ទម្លាប់​ទាំងនេះ ត្រូវបាន​ចាត់ទុក​ថា នាំ​ឲ្យ​ខូច​សន្លាក់​

ទម្លាប់​ទាំងនេះ ត្រូវបាន​ចាត់ទុក​ថា នាំ​ឲ្យ​ខូច​សន្លាក់​

​មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា ការពាក់​ស្បែកជើង​ការ​ខ្ពស់ និង​ការ​ហាត់ប្រាណ​ខ្លាំងក្លា​ពេក អាច​មាន​ផល​អាក្រក់ ចំពោះ​សន្លាក់​។ តើ​អ្នក​មាន​ដឹង​ទេ​ថា មាន​សកម្មភាព​ជាច្រើន​ផ្សេងទៀត ដែល​អាច​ប៉ះពាល់​ដល់​សន្លាក់​អ្នក​ដែរ​ទេ ហើយ​អ្នក​ប្រហែលជា​អាច ធ្វើ​ដោយ​មិនដឹង​ខ្លួន​ផង​។​

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី ទម្លាប់​មួយ​ចំនួន ដែល​អាច​នាំឲ្យ​ប៉ះពាល់ យ៉ាងខ្លាំង​ដល់​សន្លាក់ ឬ​បើ​សិន​ជា​សន្លាក់​នោះ មាន​បញ្ហា​ស្រាប់ វា​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ដូចជា មាន​ជំងឺ​សន្លាក់ Rheumatoid Arthritis ជាដើម​។

របៀប​រស់នៅ បែប​ស៊ី​ដេកៗ​
ការ​ដែល​មាន​ទម្លាប់​អង្គុយ ឬ​គេង​យូរៗ ពិតជា​មិនល្អ​សោះ សម្រាប់​សុខភាព​សន្លាក់​។ នេះ​ដោយសារ​តែ របត់​ឈាមរ​ត់ទៅ​សន្លាក់ ត្រូវបាន​កាត់បន្ថយ ជាពិសេស នៅ​ពេល​អ្នក​គ្មាន​ការធ្វើ ដូច្នេះ ជីវជាតិ និង​អុកស៊ីសែន ដែល​ត្រូវ​ទៅ​ចិញ្ចឹម​កន្លែង​នោះ ក៏​ត្រូវ​បាន​ថយចុះ​ដែរ​។

ជក់បារី​
ក្នុង​ផ្សែង​បារី មាន​សារធាតុ​គីមី និង​គ្រោះ​ធ្នាក់​ច្រើនណាស់ សម្រាប់​កោសិកា​គ្រាប់​ឈាម និង​អាច​បំផ្លាញ​សរសៃឈាម​បាន​ទៀត​ផង​។ ហេតុដូច្នេះ​ហើយ សន្លាក់​អ្នក​ប្រហែលជា មិន​មាន​ការផ្គត់ផ្គង់​អុកស៊ីសែន និង​ជីវជាតិ​ដែល​ដឹកនាំ ដោយ​ឈាម​នោះ បាន​គ្រប់គ្រាន់​ឡើយ​។ អ្នកជំនាញ​និយាយទៀតថា ការជក់បារី អាច​នឹង​កាត់បន្ថយ ប្រសិទ្ធភាព​របស់​ថ្នាំ ព្យាបាល​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis ទៀតផង​។

ស្ត្រេ​ស​គ្រប់ពេល​
ការ​រលាក អាច​បណ្តាល​ឲ្យ​សន្លាក់ ទៅ​ជា​ឈឺចាប់ និង​ហើម​បាន ហើយ​ស្ត្រេ​ស ក៏​អាច​ជា​ផ្នែក​មួយ អុច​ដល់​ការ​រលាក​ក្នុង​ខ្លួន​បានដែរ​។ ហេតុដូច្នេះ​ហើយ យក​ល្អ គួរតែ​ធ្វើ​យ៉ាង ប្រើ​វិធីសាស្ត្រ​គ្រប់គ្រង​ស្ត្រេ​ស ឲ្យបាន​ល្អ​បំផុត​ទៅ បើសិន​ជា​អ្នក​មិន​ចង់​ឈឺសន្លាក់​ទេ​។ ការហាត់​ក្បាច់​យូ​ហ្គា ម៉ាស្សា ស្តាប់​ចម្រៀង និង​ការ​គូរ​គំនូរ គឺជា​សកម្មភាព​បន្ថយ​ស្ត្រេ​ស​យ៉ាង​ល្អ​។

