ហេតុអ្វី​បានជា​ពលរដ្ឋ​ខ្មែរ​មិន​រស់នៅ​ក្បែរ​ព្រំដែន​ច្រើន​?

​ទស្សនៈ ដោយ សច្ច​វិទូ 
ភ្នំពេញ​៖ ក្រោយពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវបាន​អ្នកនយោបាយ អង្រួន​ឱ្យ​កក្រើក​ឡើងវិញ និង ធ្វើឱ្យ​វា​ក្លាយទៅជា​ប្រធានបទ​ក្ដៅគគុក​មក អ្នកនយោបាយ មហាជន អ្នកស្រាវជ្រាវ និង អ្នកសារព័ត៌មាន បង្កើន​ការចាប់អារម្មណ៍​និង​តាមដាន​កាន់តែខ្លាំង​ទៅលើ​តំបន់​ព្រំដែន ជាពិសេស ព្រំដែន​កម្ពុជា​-​វៀតណាម​។ តាមរយៈ​ចំណាប់អារម្មណ៍ ការអង្កេត និង ការស្រាវជ្រាវ​អំពី​តំបន់​ព្រំដែន គេ​បានលើកឡើង​នូវ​បញ្ហា​ពីរ ក្នុងចំណោម​បញ្ហា​ជាច្រើន​ទៀត ទីមួយ ប្រជាពលរដ្ឋ​ខ្មែរ​មិន​ចូលចិត្ត​រស់នៅ​តាម​តំបន់​ព្រំដែន​ទេ​, ទី​ពីរ ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​ព្រំដែន​ខ្ជិល ដែល​ខុសពី​ប្រជាជន​វៀតណាម បានមក​រស់នៅ​ច្រើន​តាម​តំបន់​ព្រំដែន និង ប្រកបមុខរបរ​ស្រែ ចំការ យ៉ាង​គគ្រឹកគគ្រេង​។ តើ​មាន​មូលហេតុ​អ្វី បានជា​វា​ខុសគ្នា​ដូច្នេះ​?     

​តាមពិតទៅ ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅតាម​តំបន់​ព្រំដែន ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ខេត្ត​នានា​ដែល​មិន​ជាប់​ព្រំដែន រួមទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ​ផងដែរ សុទ្ធ​តែមាន​អ្នក​ខ្ជិល និង អ្នក​ឧស្សាហ៍​។ ដូច្នេះ ការ​លើកឡើងថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​ចូលចិត្ត​រស់នៅ​តាម​តំបន់​ព្រំដែន​និង​ការ​ចោទថា ពួកគេ​ខ្ជិល​នោះ វា​មិន​ពិត​ទាំងស្រុង​ទេ​។ យោងតាម​ការពិនិត្យសង្កេត និង ការស្រាវជ្រាវ គេ​បាន​រកឃើញថា មាន​កត្តា​មូលដ្ឋាន​មួយចំនួន ដែល​អាចធ្វើ​មនុស្ស​មួយចំនួន​សន្និដ្ឋាន​ដោយ​ភាន់ច្រឡំ​ថា «​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ចូលចិត្ត​រស់នៅ​តាម​តំបន់​ព្រំដែន និង ថា ពួកគេ​ខ្ជិល​។ កត្តា​ចំបងៗ​ទាំងនោះ​មាន​ដូចខាងក្រោម​៖

1.​    ​កង្វះ​ទឹក​, ជាទូទៅ មានការ​ខ្វះ​ទាំង​ទឹកស្អាត ទាំង​ទឹក​ប្រើប្រាស់​សម្រាប់​ការរស់នៅ​និង​កសិកម្ម និង កង្វះ​ប្រព័ន្ធធារាសាស្ត្រ​សម្រាប់​ស្រោច​សព ដែល​ធ្វើឱ្យ​ប្រជ​ន​នៅ​ទីនោះ ជួប​ការលំបាក​ទាំង​ការរស់នៅ​ប្រចាំថ្ងៃ និង ការប្រកបមុខរបរ​ផ្សេងៗ ជាពិសេស មុខរបរ​កសិកម្ម​។​

