សង្គម​ស៊ីវិល​និង​ក្រសួង​មិន​ទាន់​ទទួល​បាន​តួលេខ​ផ្លូវ​ការ​ពី​ការ​ដក​ដី​សម្បទាន​សេដ្ឋកិច្ច

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ដក​ហូត​ដី​ទំហំ ៣២​ម៉ឺន​ហិកតារ របស់​ក្រុមហ៊ុន​ចំនួន ២៣ មក​គ្រប់គ្រង​វិញ។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ថា របាយការណ៍​លម្អិត​អំពី​ការ​ដកហូត​ដី​ទាំង​នោះ នៅ​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​នៅ​ឡើយ​ទេ។

ទាំង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​កសិកម្ម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​បដិសេធ​ព្រម​គ្នា​ថា ទំហំ​ដី​ជាក់ស្ដែង​ដែល​ថា រដ្ឋាភិបាល​ដក​ហូត​ប្រមាណ ១​លាន​ហិកតារ​នោះ រហូត​មក​ដល់​ពេល​នេះ តួលេខ​ពិត​ប្រាកដ​គេ​នៅ​មិន​ទាន់​ទទួល​បាន​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

លោក អ៊ាង សុផល្លែត មន្ត្រី​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បញ្ជាក់​ថា ដី​ដែល​ក្រសួង​កសិកម្ម ទទួល​បាន​ប្រមាណ ៣២​ម៉ឺន​ហិកតារ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន ២៣ ក្រុមហ៊ុន ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ដក​ហូត​មក​គ្រប់គ្រង​វិញ។

លោក​បន្ថែម​ថា ដី​ដែល​មាន​ប្រមាណ ១​លាន​ហិកតារ​នោះ ទំនង​ជា​មាន​នៅ​ក្រសួង​ផ្សេង​ទៀត ក៏​អាច​ថា​បាន។ ដោយ​ឡែក​ផ្ទៃដី​ប្រមាណ ៤​ម៉ឺន​ហិកតារ ដែល​ថា រដ្ឋ​ដក​ហូត​វិញ ពី​ដី​សម្បទាន​មួយ​កន្លែង​ក្នុង​ខេត្ត​រតនគិរី នោះ ព័ត៌មាន​ផ្លូវ​ការ​នៅ​មិន​ប្រាកដ​នៅ​ឡើយ​ដែរ៖ «នេះ​ខ្ញុំ​សូម​បកស្រាយ និង​សូម​ជម្រាប​ជូន​តែ​ក្រុមហ៊ុន​ដែល​កន្លង​មក​ហ្នឹង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ប៉ុណ្ណោះ»

វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ ពី​ក្រសួង​បរិស្ថាន និង​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា។

បើ​ទោះ​ជា​បែប​ណា កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៤ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការ​ម៉ឺងម៉ាត់ ប្រឆាំង​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​មិន​បាន​អនុវត្ត​ទេ គឺ​ត្រូវ​ដក​ហូត​ទុក​ជា​ដី​សម្បទាន​សង្គមកិច្ច​វិញ។

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​​ដីធ្លី​បញ្ជាក់​ថា របាយការណ៍​លម្អិត​អំពី​ការ​ដក​ហូត​ដី​វិញ ក្នុង​ទំហំ​ដី​ជាង​ពាក់​កណ្ដាល​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​សម្រាប់​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​នោះ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​នៅ​ឡើយ​ទេ។

ប្រធាន​ផ្នែក​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ឡាត់ គី រក​ឃើញ​ថា ការ​ដោះស្រាយ​ដីធ្លី​តាម​រយៈ​គោលនយោបាយ​ដក​ហូត​ដី​ទុក​ឲ្យ​រដ្ឋ​គ្របគ្រង​វិញ​នេះ គឺ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពិត​ប្រាកដ កម្រ​ឃើញ​ទទួល​បាន​ផល​ណាស់។ ម្យ៉ាង​វិញ​ទៀត របាយការណ៍​ជាក់លាក់​អំពី​ការ​លុបចោល​ក្រុមហ៊ុន និង​ដក​ហូត​ដី​មក​គ្រប់គ្រង​វិញ​នោះ គឺ​ពុំ​មាន​ទិន្នន័យ​ប្រាកដ​នៅ​ឡើយ​ដែរ។