ការ​ស្ពាយ​កាបូប​ធ្ងន់ៗ​ពេក​
ពិតណាស់ ការ​ដែល​មាន​យក​របស់​សំខាន់ៗ តាម​ខ្លួន​ជាប់​រហូត គឺជា​រឿង​មួយ​ល្អ​ខ្លាំងណាស់​។ ប៉ុន្តែ​កាបូបស្ពាយ ដែល​មាន​ឥ​វ៉ាន់​ធ្ងន់ៗ​ច្រើន មិន​ត្រឹមតែ​ផ្តល់​ផល​អាក្រក់​ដល់​សន្លាក់ នៅ​កញ្ចឹកក និង​ស្មា​ទេ តែ​ក៏​ឈឺ​ដល់​ខ្នង​ទៀត​ផង​។

មិន​ញ៉ាំ​អាហារ សម្បូរ​ជាតិ​កាល់ស្យូម និង​វីតាមីន D
ទាំង​កាល់ស្យូម និង​វីតាមីន D មាន​សារៈសំខាន់​ណាស់​សម្រាប់​ឆ្អឹង និង​សន្លាក់​មាន​ភាពរឹងមាំ និង​សុខភាព​ល្អ​។ ហេតុដូច្នេះ​ហើយ សន្លាក់​អ្នក អាច​នឹង​ពិបាក​វិញ បើសិន​ជា​អ្នក មិន​ព្រម​ញ៉ាំ​អាហា​រណា សម្បូរ​ជីវជាតិ​ទាំងពីរ​នេះ​។ ឧទាហរណ៍ អាហារ​សម្បូរ​ជាតិ​កាល់ស្យូម មាន​នៅក្នុង​ទឹកដោះគោ ត្រី សណ្តែកសៀង និង​បន្លែ​ពណ៌​បៃតង​។ ចំណែកឯ​ផ្សិត ត្រី​សម្បូរ​ជាតិ​ខ្លាញ់ ស៊ុត និង​ថ្លើម​គោ គឺ​សម្បូរ​ជាតិ​វីតាមីន D​។

បន្ត​ឡើង​ទម្ងន់​
ការ​ដែល​មាន​ទម្ងន់​ធាត់​ជ្រុល គឺជា​រឿង​ពិបាក​មួយ សម្រាប់​សន្លាក់​ទ្រ​ទម្ងន់​តែម្តង ជាពិសេស សន្លាក់​កែង​ជោះ​ង ជង្គង់ ត្រគាក និង​ចង្កេះ​។ នរណា​ក៏​ដឹង​ដែរ​ថា ការ​ធាត់​ជ្រុល គឺជា​រឿង​មួយ ដែល​អាច​ផ្តល់​ផល​អាក្រក់ ចំពោះ​សុខភាព​ទូទៅ​ទាំង​អស់​តែម្តង​។ ការជ្រើសរើស​របប​អាហារ​ត្រឹមត្រូវ និង​ការ​ហាត់ប្រាណ​ទៀងទាត់ អាច​ជួយ​បំបាត់​បញ្ហា​ឡើង​ទម្ងន់​បាន​។

គេង​មិនបាន​ស្រួល នៅពេល​យប់​
​កាល​ពី​ចំណុច មុន​យើង​បាន​និយាយ​រួចហើយ​ថា ស្ត្រេ​ស អាច​ប៉ះពាល់​ដល់​សន្លាក់ តែ​ចាប់​តាំងពី​ការ​គេង​មិនបាន​គ្រប់គ្រាន់ គឺជា​ផ្នែក​មួយ​របស់​ស្ត្រេ​សមក ការ​គេង​មិនបាន​សោះ ក៏​អាច​នាំ​ឲ្យ​សន្លា​ក់មាន​បញ្ហា​ហើម និង​ឈឺចាប់​បានដែរ​។ ដូច្នេះ បើសិន​ជា​អ្នក ជួប​បញ្ហា​គេង​មិន​លក់​ចាប់ពី មួយ​សប្តាហ៍​ឡើង​ទៅ​ហើយ វា​គួរតែ​ដល់ពេល ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។