ឆ្លង​ចូល ​ថ្ងៃ​ទី​០២ ខែ​មេសា ​ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​ភូមិ​ចំការ​លើ​ ឃុំ​បឹងខ្នារ ស្រុក​បាកាន​ខេត្ត​ពោធិ៍សាត់។

បើ​តាម​លោក​នាយ​ប៉ុស្តិ៍​បឹងខ្នារ​ប្រាប់​ថា​ ជន​សង្ស័យ​​​ដុត​ផ្ទះ​ខ្លួន​​ឯង​​​មាន​ ឈ្មោះ​ផាត សុធា ​អាយុ​២៨​ឆ្នាំ​ ​ជា​​​​​​ជន​​​ពនេចរ​គ្រប់​កន្លែង​ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាង​លើ។

លោក​ញៀន សាវឿន​ នាយ​ប៉ុស្តិ៍ ​នគរបាល​រដ្ឋបាល​មូលដ្ឋាន​ទីកន្លែង​កើតហេតុ​ផ្ទាល់​នោះ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​កម្ពុជា​ថ្មី​​ថា​ ៖​ ម្ដាយជនរងគ្រោះនិយាយថា គាត់​មាន​កូនៗ​ពីរ​បី​នាក់​ដែរ​ ដោយ​កូន​ទាំង​នោះ​គេ​បែក​បន្ទុក​គ្រួសារ​អស់​ហើយ។ ដោយ​ឡែក​តែ​រូប​គាត់ ​រស់នៅ​ជាមួយ​កូន​ម្នាក់​ខាង​លើ​នេះ ​ដូច​រស់​នៅ​ម្នាក់ឯង​អញ្ចឹង ​ព្រោះ​គេ​មិនដែល​នៅ​ផ្ទះ​ជាប់​ឡើយ ​ក្រៅពី​ចូល​ផ្ទះ​មក​សុំ​លុយ​​​ទៅ​ទិញ​ថ្នាំញៀន​ជក់​​រួច​ទៅ​បាត់​ពី​ផ្ទះ​ ​ ទុក​ឲ្យ​គាត់​ជា​ម្ដាយ​រស់នៅ​ម្នាក់ឯង​ក្នុង​ផ្ទះ​​ទំហំ​(៥​គុណ​៧) ប្រក់​ស័ង្កសី​ក្រាល​ក្ដារ​ជា​របៀប​ផ្ទះ​តៀម ​ព្រោះ​គាត់​រក​របរ​ទទួលទាន​លក់​​អីវ៉ាន់​ចាប់ហួយ​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ​​នេះ​ផង​ដែរ។

នៅ​ក្នុង​យប់​ថ្ងៃ​កើតហេតុ​ខាង​លើ​នោះ ​មិន​ដឹង​ជា​គេ​មក​ពី​ណា​ទេ​ ​ម៉ោង​ប្រហែល​ជាង​១០​យប់​ថ្ងៃ​ទី​០១ ខែ​មេសា​នោះ​ បាន​មក​​សុំ​លុយ​គាត់​ចំនួន​២០​ដុល្លារ​ តែ​ដោយសារ​គាត់​ឲ្យ​ទៅ​កូន​ម្នាក់​នេះ​វា​ច្រើនដង​ច្រើន​លើក​អស់​ប្រាក់​ជា​ច្រើន​ពេក ​​លើក​នេះ​រូប​គាត់​ជា​ម្ដាយ​ ក៏​​ដាច់ចិត្ត មិន​ឲ្យ​ដូច​មុន​ៗ​ឡើយ ​ហើយ​គេ​ក៏​បន្ត​តាម​សុំ​រករឿង​គាត់​ជា​ម្ដាយ​អត់​ឈប់ឈរ​ រហូត​ដល់​​ម៉ោង​ជិត​១១​យប់ ​គាត់​ខ្លាច​ថ្លង់​ដល់​អ្នក​ជិតខាង​ ខ្មាស​គេ​ដេក​ពួន​ផង​ ​ក៏​បាន​​ទៅ​ដេក​ជាមួយ​ប្អូន​បង្កើត​ក្បែរ​ផ្ទះ​នោះ​ ដោយ​ទុក​ឲ្យ​កូន​នៅ​ដេក​ផ្ទះ​នោះ​ម្នាក់ឯង។ លុះ​ក្រោយ​មក​ នៅ​ម៉ោង​២​រំលង​អធ្រាត្រ​យប់​ស្ងាត់​ ទំនងជា​សារធាតុ​ថ្នាំញៀន​នោះ ​ធ្វើ​ទុក្ខ​បុក​ម្នេញ ខ្លាំង​ពេក ​កូន​គាត់​ក៏បាន​យក​ដប​សាំង​ សម្រាប់​លក់​នោះ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​អស់ ​ហើយ​ជិះ​ម៉ូតូឌុប​ទៅ​ពោធិ៍សាត់​តែម្ដង។

