សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ដាក់​ព្រៃឈើ​ខ្លះ​ជា​តំបន់​អភិរក្ស​ថា​ជា​រឿង​នយោបាយ

ក្រសួង​បរិស្ថាន បាន​ដាក់​តំបន់​ព្រៃ​ផ្ដល់​ផល​ចំនួន ៥​កន្លែង ជា​តំបន់​ការពារ និង​អភិរក្ស​ព្រៃឈើ។ តំបន់​ទាំង​នោះ​រួម​មាន​ព្រៃឡង់ ព្រៃ​ច្រក​របៀង​ក្រវាញ​ខាង​ត្បូង ព្រៃ​ព្រះរកា ព្រៃ​សៀមប៉ាង​លិច និង​ព្រៃ​វ៉ឺនសៃ ដែល​មាន​ផ្ទៃ​ដី​សរុប​ជាង ៩,៥​ម៉ឺន​ហិកតារ។ លិខិត​ស្ដីពី​ការ​ដាក់​ព្រៃ​មួយ​ចំនួន​ជា​តំបន់​ការពារ​នេះ បាន​ចេញ​ផ្សាយ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដាក់​ព្រៃឡង់ និង​ព្រៃ​នៅ​តំបន់​ភ្នំក្រវាញ ជា​ព្រៃ​ការពារ។

សង្គម​ស៊ីវិល​និង​តំណាង​សហគមន៍​ការពារ​ព្រៃឡង់ សាទរ​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ដាក់​តំបន់​ព្រៃ​មួយ​ចំនួន​ជា​តំបន់​ការពារ និង​អភិរក្ស ប៉ុន្តែ​ចាត់​ទុក​ថា ជា​រឿង​នយោបាយ​កៀក​ការ​បោះឆ្នោត​ជិត​មក​ដល់។

ប្រធាន​បណ្ដាញ​ស្រាវជ្រាវ​បទល្មើស​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ខែ​មេសា ថា បើ​រដ្ឋាភិបាល​មាន​ចេតនា និង​ឆន្ទៈ​ក្នុង​ការ​ការពារ​ពិត​ប្រាកដ​មែន ក៏​វា​អាច​បន្ត​ការពារ​ព្រៃ ដែល​នៅ​សេសសល់ និង​ព្រៃឈើ​ដែល​ដុះ​ថ្មី​បន្ត​ទៀត សម្រាប់​កូន​ចៅ​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ។

លោក​បន្ត​ថា សំខាន់​នោះ​គឺ​សំណួរ​ថា តើ​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ៖ «កន្លង​មក​ខ្ញុំ​ធ្លាប់​ដាក់​របាយការណ៍​គ្រប់​កន្លែង ទាំង​ក្រសួង​បរិស្ថាន គេ​ដឹង​លឺ​អស់​គ្រប់​គ្នា​ហើយ​ថា កន្លែង​ណា​ព្រៃឈើ​ច្រើន កន្លែង​ណា​គេ​កាប់​បំផ្លាញ​ច្រើន ប៉ុន្តែ​គ្មាន​ចម្លើយ​ឆ្លើយ​តប​ទេ ទាល់​តែ​ពេល​ស្ថានភាព​នយោបាយ​កំពុង​តែ​តឹង​តែង ហើយ​វា​កៀក​នឹង​ការ​បោះឆ្នោត​ទៀត ស្រាប់​តែ​ចេញ​មក​ប្រការ​ទុក​តំបន់​នេះ​ជា​ព្រៃ​ការពារ។ ការ​ដែល​វា​ហិនហោច​កន្លង​មក​នេះ យើង​គិត​ថា វា​ទៅ​ហើយ ប៉ុន្តែ​ឥឡូវ​នេះ អ្វី​ដែល​គាត់​និយាយ​អ្វី​ដែល​ក្រសួង​បរិស្ថាន ដែល​កំពុង​រៀបចំ​ធ្វើ​វា​មាន​ប្រសិទ្ធភាព​ដែរ ឬ​អត់? បញ្ហា​នៅ​ចំពោះ​មុខ ព្រោះ​យើង​មើល​ឃើញ ហើយ​ការ​បង្ក្រាប​ព្រៃឈើ​នៅ​ភូមិភាគ​ឦសាន​ឥឡូវ​នេះ មិន​ទាន់​បាន​ស្ងប់​ស្រួល​ផង ចាប់​ផ្ដើម​កក្រើក​វិញ​បន្ត​ទៀត​ទៅ​ហើយ»

