បាល់ទាត់អេស្ប៉ាញ៖ រ៉េអា ត្រឡប់មកលត់ បាសា ដល់ផ្ទះវិញ

បន្ទាប់ពីត្រូវបានក្រុម បាសឺឡូន (Barcelone) បំបាក់​ជាច្រើនដង​ច្រើនសារ ជាពិសេស​ពីការ​ប្រកួត​លើក​មុន នៅ​ក្នុង​កីឡាដ្ឋាន​ខ្លួន នារាជធានី ម៉ាឌ្រីតនោះ ក្រុមបាល់ទាត់ រៀលម៉ាឌ្រីត (Real Madrid) បានត្រឡប់​មក​សងសឹក​វិញ ដល់​កីឡាដ្ឋាន កំព្នូ (Camp Nou) ដែលជាផ្ទះ​របស់​ក្រុម បាសឺឡូន ក្នុង​ពិន្ទុ ២-១ កាល​ពី​យប់​ថ្ងៃ​សៅរ៍។
បាល់ទាត់អេស្ប៉ាញ៖ រ៉េអា ត្រឡប់មកលត់ បាសា ដល់ផ្ទះវិញ

តារាល្បីៗរបស់ក្រុមបាល់ទាត់ រៀលម៉ាឌ្រីត អបអរនឹងជ័យជំនះរបស់ខ្លួន។ (រូបថត Getty)

នៅពេលនេះ គ្រូបង្វឹកថ្មីរបស់ក្រុមរៀលម៉ាឌ្រីត (Real Madrid) លោក ហ្សីណាឌីន ហ្សីដាន់ (Zinedine Zidane) ពិតជាញញឹមបិតមាត់មិនជិតទេ ព្រោះលោកបានឈ្នះគ្រប់យ៉ាង បន្ទាប់ពីក្រុមកីឡាករ ដែល​លោក​ទើប​តែ​ចូល​មកដឹកនាំ មិនដល់ទាំងបាន៣ខែស្រួលបួលផង បានត្រឡប់មកទទួលជ័យជំនះ នៅ​ក្នុង​ការ​សងសឹក របស់​ខ្លួន​បាន​វិញ ពីក្រុមបាសឺឡូន (Barcelone) ក្នុងក្របខណ្ឌ​បូកពិន្ទុ​ដណ្ដើមជើងឯក (La Liga) នៅ​យប់​ថ្ងៃ​សៅរ៍​ ទី២ ខែ​មេសានេះ។ បើនិយាយឲ្យខ្លី នៅក្នុងការប្រកួតនេះ ក្រុមរៀលម៉ាឌ្រីត មានភាពច្បាស់លាស់ ច្រើនជាង​ក្រុម​បាសឺឡូន បើទោះជាក្រុមអ្នកមានបុណ្យ «បាសា» មានបច្ចេកទេសគ្រប់គ្រងបាល់ បាន​ល្អ​ជាង​ក្រុម​សេះស «រ៉េអា»​ក៏ដោយ។

» រូបថតរបស់ក្រុមរៀល នៅក្រោយជ័យជំនះ លើក្រុមបាសា៖

បាល់ទាត់អេស្ប៉ាញ៖ រ៉េអា ត្រឡប់មកលត់ បាសា ដល់ផ្ទះវិញ

ធ្វើដំណើរពីឆ្ងាយ មកទាត់នៅក្នុងកីឡាដ្ឋាន កំព្នូ (Camp Nou) ដែលជាកីឡាដ្ឋាន របស់ក្រុមបាសានោះ ក្រុម​រៀលម៉ាឌ្រីត​លេងមិនបានល្អទេ នៅក្នុងពាក់កណ្ដាលម៉ោងដំបូង បើសូម្បីតែការបញ្ចូនបាល់ចុះឡើង រវាង​កីឡាករគ្នាឯងនោះក៏ដោយ។ ចំពោះក្រុមបាសាវិញ បើទោះជាការបញ្ជូនបាល់ មានកម្រិតដ៏អស្ចារ្យ រវាង​កីឡាករ​ដ៏ល្បីៗរបស់ខ្លួនក៏ដោយ តែក្រុមដែលមានចំណាត់ថ្នាក់ «La Liga» ដ៏កំពូលលើគេមួយនេះ រក​មិន​បាន​ចន្លោះ ដើម្បីទាត់បញ្ចូលទីសោះឡើយ។

រហូតលុះត្រា ដល់ពាក់កណ្ដាលម៉ោងទីពីរ ទើបកីឡាករខ្សែការពារ ហ្សេរ៉ា ពីកេ (Gerard Pique) របស់​ក្រុម​បាសា បានរកគ្រាប់បាល់ដំបូង ឲ្យក្រុមរបស់ខ្លួន នៅនាទីទី៥៦ ដោយប្រើក្បាលខ្លួនបុកបញ្ជូនបាល់ ដែល​ទាត់​មកពីជ្រុងចំហៀងខាងស្ដាំ។ ប៉ុន្តែការនាំពិន្ទុមួយគ្រាប់មុន របស់ក្រុមបាសា ត្រូវបានក្រុមរៀល តាម​សង្កត់​យក​ពិន្ទុស្មើមកវិញ នៅនាទីទី៦២ ដែលជាគ្រាប់បាល់ទាត់«ផ្កាប់ចាន» របស់កីឡាករអន្តរជាតិបារាំង ឈ្មោះ ការីម ប៊េនហ្សេម៉ា (Karim Benzema)។

ការប្រកួតបានបន្តយ៉ាងស្វិតស្វាញ រហូតមានការបណ្ដេញកីឡាករខ្សែការពារ របស់ក្រុមរៀលម្នាក់ គឺកីឡាករ ស៊ែរចូ រ៉ាម៉ូស (Sergio Ramos) ដោយហេតុត្រូវបានអាជ្ញាកណ្ដាល ដកកាតលឿងពិន័យចំនួនពីរដង។ ក្រុម​រៀល ដែលបន្ថយមកនៅត្រឹម១០នាក់នេះ បានស្ទុះស្ទារបន្ថែមទៀត រហូតដល់នាទីទី៨៥ កីឡាករ​អន្តរជាតិ​ដ៏ល្បី គ្រីស្ទៀណូ រ៉ូណាល់ដូ បានដាក់បញ្ចូលទី របស់ក្រុមបាសាមួយគ្រាប់ទៀត ដែលធ្វើឲ្យក្រុមសេះស មាន​ពិន្ទុ​នាំ​មុខ​ក្រុម​អ្នក​មាន​បុណ្យ ២ទល់នឹង១៕

បាល់ទាត់អេស្ប៉ាញ៖ រ៉េអា ត្រឡប់មកលត់ បាសា ដល់ផ្ទះវិញ