ថៃ នឹងធ្វើ​ប្រជាមតិ​លើ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ខែសីហា

ខណៈ​ភាពជាប់គាំង​នៃ​នយោបាយ និង​អន្តរាគមន៍​យោធា​ក្នុង​នយោបាយ​ថៃ​មិនទាន់​ត្រូវបាន​ដោះស្រាយ ចប់សព្វគ្រប់​ផង​នោះ បញ្ហា​ចម្រាស​ចម្រាស​ថ្មី​គឺ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី ក៏បាន​ក្លាយជា​បញ្ហា​មួយ ទៀត​។ តែ​នៅ​ថ្ងៃទី​០៧ ខែសីហា ខាងមុខនេះ ថៃ នឹង​រៀបចំ​ឲ្យ​មាន​ការធ្វើប្រជាមតិ​មួយ​ដើម្បី​កំណត់​ជោគវាសនា​រដ្ឋធម្មនុញ្ញ​ថ្មី​នោះ​ដែល​ត្រូវបាន​គេ​ឃើញថា​ផ្តល់​អទិភាព​ច្រើន​ទៅ​យោធា​នោះ​។​

គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ នៅ​ថ្ងៃទី​២៩ ខែមីនា​កន្លងទៅ បានប្រកាសថា ថៃ នឹង​រៀបចំ​ការធ្វើប្រជាមតិ​ជាតិ​មួយ​លើ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ថ្ងៃទី​០៧ ខែសីហា​ខាងមុខនេះ​ដើម្បី​ស្ទង់​មតិ​ប្រជាជន​ថៃ​ថា​តើ​សេចក្តីព្រាង​នោះ​សមស្រប និង​គ្រប់​ជ្រុងជ្រោយ​ដែរ​ឬ​យ៉ាងណា​។​តែ​នីតិវិធី​នៃ​ការធ្វើ ប្រជាមតិ​ដោយ​របៀប​ណា​នោះ មិនទាន់បាន​បញ្ជាក់​ច្បាស់​នោះ សូម្បី​ច្បាប់​ធ្វើ​ប្រជាមតិ​ថៃ ក៏មាន​បញ្ហា ចម្រូងចម្រាស​ដែរ​។​

សូមបញ្ជាក់​ផងដែរ​ថា ក្រោយ​ឡើង​តំណែង​ជា​រដ្ឋាភិបាល​ថៃ​តាមរយៈ​រដ្ឋប្រហារ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​សន្យា​ការកែទម្រង់ និង​នាំ​មកវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​។ ក្នុងនោះ ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី គឺជា​ផែនការ​មួយ​នៃ​ការកែទម្រង់​របស់លោក​ប្រា​យុទ្ធ ដើម្បី​ជា ការដោះស្រាយ និង​ការពារ​ការជាប់គាំង​នៃ​វិបត្តិ​នយោបាយ​ថៃ​ឡើងវិញ និង​ជាការ​បើកផ្លូវ​មួយ​សម្រាប់ ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​នៅ​ឆ្នាំ​២០១៧​ផងដែរ​។​

តែបើ​អ្នកនាំពាក្យ​របស់​គណៈកម្មាធិកា​រ​ព្រាង​ច្បាប់រដ្ឋធម្មនុញ្ញ​ថៃ លោក Chartchai Na Chiang Mai  កន្លងទៅ​ដើម្បី​ឲ្យ​រដ្ឋធម្មនុញ្ញ​ថ្មី អាច​ចួ​លធរ​មានបាន ត្រូវ​ឆ្លងកាត់​ការធ្វើប្រជាមតិ​ជាមុនសិន​ពោលគឺ ប្រសិន​មានការ​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាជន​ថៃ​ទើប​រដ្ឋធម្មនុញ្ញ​អាច​បន្ត​នីតិវិធី​ទៅកាន់​ព្រះមហាក្សត្រ​ថៃ​ដើម្បី​ប្រកាស​ទទួលស្គាល់​ចុងក្រោយ​។  បើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​អាច​ចូល​ជាធ​មរ​មានបាន​មែន រដ្ឋធម្មនុញ្ញ​នោះ នឹង​ក្លាយជា​រដ្ឋធម្មនុញ្ញ​ទី ២០​របស់​ថៃ​។​

​យ៉ាងណាក៏ដោយ មាន​ភាពចម្រូងចម្រាស​ជាច្រើន​នៅក្នុង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នោះ ដែល​ចំណុច ទាំងនោះ អាច​នឹង​ក្លាយជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​សេចក្តីព្រាង​នោះ មិនអាច​ទទួលបាន​កា​រ​គាំទ្រ​នៅក្នុង នីតិវិធី​នៃ​ការធ្វើប្រជាមតិ​នោះ​។ ចំណុច​ចម្រូងចម្រាស​ទាំងនោះ រួមមាន​ទាំង​ការផ្តល់​អទិភាព​ទៅ​ឲ្យ​យោធា​ក្នុង​ការធ្វើអន្តរាគមន៍​ពេល​មានការ​ជាប់គាំង​នយោបាយ​។​

​តាមពិតទៅ ដំបូង​ឡើយ ការធ្វើ​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី ពិតជា​សំខាន់​ណាស់​សម្រាប់​ការឈានទៅរក​ការបោះឆ្នោត​ឆ្នាំ ២០១៧ ពោលគឺ ទាល់តែ​ការធ្វើ​រដ្ឋធម្មនុញ្ញ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​ទើប​ការបោះឆ្នោត​អាច​ប្រព្រឹត្ត ទៅបាន​។ តែ​កាលពី​ថ្ងៃទី​២៦ ខែមីនា​កន្លងទៅ​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បានប្រកាស​ជាថ្មី​ថា ការបោះឆ្នោត​សកល នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​២០១៧​ជាដាច់ខាត បើទោះបីជា​រដ្ឋធម្មនុញ្ញ មិនអាច​ឆ្លង​ផុតពី​ដំណាក់​ការ​នៃ​ការធ្វើប្រជាមតិ​ក៏ដោយ ៕