ADB៖ សេដ្ឋកិច្ច​អាស៊ី នឹងមាន​កំណើន​ត្រឹម​៥.៧​ភាគរយ​ក្នុងពេល​ពីរ​ឆ្នាំ​ខាងមុខ​

ធនាគា​អភិវឌ្ឍន៍អាស៊ី បាន​បញ្ចេញ​របាយកាណ៍​របស់ខ្លួន ដោយបាន​ប៉ាន់ស្មាន​លើ​កំណើនសេដ្ឋកិច្ច​របស់​តំបន់​អាស៊ី​។ ដោយ​ពិនិត្យ​លើ​សេដ្ឋកិច្ច​ប្រទេស​ធំៗ​ក្នុង​តំបន់ ADB ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​អាស៊ី​នឹងមាន​កម្រិត​៥.៧​ភាគរយ​នៅ​ឆ្នាំ​២០១៦​និង​២០១៧​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន abc News របស់​អាមេរិក​។​

​ជាមួយនឹង​ការកើនឡើង​បន្តិចៗ​ម្ដង​នៃ​សេដ្ឋកិច្ច​ចិន និង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ប្រទេស​ឧស្សាហកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ព្យាករណ៍​ពី​កម្រិត​សេដ្ឋកិច្ច​របស់​តំបន់​អាស៊ី ជាមួយនឹង​កំណើន​ត្រឹម​៥.៧​ភាគរយ​ប៉ុណ្ណោះ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ​។ ការព្យាករណ៍​នេះ​គឺ​ទាប​ជាង​រំពឹងទុក​របស់​ធនាគា​រ​មួយ​នេះ ខណៈ​ផលិតផល​ក្នុងស្រុក​សរុប​របស់​តំបន់​ដែលមាន​៤៥​ប្រទេស​នេះ មាន​កំណើន​៥.៩​ភាគរយ​ក្នុង​ឆ្នាំ​២០១៥​ ។ 

​បើតាម​របាយការណ៍​ដែល​បញ្ចេញ​នៅ​ថ្ងៃទី​២៩ ខែមីនា កំណើនសេដ្ឋកិច្ច​ចិន​មាន​កម្រិត​៦.៥​ភាគរយ​នៅ​ឆ្នាំ​២០១៦ និង​៦.៣​ភាគរយ​នៅ​ឆ្នាំ​២០១៧ ស្រប​ពេលដែល​កំណើន​ឆ្នាំ​២០១៥ មាន​៦.៩​ភាគរយ​។ ការនាំចេញ​តិច ការធ្លាក់ចុះ​កម្លាំង​ផ្គត់​ផ្គត់ និង​កំណែ​ទម្រង់ការ​ផ្គត់​ផ្គង កំពុងតែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​មហា​យក្ស​មួយ​នេះ ងាក​ទៅរក​ការប្រើប្រាស់​ក្នុងស្រុក និង​កាត់បន្ថយ​ផលិតផល​ឧស្សាហកម្ម​ដែល​លើស​។

​របាយការណ៍​ដដែល​ប​ន្ត​ថា ឥណ្ឌា​នឹង​នៅតែ​ជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន ស្រប​ពេលដែល​អាស៊ី​ខាងត្បូង​ត្រូវ​ទស្ស​ទាយ​ថា នឹង​ក្លាយជា​អនុតំបន់​ដែលមាន​កំណើន​លឿន​ជាងគេ​។ សេដ្ឋកិច្ច​ឥណ្ឌា​នឹងមាន​កំណើន​៧.៤​ភាគរយ​ក្នុង​ឆ្នាំ​២០១៦ និង​៧.៨​ភាគរយ​នៅ​ឆ្នាំ​២០១៧​។ នៅ​ឆ្នាំ​២០១៥ ឥណ្ឌា​មាន​កំណើន​៧.៦​ភាគរយ​ដ្បិត​មានការ​វិនិយោគ​ច្រើន​លើ​វិស័យ​សាធារណៈ​។ ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ច​អាស៊ី​ខាងត្បូង​នឹង​ធ្លាក់ចុះ​បន្តិច​ពី​៧​ភាគរយ​នៅ​ឆ្នាំ​២០១៥ មក​ត្រឹម​៦.៩​ភាគរយ​នៅ​ឆ្នាំ​២០១៦ ប៉ុន្តែ​នឹង​កើន​ដល់​៧.៣​ភាគរយ​នៅ​ឆ្នាំ​២០១៧ ​។ 

​បន្ថែម​ពីលើ​នេះ សេដ្ឋកិច្ច​របស់​អាស៊ីអាគ្នេយ៍ ក៏​នឹង​កើន​ដល់​កម្រិត​៤.៥​ភាគរយ​នៅ​ឆ្នាំ​២០១៦ និង​៤.៨​ភាគរយ​នៅ​ឆ្នាំ​២០១៧ គឺមាន​ការកើនឡើង​ពី​កម្រិត​៤.៤​ភាគរយ​នៅ​ឆ្នាំ​២០១៥​។ សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​នឹង​នាំមុខគេ​នៅក្នុង​តំបន់ ព្រោះ​ប្រទេស​នេះ​បាន​បង្កើន​ការវិនិយោគ​លើ​វី​ស័​យ​ហេដ្ឋារចនាសម្ព័ន្ធ និង​អនុវត្ត​នយោបាយ​កែទម្រង់​ដើម្បី​បង្កើន​ការវិនិយោគ​ឯកជន​។ 

​សេដ្ឋវិទូ​ប្រចាំ ADB លោក Shang-Jin Wei និយាយថា កំណើន​សន្សឹមៗ​នៃ​សេដ្ឋកិច្ច​ចិន និង​ការ​ងើបឡើង​វិញ​មិន​ស្មើគ្នា​នៃ​សេដ្ឋកិច្ចពិភពលោក បាន​ប៉ះពាល់​ខ្លាំង​ដល់​កំណើនសេដ្ឋកិច្ច​អាស៊ី​។ លោក​បន្តថា យ៉ាងណាក្ដី សេដ្ឋកិច្ច​តំបន់​នេះ នឹង​រួមចំណែក​ច្រើនជាង​៦០​ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច​ព​ភព​លោក​៕