2.​    ​កង្វះ​ផ្លូវ​, ជាទូទៅ​ខាង​កម្ពុជា មានតែ​ផ្លូវ​ទៅកាន់​ព្រំដែន​ទេ​ដែលមាន​ស្ថាន​ភាពល្អ​ជាងគេ​ក្នុងនោះ​ផ្លូវ​មួយចំនួន​ក៏​មិនទាន់​ល្អប្រសើរ​ដែរ លើសពីនេះ​ទៀត ផ្លូវ​តាម​ក្រវាត់​ព្រំដែន​និង ផ្លូវ​ក្នុងភូមិ ក្នុង​ឃុំ​នានា​នៅតាម​តំបន់​ព្រំដែន ក៏​មិនទាន់មាន​ច្រើន​ដែរ ជា​ហេតុដែល​ធ្វើឱ្យ​ប្រជាជន​ជួប​ការលំបាក​ទាំង​ការធ្វើដំណើរ​, ការដឹក​ន​ជញ្ជូន​កសិផល និង ការដឹក​ទំនិញ​ផ្សេងៗ​។ 

3.​    ​កង្វះ​ភ្លើងអគ្គិសនី​, រហូតមកដល់​ពេលនេះ នៅតាម​ខេត្ត​ជាប់​ព្រំដែន​ទាំងអស់ មាន​ភ្លើងអគ្គិសនី​ដែលមាន​តម្លៃថោក​សមរ​ម្យ សម្រាប់​ប្រើប្រាស់​តែ​នៅក្នុង​ទីក្រុង​និង​ទីប្រជុំជន​ដូចជា ទី​រួម​ខេត្ត ទីរួមស្រុក ច្រក​អន្តរជាតិ ប៉ុណ្ណោះ ប៉ុន្តែ ចំពោះ​តំបន់​មួយចំនួនទៀត រួមទាំង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាយដែន មិ​ទាន់​មាន​ភ្លើង​គ្រប់គ្រាន់​ទេ ប្រសើ​ន​បើ​មាន​ក៏មាន​សម្រាប់តែ​ពី​ម៉ោង​៦​ដល់​ម៉ោង​១១​យប់ ហើយ​តម្លៃ​ក៏​ខ្ពស់​ដែរ ដែល​ពលរដ្ឋ​មិនអាច​យក​ភ្លើង​នេះ​ទៅប្រើ​ប្រាស់​សម្រាប់​ប្រកប​របរ​កសិកម្ម ឬ សិប្បកម្ម​បានឡើយ​។​

4.​    ​កង្វះ​ដី​, ដោយសារតែ​កត្តា​ជីវភាព​និង​ការគ្រប់គ្រង​ដីធ្លី​ជា​លក្ខណៈ​គ្រួសារ​មិនបាន​ល្អ ជំ​រុញឱ្យ​ប្រជាព​រដ្ឋ​មួយចំនួន​បាន​លក់​ដី​របស់ខ្លួន​ទៅឱ្យ​អ្នកមាន​លុយ អ្នកធំ ឧកញ៉ា ឬ ក្រុមហ៊ុន​ឯកជន​។ កត្តា​ទាំងអស់​នេះហើយ គឺជា​ដើមចម​នៃ​ការខ្វះ​ដី​ប្រកប​របរ​កសិកម្ម​រប​ស់​ប្រជាព​រដ្ឋ​ក្រីក្រ​។ ហេតុនេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តា​តំបន់​ព្រំដែន នៅសល់​ដី​តែ​បន្តិចបន្តួច​ដែល​មិនអាច​ធ្វើស្រែ ចំការ​ជា​ទ្រង់ទ្រាយ​ធំ​បាន​។ ក្រៅពីនេះ គេ​បាន​រកឃើញថា ដី​ភាគច្រើន​នៅក្បែរ​ខ្សែក្រវាត់​ព្រំដែន គឺ​ដី​របស់​បុគ្គល​មួយចំនួន ដែលជា​មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត មន្ត្រី​ថ្នាក់ជាតិ មន្ត្រីនគរបាល មន្ត្រី​យោធា មន្ត្រី​អាវុធហត្ថ ឧកញ៉ា និង ក្រុមហ៊ុន​មួយចំនួន​... ដែល​ពួកគេ​បានទទួល​ដី​ទាំងនោះ​តាមរយៈ​ការកាប់​រាន​ព្រៃ និង តាម​រូបភាព​ផ្សេងៗ ដូចជា ការទិញ​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន ឬ ការចាប់យក​បន្ទាប់ពី​ការបោះបង្គោល​ព្រំដែន​រួច ហើយ​ដឹងថា ដី​តំបន់​ណាមួយ​មិនទាន់មាន​អ្នកកាន់កាប់ ជាដើម​។ ចំពោះ​អ្នកមាន​ដី​ច្រើន​ទាំងនេះ មួយចំនួន​បាន​ដាំ​ដំណាំ​ផ្សេងៗ ឬ ធ្វើស្រែ​ដោយ​ខ្លួនឯង ឯ​មួយចំនួនទៀត បាន​ទុក​ដី​ទំនេរ​ចោល ឬ ជួល​ឱ្យ​ប្រជាជន​វៀតណាម​។ 

