រុស្ស៊ី​បកអាក្រាត​តួ​ក​គី​នៅ​ក្រុមប្រឹក្សាសន្តិសុខ​រឿង​ផ្គត់ផ្គង់​អាវុធ​ឲ្យ​ក្រុម IS

​បេសកជន​រុស្ស៊ី​ប្រចាំ​ក្រុមប្រឹក្សាសន្តិសុខ​បាន​ត្រៀម​ឯកសារ​ដែល​បញ្ជាក់ថា តួ​ក​គី បាន​ផ្គត់ផ្គង់​សព្វាវុធ​និង​សម្ភារ​យោធា​ជាច្រើន​ផ្សេងទៀត​ឲ្យ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រួចរាល់​ហើយ​។ កន្លងមក​រុស្ស៊ី​បាន​បកអាក្រាត​តួ​ក​គី ពី​ជំនួញ​ប្រេង​ជាមួយ​ក្រុម​ភេ​វជន​ដែ​ស្ហ​នេះ​។

តំណាង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បានសម្រេច​ដាក់​បញ្ជូន​របាយការណ៍​សំខាន់​នានា​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​រួចរាល់​ហើយ ដែល​របាយការណ៍​នេះ​បង្ហាញថា តួ​ក​គី​បាន​ផ្គត់ផ្គង់​សព្វាវុធ​និង​សម្ភារ​យោធា​ច្រើន​ផ្សេងទៀត​ទៅ​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ​ដែ​ស្ហ​នៅក្នុង​ប្រទេស​ស៊ី​រី​កន្លងមក​។

​រុស្ស៊ី​ចង់​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​រៀបចំ​ការស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់ចត់​ជុំវិញ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​ក្រុង​អង់កា​រ៉ា​ជាមួយ​ក្រុម​ភេរវជន​ដែ​ស្ហ​ដែល​កំពុង​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង​នៅ​មជ្ឈិមបូព៌ា​។

ពាក់ព័ន្ធ​បញ្ហា​នេះ បេសកជន​ពិសេស​ប្រចាំ​អង្គការសហប្រជាជាតិ​លោក វី​តា​លី ឈូ​ឃិន (Vitaly Churkin) បាន​សរសេរ​ក្នុង​លិខិត​ផ្ញើរ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​ថា ៖ « អ្នក​ដែល​ផ្គត់ផ្គង់​អាវុធ​និង​សម្ភារ​យោធា​សំខាន់​ជាងគេ ទៅ​ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម​គឺ​តួ​ក​គី ហើយ​ប្រទេស​នេះ​កំពុង​ធ្វើ​សកម្មភាព​នេះ​តាមរយៈ​អង្គការក្រៅរដ្ឋាភិបាល​»​។​យោងតាម​បេសកជន​នេះ​ដដែល ការដឹកជញ្ជូន​ស​ពា​វុ​ធ​និង​បណ្តា​សម្ភារ​ពាក់ព័ន្ធ​ធ្វើឡើង​តាម​រថយន្ត ហើយ​ក្នុងនោះ​រួមទាំង​ក្បួន​ជំនួយ​មនុស្សធម៌​ផងដែរ​។​

ក្រៅពីនេះ  បេសកជន​រុស្ស៊ី​ខាងលើ​ក៏មាន​បញ្ជាក់​ឈ្មោះ​អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន​ដែល​គាំទ្រ​ដោយ​តួ​ក​គី និង​ទទួលបាន​ជំនួយ​ពី​បរទេស​ផងដែរ ព្រោះ​អង្គការ​ទាំង​នោះបាន​បញ្ជូន​ទំនិញ​ជាច្រើន​រួមទាំង​សម្ភារ​យោធា​ផង​ទៅកាន់​ស៊ី​រី​កាលពី​ឆ្នាំមុន​។​រាល់​ការបញ្ជូន​សម្ភារ​និង​សព្វាវុធ​នេះ​ធ្វើឡើង​យ៉ាង​ល្អិតល្អន់ ព្រោះ​វា​ត្រូវ​ឆ្លងកាត់​តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​យ៉ាងច្រើន ហើយ​ការដឹកជញ្ជូន​ក៏​ធ្វើឡើង​តាមផ្លូវ​ទឹក​ផងដែរ​ពោលគឺ​ឆ្លងទន្លេ Euphrates​។

​របាយការណ៍​រុស្ស៊ី​ដដែល បញ្ជាក់ថា គ្រាន់តែ​កាលពី​ឆ្នាំមុន តួ​ក​គី​ចំណាយលុយ​ប្រហែល ១.៩ លាន​ដុល្លារ​អាមេរិក​ដើម្បី​ផ្គត់ផ្គង់​អាវុធ និង​គ្រឿងផ្ទុះ​ឲ្យ​ក្រុម​ភេរវជន​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ស៊ី​រី ហើយ​សព្វាវុធ​ដែល​ធ្លាក់​ក្នុង​ដៃ​ក្រុម​ភេរវជន​នោះ​មាន​ទាំង អាវុធ​ប្រឆាំង​រថក្រោះ គ្រាប់បែក​បង្កប់ កាំភ្លើងយន្ត គ្រាប់បែកដៃ និង​សម្ភារ​ច្រើន​ទៀត​។​

​តាមពិតទៅ កាលពី​ឆ្នាំ ២០១៥ រុស្ស៊ី​បាន​បញ្ចេញ​របាយការណ៍​ជាច្រើន​ដើម្បី​បកអាក្រាត​ជំនួញ​ប្រេង​ដែលមាន​យូរ​មកហើយ​រវាង​តួ​ក​គី​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​។ រុស្ស៊ី​បាន​ចោទប្រកាន់​តួ​ក​គី​ថា ជា​រដ្ឋ​ដែល​ប្រើប្រាស់​ជំនួញ​ឈាម​ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​។

​ការ​បកអាក្រាត​រឿងអាស្រូវ​តួ​ក​គី​ម្តង​ជា​ពីរដង​នេះ​មិនមែន​គ្មាន​ហេតុផល​ទេ​។ ទំនាក់ទំនង​រុស្ស៊ី​និង​តួ​ក​គី​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត និង​ប្រឈមមុខគ្នា​ខ្លាំង​ផង​កាលពី​ឆ្នាំមុន ក្រោយពេល​តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់ខ្លួន​ដែល​ហោះហើរ​ក្បែរ​ព្រំដែន​តួ​ក​គី​-​ស៊ី​រី ក្រោមលេស​ចោទប្រកាន់ថា​យន្តហោះ​រុស្ស៊ី​បាន​រំលោភ​ដែនអាកាស​ខ្លួន​ញឹកញាប់​ពេក​៕