លោក​ញៀន សាវឿន​ បាន​ផ្ដល់​ព័ត៌មាន​បន្ត​ថា ​៖​ ក្រោយ​ពេល​មាន​ហេតុការណ៍​ភ្លើង​ឆេះ​នេះ​ភ្លាម ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​ខ្នារ​ ក៏បាន​ទៅ​ដល់​ទីតាំង​កើតហេតុ​ជាមួយ​អាជ្ញាធរ​ រួម​នឹង​ប្រជាពលរដ្ឋ​ ប៉ុន្តែ​បាន​ត្រឹម​នាំគ្នា​ឈរ​មើល​ភ្លើង​ឆេះ​សម្ភារៈ ​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ផ្ទះ​ និង​អីវ៉ាន់​ចាប់ហួយ​​​ ​​​​និង​​​ទប់ស្កាត់​កុំ​ឲ្យ​រាលដាល​ទៅ​ផ្ទះ​ផ្សេងទៀត​ប៉ុណ្ណោះ។ ជនសង្ស័យ​ខាង​លើ​ ក្រោយពី​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​ផ្ទះ ​និង​ទ្រព្យសម្បត្តិ​ខ្លួន​ឯង​​រួច ​ក៏​ជិះ​ម៉ូតូឌុប​ទៅ​ខេត្ត​ពោធិ៍សាត់​បាត់។ លុះ​នៅ​ម៉ោង​ប្រមាណ​ជា​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​០២ ខែ​មេសា ​​​រូប​គេ ក៏​ជិះ​ម៉ូតូ​ឌុប​តាម​ផ្លូវ​មក​ដល់​ភូមិ​ឃុំ​កើតហេតុ​ ​​​ហើយ​ក្រុម​គ្រួសារ​ឃើញ​ ក៏​បាន​ប្ដឹង​ និង​បង្ហាញ​​​​​​សមត្ថកិច្ច​ ឲ្យ​ចាប់​ខ្លួន ដោយសារ​សមត្ថកិច្ច​មិន​ស្គាល់​ភិនភាគ​ច្បាស់ (​ព្រោះ​គេ​មិនសូវ​នៅ​ក្នុង​ភូមិ)។

លោក​​បង្ហើប​ប្រាប់​កម្ពុជា​ថ្មី​ចុង​ក្រោយ​​យ៉ាង​ខ្លី​ថា ​៖​ បើ​ក្រុម​គ្រួសារ​បងប្អូន​ យក​​បុរស​នេះ ​ទៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​​នោះ ​​លោក​សុខចិត្ត​​សុំ​អាណាព្យាបាល​ ឲ្យ​ជន​ញៀន​ថ្នាំ​នេះ​ ដាក់​នៅ​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បឹងខ្នារ​​វិញ ​ដើម្បី​ធ្វើ​ការ​កែប្រែ ​ដោយ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​នេះ​ទាំង​អស់​ជាមួយ​នឹង​លក្ខខណ្ឌ​ក្រុម​គ្រួសារ​ ដោយ​សន្យា​ថា​មិន​លើស​ពី​មួយ​ខែ​ឡើយ​ ជន​នេះ​នឹង​មាន​ជីវិត​ថ្មី​អស់​សារធាតុ​ញៀន​ពី​ខ្លួន​មិន​ខាន ​ព្រោះ​លោក​ធ្លាប់​មាន​បទពិសោធន៍ ​​ក្នុង​ការ​បន្សាប​ បងប្អូន​ ដែល​មាន​សារធាតុ​ញៀន​ ​ឲ្យ​ល្អ​ឡើង​វិញ​នា​ពេល​កន្លង​មក។ លោក​ចង់​និយាយ​ថា​ វា​ជា​រឿង​ងាយ​បំផុត គឺ​មិន​ទុក​ឱកាស​ឲ្យ​ជន​នេះ​ជក់​ថ្នាំញៀន​ឡើយ​ ដោយ​ចែក​មនុស្ស​ចាំ​មើល​គ្រប់​វិនាទី ​សូម្បី​តែ​ប្រើ​ទូរស័ព្ទ​ ក៏​មិន​អនុញ្ញាត​ដែរ រួម​ទាំង​ការ​រស់នៅ​ ពោល​គឺ​សកម្មភាព​របស់​ជន​ញៀន​ថ្នាំ​នេះ ​ត្រូវតែ​មើល​មិន​ឲ្យ​ដាច់​ដោយ​ការ​ហូបចុក​ សុំ​ឲ្យ​គ្រួសារ​ផ្ដល់​ឲ្យ​គេ​ឲ្យ​បាន​គ្រប់គ្រាន់​ ព្រោះ​ជន​នេះ​ធ្លាប់​​ទៅ​មណ្ឌល​កែប្រែ​រួច​ហើយ​មកវិញ​លើស​ដើម៕
ម្ដាយ​មិន​ឲ្យ​​លុយ​២០​ដុល្លារ​ ទិញ​ថ្នាំ​ជក់​ ដុត​ផ្ទះ​ឆេះ​ខ្ទេច

ម្ដាយ​មិន​ឲ្យ​​លុយ​២០​ដុល្លារ​ ទិញ​ថ្នាំ​ជក់​ ដុត​ផ្ទះ​ឆេះ​ខ្ទេច