5.​    ​កង្វះ​ទុន​និង​បច្ចេកទេស​, បញ្ហា​ខ្វះ​ទុន គឺជា​ការលំបាក​មួយ​យ៉ាង​ធំ​របស់​ប្រជាជន​នៅ​មូលដ្ឋាន​។ ប្រជាជន​មួយចំនួន បើទោះបីជា​ពួកគេ​មាន​ដី​អាច​ពង្រីក​របរ​កសិក​ម្ម​បាន ប៉ុន្តែ ពួកគេ​មិនមាន​ទុន​គ្រប់គ្រាន់​សម្រាប់​វិនិយោគ លើ​ការដាំ​កៅស៊ូ ស្វាយចន្ទី ដំឡូង​មី ម្រេច អំពៅ ស្វាយ ឬ ធ្វើស្រែ​ទេ ដែល​ធ្វើឱ្យ​ពួកគេ​បង្ខំចិត្ត​ជួល​ដី​ឱ្យគេ​(​ប្រជាជន​វៀតណាម​)​។ ក្រៅពីនេះ កង្វះ​បច្ចេកទេស ក៏​ធ្វើឱ្យ​ពួកគេ​ទទួលផល​មិនបាន​ច្រើន ឬ ការទទួល​ផល​មិន​សមាមាត្រ​នឹង​ទុន​ដែល​បាន​ចំណាយ​ដែរ​។  

6.​    ​មិនទាន់មាន​ការលើក​ទឹកចិត្ត​និង​ការ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល​, រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​មិនទាន់បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ផ្ដល់​ពូជ ជី បច្ចេកទេស និង ការផ្ដល់​ឥណទាន​ដែលមាន​ការប្រាក់​ទាប ឬ ការឧបត្ថម្ភ​ទុន​ដល់​កសិករ​នៅឡើយ​ទេ​។ ចំណែក​ការជួយ​រក​ទីផ្សារ​សម្រាប់​លក់​ផលិតផល​កសិកម្ម​ក៏​មិនទាន់​ខ្លាំងក្លា​ដែរ​។ ដូច្នេះហើយ ប្រជាកសិករ​នៅតែ​ជួប​ការលំបាក និង ត្រូវ​ប្រទេសជិតខាង​កំណត់​ថ្លៃ​ឡើង​ចុះ​តាម​ទំនើងចិត្ត​របស់ខ្លួន​។ កន្លងមក ដោយសារតែ​កង្វះ​ព័ត៌មាន​អំពី​ទីផ្សារ​នេះហើយ ដែល​ធ្វើឱ្យ​ការដាំ​ដំណាំ​របស់​ប្រជាកសិករ​វិលវល់ មិនដឹងថា​តើ​គេ​ត្រូវ​ដំណ​អ្វី កម្រិតណា​។ នៅពេលដែល​ពួកគេ​ឮថា កសិផល​ណា​លក់បាន​ថ្លៃ គេ​ដាំ​ដំណាំ​នោះ ទីបំផុត​ពេល​ទទួលផល វា​បែរជា​ចុះថ្លៃ​ទៅវិញ ដែល​បណ្ដាលឱ្យ​ប្រជាកសិករ​ខាតបង់​ទាំង​ប្រាក់ ទាំង​ពេលវេលា និង បានសម្រេច​ចិត្ត​កាប់​ដំណាំ​ដែល​លក់បាន​ថោក​ចោល និង ចាប់ផ្ដើម​ដាំំ​ដំណាំ​ដែល​លក់បាន​ថ្លៃ​វិញ​។ ប៉ុន្មាន​ឆ្នាំក្រោយ ពួកគេ​នឹង​ចាប់ផ្ដើម​ដាំ​ដំណាំ​ដែល​គេ​បាន​កាប់​ចោល​នោះ​ឡើងវិញ ហើយ​កាប់​ដំណាំ​ដែល​ធ្លាប់​ឡើងថ្លៃ​នោះ​ចោល​វិញ សាចុះសាឡើង​។​