លោក​បន្ត​ថា៖ «យើង​មាន​ការ​លំបាក​មែន​ទែន ដោយសារ​ទី​មួយ​ចំនួន​ទំហំ​ដី​ដែល​បាន​ប្រកាស​ដក​ហូត​នេះ យើង​មិន​មាន​លទ្ធភាព​អី​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​អំពី​បញ្ហា​ខេត្ត​ណា​មួយ​ទំហំ​ប៉ុន្មាន​ដើម្បី​ផ្ទៀងផ្ទាត់ ឬ​មួយ​ក្រុមហ៊ុន​ណា​មួយ​ដែល​ដក​ហូត​មាន​ទំហំ​ប៉ុន្មាន​ដើម្បី​ងាយ​យើង​ផ្គូផ្គង និង​ទិន្នន័យ​ចាស់ ដែល​យើង​មាន​ឆ្នាំ​២០១៤។ ធ្វើ​ឲ្យ​មាន​ការ​ស្មុគស្មាញ និង​លំបាក​មែនទែន»

ជម្លោះ​ដី​ ស្រុក​តំបែរ ត្បូងឃ្មុំ ៨៥៥ ២០១៦
គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ហាមីនីវេន អ៊ីនវេសមេន (Hamenivent Investment) ឈូស​ឆាយ​ដី​ដែល​មាន​ជម្លោះ​ជាមួយ​ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥។ Photo provided

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ ដាក់​ចំណង​ជើង​ថា តើ​ដី​ជា​របស់​នរណា? រក​ឃើញ​ថា មាន​ក្រុមហ៊ុន​ចំនួន ២៣​ក្រុមហ៊ុន ដែល​រដ្ឋាភិបាល​សម្រេច​លុប​ចោល ហើយ​ដក​ហូត​ដី​ដែល​បាន​សម្បទាន​រួច​យក​មក​គ្រប់គ្រង​វិញ។ របាយការណ៍​ដែល​ស្រាវជ្រាវ​សម្រាប់​ឆ្នាំ​២០១៤ និង​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ តួលេខ​ដែល​សមាគម​អាដហុក ប្រមូល​បាន​គឺ​មាន​ទំហំ​ផ្ទៃ​ដី​ប្រមាណ​ជាង ១០​ម៉ឺន​ហិកតារ ក្នុង​ចំណោម​ខេត្ត ក្រុង​ចំនួន ១១ នៅ​ទូទាំង​ប្រទេស​កម្ពុជា។

យ៉ាង​នេះ​ក្ដី លោក ឡាត់ គី ថ្លែង​ថា គេ​នៅ​តែ​មាន​ចម្ងល់​នៅ​ឡើយ អំពី​ទំហំ​ដី​ដូច​ដែល​រដ្ឋាភិបាល​អះអាង​ថា បាន​ដក​ហូត​មាន​ទំហំ​ជាង ១​លាន​ហិកតារ​វិញ​នេះ ថា​តើ​ជា​ដី​ដែល​ត្រូវ​លុបចោល​ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ឬ​យ៉ាង​ណា​ឲ្យ​ពិត​ប្រាកដ។

លោក​បញ្ជាក់​ទៀត​ថា គេ​​ពិត​ជា​ពិបាក​ស្វែង​រក​ព័ត៌មាន​អំពី​ទិន្នន័យ​ជាក់លាក់​ចំពោះ​​ការ​លុប​ចោល​គម្រោង​នៃ​ការ​​ជួល​ដី​ពី​រដ្ឋាភិបាល​នេះ​​ណាស់៖ «សារ​កន្លែង​ហ្នឹង​ហាក់​ដូចជា​យើង​ខ្ញុំ​ពិបាក​យល់​អំពី​បញ្ហា​ថា តើ​ទិន្នន័យ ១​លាន​ហិកតារ​នេះ ជា​ទិន្នន័យ​នៅ​ក្នុង​ឆ្នាំ២០១៥ សុទ្ធ ឬ​យ៉ាង​​ណា»

កន្លង​ទៅ​រដ្ឋាភិបាល​បាន​ជួល​ដី​ក្នុង​រយៈពេល​វែង ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​តាម​រយៈ​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច​ជាង ២​លាន​​ហិកតារ។ ជុំវិញ​រឿង​នេះ ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​ការ​ផ្នែក​ដីធ្លី រិះគន់​រដ្ឋាភិបាល​ថា ការ​ផ្ដល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ឯកជន ជា​ញឹកញាប់​តែង​ធ្វើ​ឡើង​រំលោភ​ច្បាប់។ ជាង​នេះ​ទៀត មាន​ក្រុមហ៊ុន​ខ្លះ​ទទួល​បាន​សិទ្ធិ​កាន់កាប់​ដី​លើស​ពី​ច្បាប់​កំណត់​រហូត​ដល់​ពីរ​ដង​នៃ​ផ្ទៃដី​ពិត​ប្រាកដ។

