សហជីព​រំពឹង​ថា​រដ្ឋ​សភា​នឹង​កែប្រែ​មាត្រា​មួយ​ចំនួន​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​សហជីព

សហជីព​កម្មករ នៅ​ថ្ងៃ​ទី​២ ខែ​មេសា រំពឹង​ថា រដ្ឋសភា​នឹង​កែប្រែ​មាត្រា​ចម្រូងចម្រាស​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព។ សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​គេ​រិះគន់​ថា ប្រសិនបើ​គ្មាន​ការ​កែសម្រួល​ទេ នឹង​រឹតត្បិត​ដល់​សិទ្ធិ​សេរីភាព​របស់​កម្មករ។ សហជីព​កម្មករ​ព្រមាន​ថា ប្រសិនបើ​រដ្ឋសភា​នៅ​តែ​ចចេស​អនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាស ដោយ​មិន​កែសម្រួល នោះ​ពួកគេ​នឹង​មិន​បញ្ឈប់​យុទ្ធនាការ​ប្រឆាំង​នឹង​ច្បាប់​នេះ​នោះ​ទេ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ជឿជាក់​ថា សមាជិក​រដ្ឋសភា​នឹង​យក​ចំណុច​ចម្រូងចម្រាស​ដែល​ធ្លាប់​លើក​ឡើង​ទៅ​ជជែក​ដេញដោល និង​កែប្រែ​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា មុន​នឹង​ឈាន​ដល់​ការ​អនុម័ត​ច្បាប់។ សហជីព​របស់​លោក នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​អនុម័ត​ច្បាប់ ទាមទារ​ឲ្យ​កែប្រែ​មាត្រា​ដែល​ប៉ះពាល់​សិទ្ធិ​សេរីភាព​របស់​កម្មករ៖ «សម្រាប់​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី​៤ សហជីព​នៅ​តែ​ស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ ព្រោះ​យើង​អត់​ដឹង​ថា សភា​កែ​បាន​ប៉ុណ្ណា ឬ​យក​សំណើ​ដាក់​ពិភាក្សា​ឬ​ទេ។ នៅ​ថ្ងៃ​ទី​៤ (មេសា) ខាង​មុខ យើង​នឹង​ជួប​ជុំ​គ្នា ដើម្បី​បង្ហាញ​នូវ​ជំហរ​របស់​ពួក​យើង»

លោក​បន្ថែម​ថា បើ​ទោះ​បី​ជា​រដ្ឋសភា​យល់​ព្រម​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដោយ​មិន​កែប្រែ​ចំណុច​ចម្រូងចម្រាស ក្រុម​លោក​នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ស្នើ​សុំ​ឲ្យ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ច្បាប់​កែប្រែ​ខ្លឹមសារ​ដែល​ប៉ះពាល់​សិទ្ធិ​កម្មករ។

ទាក់ទង​នឹង​ការ​រិះគន់​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សហជីព​សហព័ន្ធ​អាមេរិក​ផ្នែក​ការងារ និង​សភា​នៃ​អង្គការ​ក្នុង​វិស័យ​ឧស្សាហកម្ម (AEL-CIO) បង្ហាញ​ការ​ព្រួយ​បារម្ភ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ថា មាត្រា ៣ មាត្រា ១៣ មាត្រា ១៤ មាត្រា ១៧ មាត្រា ២៤ មាត្រា ២៤ និង​មាត្រា ២៩ និង​ការ​កំណត់​ដាក់​ទោស​ទណ្ឌ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព រឹតត្បិត​ដល់​សេរីភាព​ចូលរួម និង​បង្កើត​សហជីព។

