ម៉ៃ​យ៉ា តារា​កូនកាត់​អាល្លឺម៉ង់​កំពុង​ឡើង​កូដ​ក្នុង​សិល្បៈ​

6 Videos


​បន្ទាប់ពី​បាន​តំណែង​តួឯក​នៅ​ប៉ុស្ដិ៍​លេខ ៥ ក្នុង​ភាពយន្ត​ភាគ​ថ្មី​មក​គេ​កត់សម្គាល់​ឃើញថា​តារា សម្ដែង​ស្រី​វ័យក្មេង​មាន​សម្រស់​ស្រស់​សោភា ឈ្មោះ ម៉ៃ​យ៉ា ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កូន​ខ្មែរ​កាត់ អាល្លឺម៉ង់​កំពុង​ទទួលបាន​ទីផ្សារ​សិល្បៈ​ស្ទុះ​ឡើង​យ៉ាងខ្លាំង ។ តារា​សម្ដែង​ដែលមាន​រូបរាង​ខ្ពស់ស្រឡះ និង ទម្រង់​មុខកាត់​អឺរ៉ុប​រូបនេះ​ត្រូវគេ​រំពឹងថា​នឹង​ដណ្តើម បាន​តំណែង​ល្បីល្បាញ​ខ្លាំងក្លា​មិន​ខាន ។​

​ក្នុង​វ័យ ២០ ឆ្នាំ នាង Ruger Maiya-Saraya Matha ដែល​បាន​ប្រើ​ឈ្មោះ​នៅក្នុង​ពិភព​សិល្បៈ​ថា ម៉ៃ​យ៉ា ទើបតែ​ទទួលបាន​តំណែង​តួឯក​លើកដំបូង​ក្នុង​រឿង «​ហង្ស​បាក់​ស្លាប​» ជា​រឿង​ភាគ​ថ្មី​ដែល​ដឹក នាំ​ដោយ​ក្រុម​ផលិតករ​ថៃ​របស់​ប៉ុស្ដិ៍​លេខ ៥ ត្រូវបាន​គេ​ចាប់អារម្មណ៍​ភាគច្រើន ដោយសារតែ​នាង​គឺជា តារា​ខ្មែរ​កាត់​អាល្លឺម៉ង់​តែ​ម្នាក់​ដែល​បាន​បណ្ដែត​ខ្លួន​នៅក្នុង​ពិភព​សម្ដែង​ហើយ​ទទួលបាន​ផ្លែផ្កា​នៅក្នុង សិល្បៈ​នាពេល​ថ្មីៗ​នេះ ។​ ​ឱកាស​តួឯក​របស់​នាង​នៅ​ប៉ុស្ដិ៍​លេខ ៥ គឺជា​ភាពលេច​ធ្លោ​ថ្មី​មួយ​ក្នុងពេលដែល​ផលិតកម្ម​ចម្រៀង ធំៗ​ក៏​ផ្ដល់ឱកាស​ឲ្យ​នាង​សម្ដែង​ក្នុង​បទ​ល្អៗ​ធ្វើ​ឲ្យ​គេ​កត់សម្គាល់​ពី​រូប​សម្រស់​ដូចគ្នា ។

ម៉ៃ​យ៉ា តារា​កូនកាត់​អាល្លឺម៉ង់​កំពុង​ឡើង​កូដ​ក្នុង​សិល្បៈ​

ម៉ៃ​យ៉ា តារា​កូនកាត់​អាល្លឺម៉ង់​កំពុង​ឡើង​កូដ​ក្នុង​សិល្បៈ​

ក្នុងនោះ​សូម្បីតែ វេទិកា​បង្ហាញ​ម៉ូដ​ធំៗ​ក៏​គេ​ឃើញ​តារា​ស្រី​រូបនេះ​បង្ហាញ​សម្រស់​ក្នុងចំណោម​តារា​ស្រី​ល្បីៗ​លំដាប់​ជួរមុខ​នៅក្នុង​សិល្បៈ​ផងដែរ ។ ជាមួយនឹង​ទម្រង់​មុខ​និង​ទេពកោសល្យ​សិល្បៈ​របស់​នាង​ក្នុងការ​សម្ដែង និង បង្ហាញ​ម៉ូដ បាន​ជួយ​ឲ្យ​តារា​សម្ដែង​រូបនេះ​លេចធ្លោ​កាន់តែខ្លាំង ។​ ​នាង Ruger Maiya-Saraya Matha ហៅ​ម៉ៃ​យ៉ា មាន​ឪពុក​ជា​ជនជាតិ​អាល្លឺម៉ង់ និង ម្តាយ​ជា​ជនជាតិ ខ្មែរ ដោយបាន​ចូលប្រឡូក​នៅក្នុង​ពិភព​សម្ដែង​ប្រមាណ​ជា ២ ឆ្នាំ​មកហើយ ។ ទើបតែ​រង្វង់​កន្លះ​ឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ ដែល​ការងារ​សិល្បៈ​របស់​នាង​ទទួលបាន​ឱកាស​សម្ដែង​ក្នុង​បទ ចម្រៀង​ល្អៗ​របស់​តារាចម្រៀង​ល្បីៗ និង​បាន​សម្ដែង​ជា​តួឯក​ក្នុង​រឿង «​ហង្ស​បាក់​ស្លាប​» ដែល​ផលិត ដោយ​ប៉ុស្ដិ៍​លេខ ៥ កាលពីដើម​ខែមីនា ។