ក្នុង​ច្បាប់​ភូមិបាល​មាត្រា ៥៩ កំណត់​ថា សម្បទាន​ដី​អាច​មាន​ទំហំ​ច្រើន​បំផុត​ត្រឹម​តែ ១០.០០០ (មួយ​ម៉ឺន) ហិកតារ។ ប៉ុន្តែ​សម្បទាន​ដី​ដែល​បាន​សម្រេច​ហើយ ហើយ​មាន​ទំហំ​លើស​ពី​ទំហំ​កំណត់​នេះ គឺ​ជា​កម្មវត្ថុ​នៃ​ការ​កាត់​បន្ថយ​វិញ។ មាត្រា ៦១ នៃ​ច្បាប់​ភូមិបាល​ដដែល ក៏​បាន​កំណត់​រយៈពេល​នៃ​ការ​ជួល​ដី​នេះ គិត​ត្រឹម ៩៩​ឆ្នាំ យ៉ាង​ច្រើន។

ក្រោយ​ពី​មាន​ភាព​ចម្រូងចម្រាស​ក្នុង​អំឡុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ រហូត​មាន​ការ​គំរាម​ពី​សង្គម​ស៊ីវិល ថា បើ​រដ្ឋាភិបាល​ពុំ​មាន​វិធានការ​ជាក់លាក់​ទេ កម្ពុជា​អាច​នឹង​មាន​បដិវត្តន៍​ដីធ្លី។បន្ទាប់​មក​ទើប​លោក ហ៊ុន សែន សម្រេច​ដក​ហូត​​ដី​​ជិត ១​លាន​ហិកតារ​វិញ ទុក​ជា​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ពលរដ្ឋ​ដែល​ខ្វះខាត​ដី​ប្រើប្រាស់​ជាក់ស្ដែង។

រដ្ឋាភិបាល​តាម​រយៈ​កម្មវិធី​កំណែ​ទម្រង់​ដីធ្លី​សម្រេច​លុបចោល​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច បន្ទាប់​ពី​រក​ឃើញ​ថា បណ្ដា​ក្រុមហ៊ុន​ខ្លះ​មិន​គោរព​ទៅ​តាម​កិច្ចសន្យា​នៃ​ការ​ជួល​ដី ជាពិសេស​អនុវត្ត​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង។

ស្រប​ពេល​ហិង្សា​ដីធ្លី​បាន​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង នៅ​ពេល​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារ​នយោបាយ​ដោយ​ទទួល​ស្គាល់​​ថា បដិវត្តន៍​ដីធ្លី​អាច​នឹង​កើត​ឡើង បើ​មិន​ធ្វើ​កំណែ​ទម្រង់​ទេ។ នៅ​នាទី​ចុង​ក្រោយ រហូត​បង្ខំ​ចិត្ត​​នៅ​ពេល​នោះ លោក ហ៊ុន សែន ចេញ​បទបញ្ជា​លេខ ០១ ដើម្បី​ដោះស្រាយ​ដីធ្លី​ក្នុង​ការ​បញ្ចប់​បញ្ហា បើ​ទោះ​ជា​ដឹង​ថា ធ្វើ​ឲ្យ​ប៉ះពាល់ និង​ថ្នាំងថ្នាក់​ចិត្ត​ពី​ម្ចាស់​ក្រុមហ៊ុន​ខ្លះ​ក្តី។

