ទៅលេងរមណីយដ្ឋានអាងកំពីងពួយ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

6 Videos


រមណីយដ្ឋាន​អាង​កំពីងពួយ​បានក្លាយ​ទៅជា​ទី​ចាប់ អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង អន្តរ​-​ជាតិ ។ មិន​ថា​នៅ​រដូវប្រាំង ឬ រដូវវស្សា​ឡើយ អាងទឹក​កំពីងពួយ​មាន​ភ្ញៀវទេសចរ​ទៅលេង​រហូត ជាពិសេស​ថ្ងៃបុណ្យ​ជាតិ​ម្តងៗ ភ្ញៀវ​មកពី​គ្រប់ទិសទី​បាន​ទៅ​ទស្សនា​នៅ ទីនោះ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​សោកស្តាយ​នោះ​គឺ​បរិស្ថាន​នៅ ទីនេះ​មិនសូវ​ល្អ​ឡើយ​ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​ទាំងឡាយ មិន​សប្បាយចិត្ត ។​

ទៅលេងរមណីយដ្ឋានអាងកំពីងពួយ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ទៅលេងរមណីយដ្ឋានអាងកំពីងពួយ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

​តំបន់​ទេសចរណ៍​អាង កំពីងពួយ​ជា​អាង​មួយ​បន្សល់ទុក​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​បាន​កសាងឡើង​ដោយ​កម្លាំង​ពលកម្ម​របស់​មនុ​ស្សរា​ប់​ម៉ឺន​នាក់ ក្នុង​កំលុង ឆ្នាំ ១៩៧៦ ហើយ​ក៏មាន​ប្រជាពលរដ្ឋ​មិនតិច​ដែរ​ដែល​បាន​ស្លាប់​បាត់បង់ ជីវិត​ដោយសារ​ពលកម្ម​បាក់ក​ម្លាំ​ង អ្នក​ខ្លះទៀត​ស្លាប់​ដោយសារ​ជំងឺ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល និង អ្នកខ្លះ​ស្លាប់​ដោយសារ ប៉ុល ពត សម្លាប់ ។ រីឯ​យុវជន​-​នារី ក្នុង​កងចល័ត​បាន​ស្លាប់​ដោយសារតែ​ខុសសីលធម៌​បដិវត្ត​ក្នុង​របប​នោះ ប៉ុន្តែ​សព្វ ថ្ងៃនេះ​អាង​កំពីងពួយ​មាន​សារសំខាន់​ណាស់​សម្រាប់​វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ ព្រោះថា​ជា​រៀងរាល់ថ្ងៃ​តែងតែមាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង គូស្នេហ៍​កំលោះ​ក្រមុំ​ស្រុកស្រែ​នាំគ្នា​ទៅលេង​កម្សាន្ត​សប្បាយ​នៅ​ទីនោះ​មិនដែល​ដាច់​ឡើយ ។​

ទៅលេងរមណីយដ្ឋានអាងកំពីងពួយ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

​បើ​គេ​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្តបាត់ដំបង​ទៅដល់​រមណីយដ្ឋាន​អាង​កំពីងពួយ​មាន​ចម្ងាយ ២៥ គីឡូម៉ែត្រ ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ទាំងឡាយ​អាចធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ប្រាសាទ​បាណន់ ភ្នំ​សំពៅ ហើយ បន្តទៅ​រមណីយដ្ឋាន​អាង​កំពីងពួយ​លើ​កំណាត់​ផ្លូវ​តែមួយ ។ អាងទឹក​កំពីងពួយ​មាន​សារសំខាន់​ពីរ​យ៉ាង ទីមួយ​ជា​ប្រព័ន្ធ​ស្រោចស្រព​ដ៏ សំខាន់ តាំងពី​របប​ខ្មែរក្រហម​រហូតដល់​ប​ច្ចុ​ប្បន្ន​នេះ អាច​ស្រោចស្រព​ទាំង​រដូវប្រាំង និង រដូវវស្សា ។ ចំណុច​មួយទៀត​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងសំខាន់​បំផុត​នៅ​ក្រុង​បាត់ដំបង​នេះ ។

