ហេតុអ្វី​បានជា ស្ត្រី​រាំងរដូវ​ងាយ​ពុក​ឆ្អឹង​ម្លេះ​?

ហេតុអ្វី​បានជា ស្ត្រី​រាំងរដូវ​ងាយ​ពុក​ឆ្អឹង​ម្លេះ​?

​នៅ​ពេល​អ្នក​មាន​ការ​ធំធាត់ ជាទូទៅ ឆ្អឹង​នឹង​លូតលាស់ កាន់តែ​ធំ​ទៅ​តាម​គ្នា​ដែរ​។ ប៉ុន្តែ ដល់​ពេល​អ្នក​អាយុ​ដល់​ខ្ទង់ ៣៥ ឆ្នាំ ឆ្អឹង​នឹង​ចាប់ផ្តើម​ចុះ​ខ្សោយ ឬ​ហៅ​ថា ពុក​លឿន​ជាង​លូតលាស់​វិញ​។

​ជា​អ​កុសល្យ បញ្ហា​បែប​នេះ កាន់តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ក្រោយ​ពី​ស្ត្រី​ឈាន​ដល់​វ័យ​រាំងរដូវ​ប៉ុណ្ណោះ​។ ហេតុដូច្នេះ​ហើយ កាលណា​កំហាប់​ឆ្អឹង​កាន់តែ​តិច វា​នឹង​ប្រឈម​នឹង ជំងឺ​ពុក​ឆ្អឹង​កាន់តែច្រើន​។ ខណៈពេល​ដែល​វា គឺជា​ទំនាក់ទំនង​ដ៏​ពិតប្រាកដ​មួយ រវាង​ការ​រាំង​រដូវ និង​ការពុក​ឆ្អឹង ដូច្នេះ ស្ត្រី​រាំងរដូវ​ទាំងអស់ គឺ​គ្មាន​អ្វី​អាចធ្វើ​បាន ដើម្បី​ដោះស្រាយ​រឿង​នេះ​ឡើយ​។​

តើ​អ្វី​ទៅ​ជា​ទំនាក់ទំនង រវាង​ជំងឺ​ពុក​ឆ្អឹង និង​ការ​រាំងរដូវ​ទៅ​?
ទោះបីជា​មូលហេតុ​ពិត​ប្រាក នៃ​ជំងឺ​ពុក​ឆ្អឹង នៅតែ​មិនទាន់​មាន​ការយល់​ច្បាស់​លាស់ នៅឡើយ​នោះ តែ​អ្នកជំនាញ​ជាច្រើន គ្រាន់តែ​ដឹងថា វា​មាន​ទំនាក់ទំនង​ខាង​ក្នុង​មួយ រវាង​ជំងឺ​ពុក​ឆ្អឹង និង​ការ​រាំង​រដូវ នោះ​គឺ ជា​ពេលវេលា​ដែល​ស្ត្រី​ឈប់​ជ្រុះ​អូ​វ៉ុល ឈប់​មក​រដូវ​ប្រចាំខែ និង​ការថយចុះ​ដ៏​ខ្លាំង នៃ​អ័រម៉ូន​ភេទ​អឺស​ស្ត្រូ​សែន​។ ជាទូទៅ មាន​ស្ត្រី​រាំង​រដូវ ស្ទើរតែ​ពាក់កណ្តាល​ទៅហើយ ដែល​មាន​បញ្ហា​បាត់បង់ កំហាប់​ឆ្អឹង​ខ្លាំង​ក្នុង​រយៈពេល ១០ ឆ្នាំ​ដំបូង នៃ​ការ​រាំង​រដូវ​។
​កង្វះ​អ័រម៉ូន​អឺស​ស្ត្រូ​សែន ដែលជា​ផលវិបាក​បែប​ធម្មជាតិ នៃ​ការ​រាំង​រដូវ មាន​ទំនាក់ទំនង​ផ្ទាល់ ជាមួយនឹង​ការថយចុះ​កំហាប់​ឆ្អឹង​។ គេ​ដឹង​ទៀតថា អ័រម៉ូន​ភេទ​អឺស​ស្ត្រូ​សែន​របស់​ស្ត្រី មិន​ត្រឹមតែ​ផ្តល់​សម្រស់ ជំរុញ ដល់​ការ​មក​រដូវ និង​ការ​ជ្រុះ​អូ​វ៉ុល​ប៉ុណ្ណោះ​ទេ តែ​ក៏​បង្កើន​ការ​ចាប់ជាតិ​កាល់ស្យូម ចូលទៅ​ក្នុង​ឆ្អឹង​ដើម្បី​ជំរុញ​ដល់ ភាពរឹងមាំ​កាន់តែខ្លាំង របស់​ឆ្អឹង​ផងដែរ​។ ដូច្នេះ កាលណា​ស្ត្រី​ម្នាក់ ធ្លាប់មាន​បញ្ហា​ថយចុះ អ័រម៉ូន​មួយ​នេះ​កាន់តែ​យូរ ការបាត់បង់​កំហាប់​ឆ្អឹង ក៏​កាន់តែ​ច្រើន​ដែរ​។ ហើយ​ស្ត្រី​ដែល​ប្រឈម នឹង​ជំងឺ​ពុក​ឆ្អឹង កាន់តែ​ខ្លាំង​នោះ ច្រើនតែ​ជា​ស្ត្រី ៖

  • ​ឆាប់​រាំងរដូវ នៅ​អាយុ​មុន ៤៥ ឆ្នាំ​
  • ​មិន​មក​រដូវ​រយៈពេល​យូរ​
  • ​ធ្លាប់មាន​បញ្ហា មក​រដូវ​មិន​ទៀងទាត់​ច្រើន​បំផុត ដែល​ជា​អាច​បញ្ជាក់​ថា ពួកគេ​មិន​មាន​ការ​ជ្រុះ​អូ​វ៉ុល​ទៀងទាត់​ទេ​៕
     

រៀបរៀងដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។