ក្រុមហ៊ុន​ចម្រោះ​ទឹក​ស្អាត​រង​ការ​ចោទ​ថា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​​អតីត​កន្លែង​ស្លដែក​បុរាណ

នៅ​ឃុំ​ប្រាសាទគោល ស្រុក​អង្គរជុំ ចម្ងាយ​ប្រមាណ​ជាង ៦០​គីឡូម៉ែត្រ ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប មាន​ទី​ទួល​ទំហំ​ប្រហែល ៥​ហិកតារ គឺ​ជា​អតីត​កន្លែង​សិប្បកម្ម​ស្លដែក​របស់​សម័យ​អង្គរ ដែល​អាជ្ញាធរ​អប្សរា និង​អ្នក​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា ប្រឹងប្រែង​អភិរក្ស​ទុក​ជា​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ។ ក៏​ប៉ុន្តែ​រយៈពេល​ជាង ១​សប្ដាហ៍​មក​ហើយ ក្រុមហ៊ុន​ចម្រោះ​ទឹក​ស្អាត​១ បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ស្ទឹង ដែល​នៅ​ជាប់​តំបន់​បុរាណ​នោះ បម្រុង​សាងសង់​ការដ្ឋាន​ចម្រោះ​ទឹក ហើយ​កំពុង​គំរាមកំហែង​ទៅ​លើ​ទី​បុរាណ​ឋាន​ដែល​គេ​អភិរក្ស​នោះ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​ខាន់ស ឃុំ​ប្រាសាទគោល ស្រុក​អង្គរជុំ គំរាម​ថា នឹង​លើក​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចម្រោះ​ទឹក​ស្អាត​មួយ ប្រសិនបើ​នៅ​តែ​យក​គ្រឿងចក្រ​ចូល​ទៅ​ជីក​កាយ​ដី​ស្ទឹង​គោករូងដែក បង្ក​ឱ្យ​មាន​ការ​គំរាមកំហែង និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទី​ទួល​សិប្បកម្ម​ស្លដែក​បុរាណ​១​កន្លែង ដែល​នៅ​បន្សល់​ទុក​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ​នោះ។

ក្រុម​អ្នកភូមិ​ធ្លាប់​លើក​គ្នា​ទៅ​ហាមឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចម្រោះ​ទឹក​ស្អាត​នោះ កុំ​ឱ្យ​បន្ត​ជីក​កាយ​ដី​ស្ទឹង ដែល​នៅ​ជាប់​នឹង​ទួល​អតីត​កន្លែង​សិប្បកម្ម​ស្លដែក​បុរាណ​ជា​ញឹកញាប់​ចាប់​តាំងតែ​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា មក។

បុរស​អ្នក​ភូមិ​ខាន់ស ម្នាក់ ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ថា មាន​ក្រុមហ៊ុន​ទឹក​ស្អាត​មួយ​មក​ពី​ខេត្ត​បន្ទាយមានជ័យ បាន​ព្យាយាម​ចូល​ទៅ​ធ្វើ​កន្លែង​ចម្រោះ​ទឹក​ស្អាត​នៅ​ជិត​ទួល​រូង​ដែក អតីត​ជា​កន្លែង​សិប្បកម្ម​ស្លដែក​សម័យ​អង្គរ។

បុរស​ដដែល​បញ្ជាក់​ថា ក្រុមហ៊ុន​ចម្រោះ​ទឹក​ស្អាត​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​នោះ បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កាយ​ដី​ស្ទឹងរូងដែក បម្រុង​ធ្វើ​ទំនប់​ទឹក​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ទៅ​ដល់​ការ​ជីក​ប៉ះពាល់​វត្ថុ​បុរាណ ព្រម​ទាំង​ធ្វើ​ឱ្យ​បាត់បង់​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ​ដែល​អ្នក​ស្រាវជ្រាវ បាន​អភិរក្ស​ទុក​ផង៖ «គម្រោង​គេ បិទ​ទំនប់​រួច​គេ​បារ​ស្ទឹង​នោះ ដើម្បី​ស្ដុក​ទឹក​យក​ទៅ​ប្រើប្រាស់ ប៉ុន្តែ​ប្រជាពលរដ្ឋ​គាត់​គ្រោង​បាតុកម្ម គឺ​គ្រឿងចក្រ​អត់​ហ៊ាន​កាយ​ទេ​ថ្ងៃ​នេះ»

