ក្រសួង​បរិស្ថាន​ណែនាំ​ទេសចរ​ទៅ​លេង​ខេត្ត​កែប​ផ្អាក​ងូត​ទឹក​និង​បរិភោគ​គ្រឿង​សមុទ្រ

ក្រសួង​បរិស្ថាន ណែនាំ​អោយ​ប្រជាពលរដ្ឋ និង​ទេសចរ​ទៅ​លេង​នៅ​ខេត្ត​កែប ប្រុង​ប្រយ័ត្ន ដោយ​ផ្អាក​ការ​ចុះ​ងូត​ទឹក​សមុទ្រ និង​បរិភោគ​គ្រឿង​សមុទ្រ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ​មួយ​រយៈ បន្ទាប់ពី​ទឹក​សមុទ្រ​ក្នុង​តំបន់​នោះ ប្រែ​ពណ៌​ទៅ​ជា​បៃតង។

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​នេះ កំពុង​បារម្ភ​ពី​ផល​ប៉ះពាល់​ទៅ​លើ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ដោយសារ​ការប្រែប្រួល​ទឹក​សមុទ្រ​នេះ។

មន្ត្រី​ជំនាញ​បរិស្ថាន​អះអាង​ថា ទឹក​សមុទ្រ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប អាច​នឹង​វិល​ទៅ​រក​ស្ថានភាព​ដើម​វិញ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត នៅ​ពេល​ដែល​ស្ថានភាព​ទឹក​បាន​ប្រែប្រួល​មក​ល្អ​ឡើង​វិញ​បណ្ដើរៗ ហើយ​មក​ដល់​ថ្ងៃ​​ទី​២ ខែ​មេសា។

នាយក​ខុទ្ទកាល័យ និង​ជា​មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​បរិស្ថាន លោក សៅ សុភាព មាន​ប្រសាសន៍​ថា ការ​ប្រែ​ពណ៌​ទឹក​សមុទ្រ​នេះ កើត​ឡើង​ដោយសារ​ការ​កើន​ឡើង​ស្លែ និង​ជីវចម្រុះ​ក្នុង​ទឹក ឬ​ប្លង់តុង នៅ​អំឡុង​ពេល​ដែល​បរិយាកាស​ប្រែ​ជា​ក្ដៅ​ខ្លាំង។ លោក សៅ សុភាព អះអាង​ថា ការ​ប្រែ​ពណ៌​ទឹក​សមុទ្រ​នៅ​ពេល​នេះ​មិន​ទាក់ទង​ដល់​សារធាតុ​ពុល​ណា​មួយ​ឡើយ៖ «យើង​ពិនិត្យ​ឃើញ​ជា​បឋម​ថា មិន​មាន​អី​ទេ គឺ​បញ្ហា​ដោយសារ​តែ​កត្តា​អាកាសធាតុ។ ស្ថានភាព​ហ្នឹង​វា​មាន​ការវិវឌ្ឍន៍​ប្រសើរ​ឡើង​ប្រហែល​ជា​ខ្ទង់ ៧០ ទៅ ៨០​ភាគរយ​ហើយ ក្នុង​រយៈពេល​មួយ​ថ្ងៃ​ពីរ​ទៀត ប្រហែល​ជា​អាច​​ស្ថានភាព​វា​ត្រឡប់​ទៅ​ភាព​ដើម​វិញ។ បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក​គេ​មាន​បញ្ជាក់​ថា វា​អាច​បង្ក​អោយ​មាន​ជាតិ​ពុល ប៉ះពាល់​ដល់​សុខភាព​មនុស្ស​សត្វ ប្រសិន​បើ​ជាតិ​ស្លែ​ហ្នឹង​វា​ឡើង​ដល់​កម្រិត​​មួយ​ខ្ពស់»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ​មេសា អោយ​ដឹង​ថា មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​បាន​ចុះ​ទៅ​ដល់​ខេត្ត​កែប និង​បាន​យក​សំណាក​ទឹក​សមុទ្រ​ដែល​ប្រែ​ជា​ពណ៌​បៃតង​នោះ ដើម្បី​វិភាគ​នៅ​មន្ទីរ​ពិសោធន៍។ ការ​សន្និដ្ឋាន​បឋម​អោយ​ដឹង​ថា បញ្ហា​នេះ​កើត​ឡើង​ដោយ​ការ​កើន​ឡើង​កម្រិត​ជាតិ​ស្លែ​ខុស​ប្រក្រតី ដែល​អាច​បណ្ដាល​អោយ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សត្វ។

