USAID ផ្តល់​ថវិកា​៣៥​លាន​ដុល្លារ ដល់​វិស័យ​សុខាភិបាល អប់រំ បរិស្ថាន និង​កសិកម្ម​នៅ​កម្ពុជា

​កិច្ច​ព្រៀម​ព្រៀង​ទ្វេភាគី​ដែលមាន​ទឹកប្រាក់​ចំនួន​៣៥​លាន​ដុល្លារ រវាង​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​រដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ចុះហត្ថលេខា​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៏​កម្ពុជា (CDC) នៅ​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៦ ។ ទឹកប្រាក់​នេះ សម្រាប់​ទ្រទ្រង់​វិស័យ​បួន​នៅ​កម្ពុជា គឺ​សុខាភិបាល អបរំ បរិស្ថាន និង​កសិកម្ម​។​

​សហរដ្ឋអាមេរិក និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងទ្វេភាគី​ចំនួន​ពីរ ដែលមាន​ទឹកប្រាក់​ចំនួន​៣៥​លាន​ដុល្លារ​អាមេរិក ពី​កម្មវិធី​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID)​។  ទឹកប្រាក់​នេះ នឹង​យកទៅ​ប្រើប្រាស់​ដើម្បី​ទ្រ​ទង់​ក្នុង​វិស័យ​សុខាភិបាល អប់រំ កសិកម្ម និង​បរិស្ថាន​។ នេះ​បើ​យោង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​៣០ ខែមីនា​កន្លងទៅ​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល នេះ​ជា​ប្រាក់​ផ្តល់​ដំបូង ក្នុង​កញ្ចប់​ថវិកា​ចំនួន​ប្រមាណ ១៣៧ លាន​ដុល្លារ​សម្រាប់​រយៈពេល​៣​ឆ្នាំ ដើម្បី​ទ្រទ្រង់​អាទិភាព​របស់​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​វិស័យ​ទាំងនេះ​។​

​កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​ទ្វេភាគី​ទាំងពីរ​នេះ នឹង​ជួយ​ដល់​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​កែលម្អ​គុណភាព​នៃ​ការថែទាំ​សុខភាព លើកកម្ពស់​អាហារូបត្ថម្ភ​សម្រាប់​មាតា និង​កុមារ បង្កើន​ទីផ្សារ និង​ផលិតកម្ម​កសិកម្ម ការពារ​ធនធានធម្មជាតិ​របស់​កម្ពុជា និង​ជួយ​សិស្ស​កម្ពុជា​ក្នុង​ការរៀន​អាន​។​

​សូមបញ្ជាក់ថា ពិធី​ចុះហត្ថលេខា​នេះ ធ្វើឡើង​លោក គាត ឈុន ឧបនាយករដ្ឋមន្ត្រី​អចិន្ត្រៃយ៍ និង​ជា​អនុប្រធាន​ទី​១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោកស្រី Rebecca Black ប្រធាន​ទីភ្នាក់ងារ USAID ក្រោម​អធិបតីភាព លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា William A. Heidt ៕