​មាន ភ្ញៀវទេសចរ​យ៉ាងច្រើន​ដែល​បានធ្វើ​ដំណើរ​ពី​ក្រុងភ្នំពេញ​ពី​ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ មក​ទស្សនា​នៅទីនេះ​គ្រប់​រដូវ​កាល ។ នៅ​រដូវប្រាំង​គេ​នាំគ្នា​និយម​ងូតទឹក​លេង​កម្សាន្ត ហើយ​នៅ​រដូវវស្សា​វិញ​គេ​និយម​ទស្សនា​ផ្ទៃ​ទឹក​យ៉ាង​ល្ហល្ហេវ​ដែល​រំលេច​ទៅដោយ​ផ្កាឈូក និង ផ្កាព្រលឹត ផ្កា​លំចង់​រីក​រហង់​ពេញ​ផ្ទៃ​បឹង ។​

ទៅលេងរមណីយដ្ឋានអាងកំពីងពួយ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

​លោក អ៊ុច អ៊ុំ​ពី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បានឱ្យដឹងថា រមណីយដ្ឋាន​អាង​កំពីងពួយ​អាច​ស្តុក​ទឹកបាន ១១ លាន ម៉ែត្រគុប តែ​ចំពោះមុខ​ក្នុង​អាង​ទាំងមូល​អាច​ស្តុក​ទឹកបាន​ត្រឹមតែ ៨ លាន ម៉ែត្រគុប​ប៉ុណ្ណោះ ។ ពេលនេះ​ចិន​កំពុង​រៀបចំ​ប្រព័ន្ធ​ទឹក បន្ទាប់មក យើង​នឹង​រៀបចំ​ដាក់ឱ្យ​ក្រុមហ៊ុន​ឯកជន​ដេញថ្លៃ​ដើម្បី​គ្រប់គ្រង ពេលនោះ សេវាកម្ម​ផ្សេងៗ​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នឹង​ល្អប្រសើរ​ជាង មុន ។ ប្រព័ន្ធ​ស្រោចស្រព​អាង​កំពីងពួយ​មាន​សារសំខាន់​ណាស់​ទោះ ជា​បច្ចេកទេស​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅមានកម្រិត​យ៉ាងណា​ក៏ ដោយ ក៏​អាង​នេះ​អាច​ស្តុក​ទឹក​ចែកចាយ​លើ​វិស័យ​កសិកម្ម​បាន​យ៉ាង​ងាយស្រួល ។ ប្រជាពលរដ្ឋ​អាច​បង្កបង្កើនផល​បាន​ពីរ​រដូវ ព្រោះ​ជុំវិញ​តំបន់​អាង​កំពីងពួយ​មាន​ប្រឡាយ​មេ អាច​បង្ហូរទឹក​ចែកចាយ​ដល់​ប្រជាកសិករ​សម្រាប់​បង្កប​ង្កើ​ន​ផល​បាន​យ៉ាង​ងាយស្រួល ។​