ករណី​នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) លោក ដោយ​ស្នើ​អោយ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ថែ​រក្សា​សុខភាព។

ពលរដ្ឋ​រស់​នៅ​ក្រុង​កែប កំពុង​បារម្ភ​ថា ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​បញ្ហា​នេះ​ទៅ​លើ​ជីវភាព និង​មុខ​របរ​ប្រចាំ​ថ្ងៃ។

អាជីវករ​លក់​ដូរ​នៅ​ឆ្នេរ​សមុទ្រ ក្រុង​កែប មួយ​រូប​អោយ​ដឹង​ថា កញ្ញា​ព្រួយ​បារម្ភ​ពី​ការ​លក់​ដូរ​ទៅ​ថ្ងៃ​មុខ ជា​ពិសេស​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ៖ «មាន​ក្លិន មាន​ពណ៌។ ទៅ​ថ្ងៃ​មុខ​យើង​ចេះ​តែ​ភ័យ បារម្ភ​ខ្លាច​បាត់បង់​ភ្ញៀវ​ទេសចរណ៍ ហើយ​យើង​នៅ​ជិត​ហ្នឹង​ក៏​សុខភាព​អត់​ល្អ​ទៀត»

អ្នក​គ្រប់គ្រង​នៅ​សណ្ឋាគារ​មួយ មាន​ទីតាំង​ជាប់​មាត់​សមុទ្រ​ក្នុង​ក្រុង​កែប លោក ធី សុណ្ណតារា មាន​ប្រសាសន៍​ថា រយៈ​ពេល​បី​ថ្ងៃ​មក​នេះ ភ្ញៀវ​ជា​ច្រើន​បាន​សម្រេច​ចាកចេញ​លែង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​របស់​លោក ដោយសារ​តែ​ក្លិន​អាក្រក់​ភាយ​ចេញ​ពី​សមុទ្រ និង​បរិស្ថាន​ក្នុង​ទឹក​មិន​ល្អ។ លោក​ថា ចំណែក​ភ្ញៀវ​មួយ​ចំនួន​ដែល​បាន​កក់​បន្ទប់​សណ្ឋាគារ ក៏​បាន​លុប​ចោល​គម្រោង​ទៅ​លេង​ខេត្ត​កែប របស់​ពួកគេ​ដែរ៖ «បួន ​ប្រាំ​ថ្ងៃ​មុន​ម្ដង​ហើយ តែ​គិត​ថា វា​មាន​ក្លិន​ធម្មតា ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​៣១ (មីនា) ក៏​មាន​មាន​ក្លិន​ស្អុយ គេង​អត់​បាន ញ៉ាំ​អត់​បាន​​​ ក្អួត​ចង្អោរ សូម្បី​តែ​ញ៉ាំ​​បាយ​ក៏​ពិបាក ទាល់តែ​ពាក់​ម៉ាស់​បួន​ជាន់​នៅ​តែ​ស្អុយ​ទៀត»

លោក ធី សុវណ្ណតារា លើក​ឡើង​ថា អាជ្ញាធរ​គួរ​ស្វែង​រក​មូលហេតុ​ពិត​នៃ​ការ​ប្រែប្រួល​ទឹក​នេះ​ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្ត​នេះ។ ករណី​នេះ មន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា នឹង​​បន្ត​តាម​ដាន ហើយ​នឹង​ជូន​ដំណឹង​បន្ត​ទៀត​ពី​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។