ពាក់ព័ន្ធ​រឿង​នេះ តំណាង​បណ្ដាញ​ការពារ​ព្រៃឡង់ ទាមទារ​អោយ​រដ្ឋាភិបាល​ដាក់​បញ្ចូល​តួនាទី​របស់​សហគមន៍​ទៅ​ក្នុង​គម្រោង​ដាក់​ព្រៃឡង់ ជា​ព្រៃ​អភិរក្ស​នោះ​ផង ដោយ​ពួកគេ​អះអាង​ថា ការ​ចូលរួម​របស់​សហគមន៍​ជា​មធ្យោបាយ​មួយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឡង់។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ លោក ខេង សុខហេង មាន​ប្រសាសន៍​ថា នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​របស់​រដ្ឋាភិបាល ទោះ​បី​ជា​យឺត​ពេល​បន្តិច​ក៏​ដោយ ក៏​យន្តការ​នេះ ទាំង​សង្គម​ស៊ីវិល និង​សហគមន៍​នៅ​មូលដ្ឋាន​ចង់​ឃើញ​រដ្ឋាភិបាល​យក​តំបន់​ព្រៃ​ ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា ដាក់​ក្រោម​កិច្ច​ការពារ​ដោយ​ច្បាប់​មួយ។

លោក​ថា ដើម្បី​ឲ្យ​ច្បាប់ ឬ​អនុក្រឹត្យ​នេះ​មាន​ប្រសិទ្ធភាព លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ដាក់​តួនាទី​សិទ្ធិ​អំណាច​របស់​សហគមន៍​ចូល​ទៅ​ក្នុង​​ច្បាប់ ឬ​អនុក្រឹត្យ​ដែល​គ្រោង​យក​តំបន់​ព្រៃ​ទាំង ៥​កន្លែង​ចូល​ទៅ​ក្នុង​តំបន់​ព្រៃ​ការពារ​នោះ៖ «ប្រកាស​របស់​ក្រសួង​បរិស្ថាន រួម​ទាំង​ឆន្ទៈ​របស់​រដ្ឋាភិបាល​នោះ គ្រាន់​តែ​ធ្វើ​​ល្អ​មើល​ទៅ​តាម​អ្វី​ដែល​អាច​ទាក់ទាញ​ប្រជាប្រិយភាព​នោះ យើង​គិត​ថា អត់​មាន​ប្រសិទ្ធភាព​អី​ទេ។ យើង​បាត់បង់​ព្រៃឈើ​នេះ​មិន​មែន​ទើប ១​ឆ្នាំ ២​ឆ្នាំ​នេះ​ទេ គឺ​ដប់ ម្ភៃ​ឆ្នាំ​ហើយ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ប្រជាពលរដ្ឋ​ដែល​គាត់​រង​ផល​ប៉ះពាល់​ពី​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​តាម​រយៈ​ការ​ផ្ដល់​សម្បទាន​ព្រៃ ការ​ផ្ដល់​ដី​សម្បទាន និង​រូបភាព​ផ្សេងៗ​ទៀត តែងតែ​លើក​ឡើង​ប្ដឹង​ទាមទារ​ទៅ​ដល់​រដ្ឋាភិបាល​ហាក់​ដូច​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​អី​ទេ មាន​តែ​គោលការណ៍ ក៏​ប៉ុន្តែ​ការ​អនុវត្ត​នោះ​អត់​មាន​ប្រសិទ្ធភាព យើង​ចង់​ឲ្យ​គាត់​គឺ​ធ្វើ​ឲ្យ​បាន​ទូលំទូលាយ​ឲ្យ​បាន​តែ​កាន់​តែ​ច្រើន​កាល​ណា គឺ​ល្អ​កាល​ហ្នុង...»

ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា បាន​ទទួល​ការ​ឯកភាព​ជា​គោលការណ៍​ពី​រដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​ដាក់​តំបន់​ព្រៃ​ផ្ដល់​ផល​ចំនួន ៥​កន្លែង ទៅ​ជា​តំបន់​ការពារ និង​អភិរក្ស​ព្រៃឈើ ដោយ​ផ្អែក​ទៅ​លើ​សក្ដានុពល និង​គុណ​តម្លៃ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ផ្នែក​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន។ តំបន់​ទាំង ៥ មាន​ព្រៃឡង់ ព្រៃ​ច្រក​របៀង​ក្រវាញ​ខាង​ត្បូង ជាប់​ព្រំប្រទល់​ខេត្ត​ពោធិ៍សាត់ ខេត្ត​កោះកុង និង​ខេត្ត​កំពង់ស្ពឺ ព្រៃ​ព្រះរកា ស្ថិត​នៅ​ព្រំប្រទល់​ស្រុក​ឆែប ស្រុក​ជាំក្សាន្ត និង​ស្រុក​ត្បែងមានជ័យ នៃ​ខេត្ត​ព្រះវិហារ ព្រៃ​សៀមប៉ាង​លិច ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ព្រៃ​វ៉ឺនសៃ ជាប់​ព្រំប្រទល់​តំបន់​វីរជ័យ​កន្ទុយ​នាគ ដែល​មាន​ព្រំប្រទល់​ទន្លេ​សេកុង ឡើង​ទៅ​ប្រទេស​ឡាវ។

ទាក់​ទង​នឹង​ការ​ដាក់​តំបន់​ព្រៃ​មួយ​ចំនួន​ជា​តំបន់​ព្រៃ​អភិរក្ស​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ថា បន្ទាប់​ពី​មាន​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន លោក​សម្រេច​ដាក់​ព្រៃឡង់ និង​ព្រៃ​នៅ​តំបន់​ភ្នំ​ក្រវាញ ជា​ព្រៃ​ការពារ៖ «យើង​ដាក់​ព្រៃ​មួយ​ចំនួន​ទៅ​ជា​ព្រៃ​ការពារ​តែម្ដង។ ដូច​ព្រៃឡង់ ទុក​វា​ធ្វើ​អី? ត្រូវ​ដាក់​ជា​ព្រៃ​ការពារ​តែម្ដង។ អ្នក​ណា​ទៅ​បំបួស​អី ទាំង​សង្គម​ស៊ីវិល​អី ឲ្យ​ចូល​រួម​ការពារ​ព្រៃឈើ​តែម្ដង។ តំបន់​ភ្នំ​ក្រវាញ ក៏​ដូច​គ្នា ឲ្យ​វា​ទៅ​ជា​តំបន់​ព្រៃ​ការពារ»

ស្រប​គ្នា​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដក​ហូត​យក​ព្រៃ​សម្បទាន​ទាំង​ឡាយ​យក​មក​គ្រប់គ្រង​វិញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​របស់​ក្រសួង​បរិស្ថាន ឲ្យ​ដឹង​ទៀត​ថា ក្រសួង​គ្រោង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ពាក់ព័ន្ធ​បាន​ចូលរួម​ពិនិត្យ និង​ផ្ដល់​មតិ​យោបល់​លើ​ឯកសារ​ព្រាង​នានា ដោយ​ទូលំទូលាយ​ដើម្បី​កែសម្រួល​ឯកសារ​ដាក់​ជូន​រដ្ឋាភិបាល​ពិនិត្យ និង​អនុម័ត​ដាក់​តំបន់​ព្រៃ​ផ្ដល់​ផល​ទាំង ៥​កន្លែង​នោះ​ជា​តំបន់​ការពារ និង​អភិរក្ស​ព្រៃឈើ​ជា​ផ្លូវការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។