មន្ត្រី​ជំនាញ​កំពុង​ត្រួត​ពិនិត្យ​សំណើ​សុំ​លើកលែង​និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត

គណៈកម្មការ​អន្តរក្រសួង​កំពុង​ត្រួតពិនិត្យ​សំណើ​សុំ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​ដែល​ថ្នាក់ក្រោម​ជាតិ​បាន​ផ្ញើ​មក។ ទាក់ទង​រឿង​នេះ សង្គម​ស៊ីវិល​ស្នើ​អោយ​ការ​ត្រួត​ពិនិត្យ​ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព យុត្តិធម៌ និង​គ្មាន​អំពើ​ពុករលួយ។ ដោយ​ឡែក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាំង​មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន​របស់​ខ្លួន​កំពុង​ជាប់​ពន្ធនាគារ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​មនសិការ ឬ​អ្នក​ទោស​នយោបាយ។

គណៈកម្មាធិការ​អន្តរក្រសួង​ថ្នាក់​ជាតិ ដែល​កំពុង​ពិនិត្យ​សំណើ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត មាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជា​ប្រធាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ផ្នែក​ពន្ធនាគារ​ជា​អនុ​ប្រធាន តំណាង​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ជា​សមាជិក។

អ្នក​នាំ​ពាក្យ​ពន្ធនាគារ លោក នុត សាវនា ឲ្យ​ដឹង​ថា នៅ​ពេល​ក្រុម​ការងារ​អន្តរក្រសួង​នេះ ពិនិត្យ​រួចរាល់ នឹង​ផ្ញើ​សំណើ​នេះ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និង​បញ្ជូន​ទៅ​ព្រះមហាក្សត្រ ដើម្បី​ចេញ​ព្រះរាជក្រឹត្យ​លើកលែង និង​បន្ធូរបន្ថយ​ទោស។ លោក​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​ចំនួន​ទណ្ឌិត​ដែល​ត្រូវ​លើកលែង ឬ​បន្ធូរបន្ថយ​ទោស និង​នីតិវិធី​នៃ​ការ​ពិនិត្យ​នេះ​នៅ​ឡើយ​ទេ៖ «»។

លោក នុត សាវនា ឲ្យ​ដឹង​ទៀត​ថា ឆ្នាំ​នេះ​ការ​លើកលែង ឬ​បន្ធូរបន្ថយ​ទោស​ទណ្ឌិត គឺ​មាន​ការ​រឹត​បន្តឹង​ខ្លាំង ដោយ​អនុវត្ត​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន ដែល​មិន​ឲ្យ​លើកលែង​ចំពោះ​​អ្នក​ទោស​ណា​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​បទឧក្រិដ្ឋ​ធំៗ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ដើម្បី​ឲ្យ​ការ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទណ្ឌិត​មិន​បង្ក​អសន្តិសុខ​ដល់​សង្គម ត្រូវ​មាន​ការ​ពិនិត្យ​ច្បាស់លាស់​ពី​ក្រសួង​យុត្តិធម៌ ហើយ​ក្រុម​ការងារ​វាយ​តម្លៃ​ត្រូវ​មាន​ការ​ចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ៖ «»។

ការ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​នេះ​មាន ៣​លើក​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​រាល់​មាន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ពិធី​បុណ្យ​វិសាខបូជា និង​ពិធី​បុណ្យ​អុំទូក។ អ្នក​នាំ​ពាក្យ​ពន្ធនាគារ​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថ្ងៃ​ទី​២ ខែ​មេសា ថា ការ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ខាង​មុខ បូក​បញ្ចូល​ទាំង​ការ​លើកលែង និង​បន្ធូរបន្ថយ​ទោស​ក្នុង​ពិធី​បុណ្យ​វិសាខបូជា។

ដោយ​ឡែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ចង់​ឃើញ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​ក្នុង​ពិធីបុណ្យ​ចូល​ថ្មី​ខាង​មុខ​នេះ ជា​សកម្មជន ឬ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ដែល​មាន​បញ្ហា​ដីធ្លី ឬ​អ្នក​ទាមទារ​សិទ្ធិ។ លោក​ថា នៅ​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​ការងារ​ការទូត​នៅ​ក្នុង​ប្រទេស​ជាមួយ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​ពួកគេ​ទទួល​សេរីភាព ប៉ុន្តែ​មិន​ទាន់​ទទួល​សញ្ញា​វិជ្ជមាន​នៅ​ឡើយ​ទេ៖ «»។

ទណ្ឌិត​អនុវត្ត​ទោស​ចំនួន ២ ភាគ ៣ អាច​នឹង​ត្រូវ​លើកលែង​ទោស។ ចំណែក​ទណ្ឌិត​បាន​អនុវត្ត​ទោស ១ ភាគ ៣ គឺ​បន្ធូរបន្ថយ​ទោស ប្រសិន​គេ​រក​ឃើញ​ថា អ្នក​ទាំង​នោះ​បាន​កែ​ខ្លួន​តាម​រយៈ​ការ​កែប្រែ​ឥរិយាបថ​ត្រឹមត្រូវ​នៅ​ក្នុង​ពន្ធនាគារ។ ប៉ុន្តែ​ការ​លើកលែង​ទោស​កន្លង​ទៅ ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​ថា មាន​អំពើ​ពុករលួយ ហើយ​រឿង​រហូត​ដល់​លោក ហ៊ុន សែន ថា ជនល្មើស​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​មុខ​ដដែលៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។