មន្ត្រី​ល្អ​ដែល​មិន​ធ្លាប់​ឈប់​គ្មាន​ច្បាប់ បានការ​លើកទឹកចិត្ត​សម្រាក​បន្ថែម​៣​ថ្ងៃ​នៅ​ឆ្នាំ​បន្ទាប់​

សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១ ខែមេសា បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា ដែលមាន​៦​ជំពូក និង​៤៤​មាត្រា​។ អនុក្រឹត្យ​នេះ មាន​គោលបំណង​ពង្រឹង​ការគ្រប់គ្រង​វត្តមាន​របស់​មន្ត្រីរាជកា​រ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា​នានា​។​

​មន្ត្រីរាជការ​ដែល​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​៤​ម៉ោង​ជាប់​គ្នា ត្រូវ​ចាត់ទុកថា ឈប់​គ្មាន​ច្បាប់​កន្លះ​ថ្ងៃ ហើយ​ករណី​ឈប់​គ្មាន​ច្បាប់​៨​ម៉ោង​ជាប់​គ្នា គឺ​ស្មើនឹង​ឈប់​គ្មាន​ច្បាប់​១​ថ្ងៃ​។ ចំពោះ​ករណី​ឈប់​ដោយ​គ្មាន​ការអនុញ្ញាត ឬ​ចូល​បំពេញការងារ​យឺតយ៉ាវ​ដោយ​គ្មាន​ជូនដំណឹង​ជាមុន មន្ត្រីរាជការ​ណ៍​នឹងត្រូវ​ប្រឈម​ទណ្ឌកម្ម ដូចជា ការស្តីបន្ទោស ការស្តីបន្ទោស​ដោយមាន​ចំណារ​ក្នុង​សំណុំលិខិត​ផ្ទាល់ខ្លួន ការ​លុបឈ្មោះ​ចេញពី​តារាង​ដំ​ឡេង​ឋានន្តរ​ស័​ក្ខិ ឬ​លុបឈ្មោះ​ចេញពី​ក្របខណ្ឌ​ជាដើម​។​

​ប៉ុន្តែ​ជាមួយគ្នានេះ រដ្ឋាភិបាល​ក៏មាន​ការលើកទឹកចិត្ត​ផងដែរ ចំពោះ​មន្ត្រីរាជការ​ដែល​បំពេញការងារ​ដោយ​មិន​ធ្លាប់​អវត្តមាន​គ្មាន​ច្បាប់​។ មាត្រា​៣៦​នៃ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា ចែងថា​៖ «​មន្ត្រីរាជការ​ស៊ីវិល​ដែល​បាន​បំពេញការងារ​រយៈពេល​១​ឆ្នាំ​ពេញ មិន​ធ្លាប់​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត​សោះ ទទួលបាន​ការឈប់​សម្រាក​ប្រចាំឆ្នាំ​បន្ថែមចំនួន​៣​ថ្ងៃ​សម្រាប់​ថ្ងៃ​បន្ទាប់​»​។​

​ទាក់ទង​នឹង​ការលើកទឹកចិត្ត​នេះដែរ មាត្រា​៣៧​នៃ​អនុក្រឹត្យ​ដដែល បានលើកឡើង​ពី​ការផ្តល់​អាទិភាព​ដល់​មន្ត្រី​ដែល​បំពេញការងារ​ទៀងទាត់ ដូចជា ការទទួលបាន​គ្រឿង​ឥស្សរិយយស បណ្ណ​សរសើរ ការដំឡើង​ថ្នាក់ ការដំឡើង​ឋានន្តរស័ក្តិ ការតែងតាំង រង្វាន់​លើកទឹកចិត្ត និង​ការបណ្តុះបណ្តាល ក្នុង និង​ក្រៅប្រទេស​ជាដើម​។​

​សារព័ត៌មាន​ថ្មីៗ នឹង​ចុះផ្សាយ​ជា​បន្តបន្ទាប់​នូវ​ខ្លឹមសារ​សំខាន់​ដែល​មានចែង​នៅក្នុង​អនុក្រឹត្យ​ថ្មី​នេះ​៕