7.​    ​កង្វះ​សេវា​សង្គម ដូចជា សាលារៀន ទីផ្សារ ម​ណ្ដ​ល​សុខភាព​/​មន្ទីរពេទ្យ ទូរគមនាគមន៍ និង សេវា​ផ្សេងៗ​ទៀត សម្រាប់​ជួយ​ដល់​ការសិក្សា ការព្យាបាល​សុខភាព ការទិញ​និង​ការលក់​ផលិតផល​ផ្សេងៗ និង ទំនាក់ទំនង​។ 

​តាមពិតទៅ មានតែ​ប្រជាជន​មួយចំនួន​ទេ​ដែល​ខ្ជិល មិនមែន​ប្រជាជន​ខ្មែរ​ទាំងអស់​សុទ្ធតែ​ខ្ជិល​នោះទេ​។ កន្លងមក មាន​អ្នកវិភាគ​ខ្លះ ដោយ​គ្រាន់តែ​ផ្អែកលើ​អត្ថបទ​ដែល​ជនជាតិ​បារាំង​បាន​សរសេរ​អំពី​ខ្មែរ​តាំងពី​រាប់រយឆ្នាំ​មកហើយ​នៅក្នុង​កាសែត​នគរវត្ត ការសង្កេត​សំបក​ខាងក្រៅ​នៃ​ស្ថានការណ៍ និង ទស្សនៈ​ផ្ទាល់ខ្លួន អះអាងថា ខ្មែរ​ទាំងអស់​សុទ្ធតែ​ខ្ជិល​។ ការអះអាង​នេះ ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម facebook រិះគន់​តប​វិញ​យ៉ាង​ចាស់ដៃ​។​

​ក្នុងនាម​អ្នកវិភាគ​សង្គម គេ​គិត​ឃើញថា ថ្វីបើ​ជាមាន​ខ្មែរ​មួយចំនួន​ខ្ជិល​មែន ប៉ុន្តែ ខ្មែរ​ទាំងអស់​មិនមែន​សុទ្ធតែ​ខ្ជិល​ទេ ហើយ​ពលរដ្ឋ​ខ្មែរ​ក៏​មិនមែន​សុទ្ធតែ​មិច​ង់​ទៅ​រស់នៅ​ក្បែរ​ខ្សែក្រវាត់​ព្រំដែន​ដើម្បី​ជួយ​ការពារ​ព្រំដែន​ដែរ​។

​បញ្ហា​នៅត្រង់ចំណុច​ទាំង​ប្រាំពីរ​ដូចដែល​បានលើកឡើង​ខាងលើ​ដូច្នេះ​ឯង​។ អនាគត ប្រសិនបើ​បញ្ហា​ទាំង​ប្រាំពីរ​ដូច​បានលើកឡើង​ខាងលើ​ត្រូវបាន​ដោះស្រាយ គេ​នឹង​លែង​មើលឃើញថា ប្រជាជន​ខ្មែរ​ខ្ជិល​ភាគច្រើន​ទៀតហើយ ហើយ​ជា​ប្រជាជន​នឹង​ទៅ​រស់​នៅតាម​ក្បែរ​ខ្សែក្រវាត់​ព្រំដែន​ប្រសិនបើ​ពួកគេ​មាន​ដី​នៅ​ទីនោះ​៕