ទោះ​ជា​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចម្រោះ​ទឹក​ស្អាត​ដែល​អ្នក​ភូមិ​កំពុង​ចោទ​ប្រកាន់​នោះ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ឡើយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​មីនា។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខាន់ស ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ចម្រោះ​ទឹក​ស្អាត​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​នោះ បាន​ចូល​ទៅ​តំបន់​ទួល​អតីត​សិប្បកម្ម​ស្លដែក​សម័យ​បុរាណ​តាំងតែ​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ។

អាជ្ញាធរ​មូលដ្ឋាន​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​ថា ក្រុមហ៊ុន​ចម្រោះ​ទឹក​ស្អាត​នោះ​មិន​បាន​ធ្វើ​អ្វី​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ទី​ទួល​សិប្បកម្ម​ស្លដែក​សម័យ​បុរាណ​ទេ។ ​មេឃុំ​ប្រាសាទគោល លោក ណោង ហ៊ុល មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ចម្រោះ​ទឹក​ស្អាត មុន​នឹង​ចូល​ទៅ​ទី​នោះ​ក៏​បាន​ទទួល​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ស្រុក​អង្គរជុំ អស់​ហើយ​ដែរ។

លោក​មេឃុំ​ប្រាសាទគោល អះអាង​ថា ក្រុមហ៊ុន​ចម្រោះ​ទឹក​ស្អាត​នោះ មិន​បាន​ទៅ​ជីក​ដី​ទួល​ដែល​ជា​អតីត​កន្លែង​សិប្បកម្ម​ស្លដែក​សម័យ​អង្គរ​ទេ គឺ​ជីក​តែ​ដី​ដែល​គេ​បាន​ទិញ​ពី​អ្នក​ភូមិ​នៅ​ជាប់​មាត់​ស្ទឹង​ប៉ុណ្ណោះ។ លោក​មេ​ឃុំ​បាន​ហៅ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ជំទាស់​មិន​ឱ្យ​ក្រុមហ៊ុន​ចម្រោះ​ទឹក​ស្អាត​ជីក​កកាយ​ដី​នៅ​តាម​ស្ទឹង​នោះ​ថា គឺ​ជា​ជន​អគតិ៖ «ខ្ញុំ​មិន​ដឹង​ថា យ៉ាង​ម៉េច​ទេ ពីព្រោះ​កាល​ពី​យើង​ពិភាក្សា​គឺ​ចង់​បាន​ទឹក​ប្រើប្រាស់ ប៉ុន្តែ​គឺ​មាន​ជន​អគតិ​មួយ​ចំនួន​មក​ជំទាស់»

ទោះ​យ៉ាង​ណា មគ្គុទ្ទេសក៍​ទេសចរណ៍​ជនជាតិ​ខ្មែរ​ដែល​និយាយ​ភាសា​ថៃ ១​រូប ដែល​ទៅ​ដល់​កន្លែង​នោះ លោក រ៉េត សាមុត ឱ្យ​ដឹង​ថា លោក​ឃើញ​គ្រឿងចក្រ​ដែល​ក្រុមហ៊ុន​យក​ទៅ​ជីក​ដី​នៅ​ក្បែរ​កន្លែង​សិប្បកម្ម​ស្លដែក​សម័យ​បុរាណ​នោះ​មែន។

លោក រ៉េត សាមុត សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ជីក​កកាយ​នោះ ថា​អាច​គំរាមកំហែង​ទៅ​លើ​ទួល​សិប្បកម្ម​ស្លដែក​សម័យ​បុរាណ​នេះ​យ៉ាង​ធ្ងន់ធ្ងរ៖ «ពោរពេញ​ទៅ​ដោយ​ភាព​សោកស្ដាយ ព្រោះ​ថា កន្លែង​ហ្នឹង​វា​មាន​បន្សល់​ទុក​នូវ​កេរមរតក​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿង​លោហៈ»