ក្នុង​អំឡុង​ឆ្នាំ​២០១១ គឺ​ជា​ឆ្នាំ​ដែល​វិបត្តិ​ដីធ្លី​បាន​ផ្ទុះ​ឡើង​ស្ទើរ​នៅ​គ្រប់​ខេត្ត​ក្រុង។ គេ​នៅ​ចាំ​បាន​ថា ឆ្នាំ​២០១១ គឺ​ជា​ឆ្នាំ​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ច្រើន​ជាង​គេ​បំផុត។ របាយការណ៍​ដែល​ចេញផ្សាយ ដោយ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក រក​ឃើញ​ថា ឆ្នាំ​២០១១ នេះ​ហើយ ​រហូត​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សម្រេច​កាត់​ដី​ចេញ​ពី​ឧទ្យានជាតិ ​​ពី​តំបន់​​​ការពារ​សត្វ និង​រុក្ខជាតិ តាម​រយៈ​ការ​ធ្វើ​អនុបយោគ ពី​ដី​កម្មសិទ្ធិ​សាធារណៈ​របស់​រដ្ឋ​មក​ជា​ដី​កម្មសិទ្ធិ​ឯកជន​របស់​រដ្ឋ។ ក្នុង​ឆ្នាំ​ដដែល​នេះ​ដែរ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ចំនួន ១២៣ អនុក្រឹត្យ​ ដើម្បី​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​អោយ​ក្រុមហ៊ុន​ឯកជន ដែល​មាន​ផ្ទៃ​ដី​ចំនួន​ជាង ៧០​ម៉ឺន​ហិកតារ (៧៥១,៨៨២)។

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ចេញ​ផ្សាយ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​រក​ឃើញ​ថា ការ​ប្រើប្រាស់​ការ​ចោទ​ប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ ក៏​កាន់តែ​​កើន​ឡើង​ដែរ។ របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា ឆ្នាំ​២០១១ មាន​មនុស្ស​យ៉ាង​តិច ៤២៧​នាក់ ត្រូវ​រង​ការ​ចោទ​ប្រកាន់ ក្នុង​នោះ​មាន​មនុស្ស ៩៥​នាក់ បាន​ត្រូវ​ចាប់​ខ្លួន​ហើយ​រហូត មក​ដល់​នឹង​ពេល​នេះ​នៅ​មាន​មនុស្ស ៤៨​នាក់​ទៀត ដែល​កំពុង​នៅ​ជាប់​ឃុំឃាំង​នៅ​ឡើយ។

ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា មាន​បញ្ហា​ដែល​បណ្ដាល​មក​ពី​ការ​ជួល​ដី​នេះ ទើប​រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​លេខ ០១ កាល​ពី​ខែ​ឧសភា ឆ្នាំ២០១២ កំណត់​ផ្អាក​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មី និង​ពិនិត្យ​ចំពោះ​សម្បទាន​ដី​ដែល​បាន​ផ្ដល់​រួច​ហើយ។ ក៏ប៉ុន្តែ​សារាចរ​​នេះ​មិន​​គ្របដណ្ដប់​ចំពោះ​ដី​សម្បទាន​​ទាំង​ឡាយ​ណា​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​រួច​ហើយ នៅ​មុន​ខែ​ឧសភា ឆ្នាំ២០១២ នោះ​ទេ។

ផ្ទុយ​ទៅ​វិញ របាយការណ៍​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ហៅ​កាត់ អូ.ឌី.ស៊ី (ODC) រក​ឃើញ​ថា ក្នុង​ពេល​រដ្ឋាភិបាល​ចេញ​បទបញ្ជា​ស្ដីពី​វិធានការ​ពង្រឹង និង​គ្រប់គ្រង​ទៅ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​ផ្អាក​មិន​ឲ្យ​ផ្ដល់​ដី​ជា​ថ្មី​ឡើង​វិញ យ៉ាង​ហោច​ណាស់​មាន​ដី​ចំនួន ៣៣ ទីតាំង​ផ្សេង​ទៀត ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់ និង​ប្រកាស​ដាក់​ឲ្យ​អនុវត្ត។

ក្រោយ​មក នៅ​ខែ​តុលា ឆ្នាំ​២០១៤ ទើប​ក្រសួង​បរិស្ថាន ប្រកាស​ថា ការ​ជួល​ដី​ទាំង​នេះ មិន​ឲ្យ​លើស​ពី ៥០​ឆ្នាំ​ទេ។ បើ​ទោះ​ជា​បែប​ណា គិត​មក​ដល់​ពេល​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការ​ផ្នែក​ដី​ធ្លី ឲ្យ​ដឹង​ថា ទិន្នន័យ​ពី​​ទំហំ​ដី​ដែល​ត្រូវ​ដក​ហូត​វិញ ដូច​ដែល​រដ្ឋាភិបាល​ប្រកាស​ជាង ១​លាន​ហិកតារ គឺ​នៅ​ជា​អាថ៌​កំបាំង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។