អង្គការ​មួយ​នេះ​លើក​ឡើង​ថា ច្បាប់​ដែល​បាន​ព្រាង​ឡើង នៅ​តែ​មិន​ទាន់​ត្រូវ​តាម​ស្តង់ដារ​នៃ​ច្បាប់​អន្តរជាតិ ពិសេស​កិច្ចព្រមព្រៀង​នៃ​អង្គការ​អន្តរជាតិ​ផ្នែក​ការងារ លេខ ៨៧ (ILO Convention 87)។ អង្គការ​នេះ​អះអាង​ថា ច្បាប់​នេះ​អាច​ជា​មធ្យោបាយ​មួយ​ល្អ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន ដើម្បី​ទាក់ទាញ​ទំនុក​ចិត្ត​ពី​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា។ ក៏​ប៉ុន្តែ ច្បាប់​នេះ​ត្រូវ​ធានា​ពី​សិទ្ធិ​សេរីភាព​នៃ​ការ​ចូលរួម និង​ផលប្រយោជន៍​របស់​កម្មករ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បញ្ជាក់​ថា ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​លោក​នឹង​ចូល​រួម​ពិភាក្សា​លើ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព។ លោក​បន្ត​ថា ប្រសិនបើ​ការ​ពិភាក្សា​មិន​អាច​ឈាន​ដល់​ការ​កែប្រែ​ចំណុច​ចម្រូងចម្រាស​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​កម្មករ គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​យល់ព្រម​អនុម័ត​នោះ​ទេ៖ «យើង​សម្រេច​ហើយ ច្បាប់​ដែល​រដ្ឋ​សភា​ប្រុង​យក​ទៅ​អនុម័ត​ពេល​ខាង​មុខ​នេះ នឹង​ធានា​បាន​នូវ​កិច្ចការពារ​សិទ្ធិ​របស់​កម្មករ។ យើង​មិន​គាំទ្រ​ច្បាប់​នេះ​ទេ​ លុះត្រា​ណា​តែ​មាន​ការ​កែលម្អ​ច្បាប់​នេះ​ឡើយ​វិញ»

ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មាន​ប្រសាសន៍​ថា កម្ពុជា នៅ​ពេល​បច្ចុប្បន្ន ត្រូវ​ការ​ច្បាប់​ស្ដីពី​សហជីព​មួយ​ដើម្បី​ដោះស្រាយ និង​គ្រប់គ្រង​វិស័យ​ឧស្សាហកម្ម។ លោក​ថា ជំហរ​របស់​គណបក្ស​កាន់​អំណាច​ក៏​ពិចារណា​លើ​ការ​កែប្រែ​ចំណុច​ដែល​ភាគី​ពាក់ព័ន្ធ​ស្នើ​ឡើង​ដែរ។ តែ​យ៉ាង​ណា​លោក​ថា ច្បាប់​នេះ​មិន​មែន​សម្រាប់​បម្រើ​ផលប្រយោជន៍​តែ​ភាគី​ម្ខាង​ទេ៖ «ចំណុច​ដែល​យើង​បាន​ ពិភាក្សា​រួច​ហើយ​ ជាមួយ​គណៈកម្មការ​ចំពោះ​កិច្ច​គណបក្ស​សង្គ្រោះ​ជាតិ គាត់​យល់​អនុម័ត​ហើយ។ តែ​បើ​ចំណុច​ណា គាត់​មិន​សប្បាយ​ចិត្ត​គាត់​មិន​អនុម័ត​ទៅ។ គណបក្ស​ប្រជាជន​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជាជន និង​ប្រជាធិបតេយ្យ។ គោល​ជំហរ​របស់​យើង​ គឺ​យើង​ធ្វើ​ យើង​អត់​ទុក​អ៊ីចឹង​ទេ»

វិនិយោគិន ឬ​ថៅកែ​ក្នុង​វិស័យ​កាត់ដេរ នៅ​ពេល​ថ្មីៗ​នេះ ស្នើ​ឲ្យ​រដ្ឋសភា​កែ​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​សហជីព​ចំនួន ៧​ចំណុច គឺ​មាត្រា​ចែង​អំពី​ការ​កំណត់​ចំនួន​សមាជិក​ក្នុង​ការ​បង្កើត​សហជីព ការ​ផ្ដល់​ប្រភព​ថវិកា​ដល់​ក្រសួង​ការងារ ការ​រក្សា​បញ្ជិកា ឬ​ព័ត៌មាន​ស្ដីពី​ចំណូល ចំណាយ ការ​លុប​បញ្ជិកា និង​ការ​ផ្ដល់​សិទ្ធិ​ដល់​ក្រសួង​ការងារ ដើម្បី​ព្យួរ​ការ​ចុះ​បញ្ជិកា​របស់​សហជីព។ នៅ​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មេសា រដ្ឋ​សភា​នឹង​បើក​កិច្ច​ប្រជុំ​សភា​លើក​ទី​៦ នីតិកាល​ទី​៥  ដែល​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​ក៏​មាន​ពិភាក្សា​លើ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។