អ្នក​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា ទី​ទួល​ដែល​ជា​អតីត​សិប្បកម្ម​ស្លដែក​បុរាណ​នេះ គឺ​ជា​ស្លាកស្នាម​ប្រវត្តិសាស្ត្រ កាល​ពី​ជាង ៨០០​ឆ្នាំ​មុន។ វា​ជា​ស្លាកស្នាម​ដែល​បន្សល់​ទុក​ដ៏​មាន​តម្លៃ​មិន​អាច​ធ្វើ​ឱ្យ​បាត់បង់​បាន​ឡើយ។

អនុ​ប្រធាន​នាយកដ្ឋាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​របស់​អាជ្ញាធរ​អប្សរា លោក អ៊ឹម សុខរិទ្ធី មាន​ប្រសាសន៍​ថា ទី​ទួល​ដែល​ជា​អតីត​សិប្បកម្ម​ស្លដែក​សម័យ​អង្គរ​នេះ គឺ​មាន​ព្រះរាជក្រឹត្យ​ប្រគល់​ជូន​មក​អាជ្ញាធរ​អប្សរា​ការពារ។

លោក អ៊ឹម សុខរិទ្ធី ពន្យល់​ថា ទី​ទួល​រូង​ដែក​នោះ ទំនង​ជា​អតីត​កន្លែង​សិប្បកម្ម​ផលិត​ដែក​បុរាណ​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​តំបន់ និង​បញ្ជូន​មក​ទីក្រុង​អង្គរ។ ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ទី​នោះ គឺ​មាន​តម្លៃ​បំផុត​ក្នុង​ការ​បង្ហាញ​ឱ្យ​ដឹង​ពី​ឥទ្ធិពល​នៃ​អាណាចក្រ​អង្គរ​ដែល​រុងរឿង មិនមែន​ចេះ​តែ​ធ្វើ​ប្រាសាទ​ថ្ម ចេះ​ធ្វើ​កសិកម្ម​ប៉ុណ្ណោះ​ទេ គឺ​កន្លែង​ស្លដែក​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​វិស័យ​ឧស្សាហកម្ម​សម័យ​បុរាណ​ខ្លាំងក្លា ពីព្រោះ​ការ​ផលិត​ដែក​កាល​ណោះ អាច​ឱ្យ​មនុស្ស​យក​ទៅ​បម្រើ​ការ​កសាង​ប្រាសាទ ការ​ធ្វើ​កសិកម្ម ជាពិសេស​គឺ​កងទ័ព​ក៏​ត្រូវ​ការ​អាវុធ​ដែល​ធ្វើ​អំពី​ដែក​យក​ទៅ​ច្បាំង​ដែរ។

លោក អ៊ឹម សុខរិទ្ធី បញ្ជាក់​ថា កន្លែង​បុរាណ​ដ៏​សំខាន់​មួយ​នេះ គឺ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​មួយ​ទៅ​បំផ្លាញ​បាន​ទេ៖ «មិន​អាច​ទេ តាម​ច្បាប់ ព្រោះ​វា​ជា​កន្លែង​បុរាណ​ឋាន។ ខ្ញុំ​មិន​បាន​ដឹង​រឿង​ហ្នឹង​ដែរ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា មិន​យូរ​មិន​ឆាប់​គឺ​ខាង​សមត្ថកិច្ច​នឹង​ចុះ​ទៅ​ដោះស្រាយ»

ទី​ទួល​ដែល​ជា​អតីត​កន្លែង​សិប្បកម្ម​ស្លដែក​សម័យ​អង្គរ​នោះ គឺ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បុរាណ​ភាគ ខាង​លិច​នៃ​ទីក្រុង​អង្គរ​ឆ្ពោះ​ទៅ​កាន់​ប្រាសាទ​ភីម៉ាយ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ថៃ ទៅ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។