បារាំង​៖ ចោរ​ម្នាក់​ជាប់គុក​ដោយសារតែ​រូប Selfie ក្នុង​ទូរ​សព្ទ​ដែល​ខ្លួន​បាន​លួច​

យុវជន​បារាំង​ម្នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពីបទ​លួច​ទូរ​សព្ទ​ដៃ ដោយសារ​មាន​រូបថត Selfie ក្នុង​ទូរ​សព្ទ​ជា​ភស្តុតាង​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Ouest France កាលពីពេល​ថ្មី​កន្លងមក​។​

​នៅតាម​ដងផ្លូវ​មួយ​ក្នុង​ទីក្រុង Rennes ប្រទេស​បារាំង យុវជន​ម្នា​ក់បាន​លួច​យក​ទូរ​សព្ទ​ដៃ​នារី​វ័យក្មេង​ម្នាក់​ដែល​កំពុង​ដើរ​និយាយ​ជាមួយ​មិត្តភក្តិ​។ បន្ទាប់មក នារី​រងគ្រោះ ដឹងថា​ខ្លួន​បាត់​ទូរ​សព្ទ ក៏​ទូរ​សព្ទ​មិត្តភក្តិ​ចុច​ទៅ​លេខ​របស់ខ្លួន​។​

​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ទូរ​សព្ទ​របស់​នាង​មាន​អ្នក​លើក​និយាយ ហើយ​ទាមទារ​សារ​គុណ​៣០០​អឺរ៉ូ ជា​ថ្នូរ​នឹង​ការ​ប្រគល់ជូន​ទូរ​សព្ទ​ដៃ​វិញ​។ នារី​រងគ្រោះ​បាន​យល់ព្រម ប៉ុន្តែ​បាន​លួច​ហៅ​ប៉ូលិស​ឲ្យ​ចាំ​ឃ្លាំមើល​នៅ​កន្លែង​ជំនួប​ដោះដូរ​លុយ និង​ទូរ​សព្ទ​។

​ប៉ូលិស​បាន​ឃាត់ខ្លួន បុរស​ដែល​បានផ្តល់​ទូរ​សព្ទ ប៉ុន្តែ​បុរស​នោះបាន​បដិសេធ ថា​ខ្លួន​មិនមែនជា​ចោរ​នោះឡើយ គ្រាន់តែ​ជា​អ្នក​រើស​បាន​ម្នាក់​ប៉ុណ្ណោះ​។ ដោយ​គ្មាន​ភស្តុតាង ប៉ូលិស​បានសម្រេច​ចិត្ត​ដោះលែង​វិញ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ជនល្មើស​មិនអាច​រួច​ពី​សំណាញ់​ច្បាប់​នោះឡើយ​។ ប៉ូលិស​បានធ្វើ​ការចាប់​ខ្លួន​បុរស​ដដែល​សារជាថ្មី ដោយ​សំអាង​លើ​រូបថត Selfie នៅលើ​ទូរ​សព្ទ​ដៃ​របស់​នារី​រងគ្រោះ​។​

​យុវជន​រូបនោះ នៅតែ​បន្ត​បដិសេធ ប៉ុន្តែ​ប៉ូលិស​រកឃើញថា ពេលវេលា​នៃ​ការថតរូប Selfie របស់គេ​គឺ​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ក្រោយ​អំពើចោរកម្ម​។ ភស្តុតាង​នៅ​នឹង​មុខ​មិនអាច​ប្រកែក​បាន ទើប​ជនល្មើស​បាន​សុំ​ការ​អធ្យាស្រ័យ​ដោយសារតែ​រូបគេ​ជា​ជនអនាថា និង​ជា​អនីតិជន​៕