ក្រៅពី​ខ្សែ​រឿង​មួយ​នេះ ក៏មាន​ខ្សែ​រឿង​មួយចំនួន​ផ្សេងទៀត ដែល​គេ​បានផ្ដល់​ឱកាស​ឲ្យ​នាង​បាន​សម្ដែង​ជា​តួឯក​ផងដែរ​ដោយ​ខ្សែ​រឿង​ទាំងនោះ​គឺមាន​ទាំង​រឿង​ភាគ ទូរទស្សន៍ និង រឿង​ដុំ ។ តារា​ស្រី​កូនកាត់​រូបនេះ​ប្រាប់ថា ៖ បន្ទាប់ពី​ផលិតករ​បានឃើញ​នាង​ចេញ​សម្ដែង​ក្នុង​បទ​ចម្រៀង​ខារ៉ាអូខេ​មួយចំនួន និង បានដឹងថា​រូបនាង​គឺជា​កូនកាត់​អាល្លឺម៉ង់​ដែលមាន​ឪពុក​ជា​ជនជាតិ​អឺរ៉ុប​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ទើប​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​លើ​រូបនាង ។ នាង​និយាយថា ៖ “​មួយរយៈ​ហ្នឹង​ខ្ញុំ​កត់សម្គាល់ថា​មាន​ការងារ​សិល្បៈ​ច្រើន​រត់​មករក​ខ្ញុំ ហើយ​បន្ទាប់ពី រឿង​របស់​ប៉ុស្ដិ៍​លេខ ៥ រឿង​«​ហង្ស​បាក់​ស្លាប​»​ត្រូវបាន​ថត​ចប់​ខ្ញុំ​ក៏​នឹង​មានរឿង​ពីរ​បី​ទៀត​ត្រូវ​ចេញ​ថត​ផង ដែរ​ដោយ​រឿង​ទាំងនោះ​គឺ​ខ្ញុំ​សុទ្ធតែ​បាន​សម្ដែង​តួឯក​” ។​

ម៉ៃ​យ៉ា តារា​កូនកាត់​អាល្លឺម៉ង់​កំពុង​ឡើង​កូដ​ក្នុង​សិល្បៈ​

​ឪពុកម្ដាយ​របស់​នាង​ស្រឡាញ់​ពេញចិត្ត​អាជីព​សិល្បៈ​ខ្លាំងណាស់​ដោយមាន​តែ​ការជំរុញ និង លើកទឹកចិត្ត​ដោយ​មិនដែល​ហាមប្រាម​នោះទេ​សូម្បីតែ​នាង​ត្រូវ​ប្រឈម​នឹង​ការថត​ឈុត​ឱបថើប​ជាមួយ​តួ​ប្រុស​ក្នុងពេល​សម្ដែង ។ យ៉ាងណាក៏ដោយ​នាង​មិន​ហ៊ាន​សម្ដែង​ក្នុង​ឈុត​ស្នេហា​ស្រើបស្រាល​ឬ​លេង ខ្លួន​ស៊ិ​ច​ស៊ី​ហួសហេតុ​នោះទេ​បើ​ទោះ​នាង​ជា​កូនកាត់​អាល្លឺម៉ង់​ក្តី ។ ឪពុក​នាង​ជា​ជនជាតិ​បរទេស​ប៉ុន្តែ ម្ដាយ​ក៏បាន​ប្រកាន់​វប្បធម៌​របស់​ខ្មែរ​យ៉ាង​ខ្ជាប់ខ្ជួន​ផងដែរ​ទើប​នាង​នៅតែ​យល់ថា​ខ្លួនឯង​ត្រូវតែ​ប្រកាន់​នូវ​វប្បធម៌​ខ្មែរ ហើយ​ទោះ​ជាមាន​ផលិតករ​ចំណាយ​ទុន​ខ្ពស់​ឲ្យ​នាង​សម្ដែង​ក្នុង​ឈុត​ស្នេហា​ស្រើបស្រាល គឺ​មិន​ព្រម​ប្រថុយ​នោះទេ ។​

​នៅក្នុង​ពិភព​សិល្បៈ​ខ្មែរ​នាពេលនេះ​គេ​ហាក់​កត់សម្គាល់​ឃើញថា​តារា​ខ្មែរ​ជា​កូនកាត់​បរទេស កាន់តែច្រើន​ត្រូវបាន លេចធ្លោ ហើយ​ក្លាយជា​តារា​ល្បី ។ ជាក់ស្ដែង​ដូចជា​តារា​សម្ដែង ប៊ី​រី​យ៉ា ដែល មាន ម្ដាយ​ជា​ជនជាតិ​ឥណ្ឌា និង តារា​កំប្លែង​កញ្ញា​ហ្សា​ម៉េ​ល​ដែលមាន​ឪពុក​ជា​ជនជាតិ​អាហ្វ្រិក សុទ្ធ​តែមាន ឱកាស​ល្បីឈ្មោះ​នៅក្នុង​ពិភព​សិល្បៈ ៕ ដេវីត​