ទៅលេងរមណីយដ្ឋានអាងកំពីងពួយ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

​សុខា ដែល​ធ្លាប់បាន​លើកដី​អាង​កំពីងពួយ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ ១៩៧៦ បាន​និយាយ​រៀបរាប់​ប្រាប់​ទាំង​ទឹកភ្នែក​រលីងរលោង​ថា ទំនប់​អាង​កំពីងពួយ​នេះ​កសាង​ដោយ​កម្លាំង​ញ្ញើស​ឈាម​ប្រជា ពលរដ្ឋ​សុទ្ធសាធ ដោយ​គេ​លើកដី​ពី​ទំនប់​ខាងកើត​យកមក​ទប់​ធ្វើជា​ទំនប់ ដោយ​មិនបាន​យក​ដី​បឹង​មក​ទប់​នោះទេ ហើយ​ដី​បឹង​កំពីងពួយ​សព្វថ្ងៃ គឺជា​តំបន់​ព្រៃភ្នំ​យ៉ាង​ក្រាស់ សម្បូរ​ទៅដោយ​សត្វ​កាច​សាហាវៗ ។ ពេល​គេ​លើក​ទំនប់​ព័ទ្ធ​ច្រក​ភ្នំ​ដើម្បី​ស្តុក​ទឹក​តាម​ការកំណត់​របស់​អង្គការ​បដិវត្ត ប៉ុល ពត យ៉ាង​ម៉ឺងម៉ាត់​ដែល​គេ​ហៅថា​ទំនប់​កំពីងពួយ​នេះ មាន​ប្រជាពលរដ្ឋ​ស្លាប់​ជាច្រើន​ដោយសារ​ពលកម្ម​បាក់ក​ម្លាំ​ង ឈឺ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល ។ ឯ​យុវជន​-​នារី​មួយចំនួន​នៅក្នុង​កងចល័ត​ត្រូវ​ពួក​អាវខ្មៅ​ចង បណ្តើរ​យកទៅ​វាយ​សម្លាប់​ជា​រៀងរាល់​យប់​ផងដែរ គឺ​ដោយសារតែ​ខុសសីលធម៌​បដិវត្ត​នៅទីនេះ ។​

ទៅលេងរមណីយដ្ឋានអាងកំពីងពួយ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

​បច្ចុប្បន្ននេះ​ទោះបី​តំបន់​ទេសចរណ៍​អាង​កំពីងពួយ​បាន​កសាងឡើង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ ១៩៧៦ យ៉ាងណាក៏ដោយ ក៏​តំបន់​អាង​កំពីងពួយ​នេះ​បានប្រែក្លាយ​ទៅជា​តំបន់​ទេសចរណ៍​ដែល​ភ្ញៀវ​ជាតិ និង អន្តរជាតិ តែង​ចង់ដឹង​ចង់ឃើញ និង ទៅ​កម្សាន្ត​សប្បាយ​នៅទីនេះ​មិនចេះ​ដាច់​ឡើយ ។ ប្រជាពលរដ្ឋ​មួយចំនួន​អាច​ប្រកបមុខរបរ​លក់​ម្ហូបអាហារ​ទទួលភ្ញៀវ​ទេសច​រ​បាន​យ៉ាង​ងាយ​ទៀតផង ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​តំបន់​ទេសចរណ៍​អាង កំពីងពួយ​ខកចិត្ត​យ៉ាងខ្លាំង​នោះ គឺ​បរិស្ថាន​មិនសូវ​ល្អ សម្បូរ​ទៅដោយ​គំនរ សំរាម គ្មាន​ការសម្អាត​ថែទាំ​ពី​សំណាក់​អាជ្ញាធរ​ឃុំ​-​ស្រុក​-​ខេត្ត ហាក់ដូចជា​មិនសូវ​យកចិត្តទុកដាក់​លើ​សំណង់​ប្រវត្តិសាស្ត្រ​ដែល​បន្សល់ទុក​ពី​របប​កម្ពុជា ប្រជាធិបតេយ្យ​នោះទេ ។​

ទៅលេងរមណីយដ្ឋានអាងកំពីងពួយ ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ដែល​បាន​ទៅ​កម្សាន្ត​សប្បាយ​នៅ​ទីនោះ​បាន​សំណូមពរ​យ៉ាងទទូច​ទៅដល់​បណ្តា​អង្គភាព​ដែលមាន​ភារកិច្ច​ទទួល​ខុសត្រូវ​នៅ​ទំនប់​អាង​កំពីងពួយ​នោះ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​រៀបចំ​បរិស្ថាន​ជុំវិញ​តំបន់​អាង​កំពីងពួយ​នោះ​ឱ្យបាន​ល្អប្រសើរ​ផង ព្រោះថា​សព្វថ្ងៃនេះ​មាន ភ្ញៀវ​ជាតិ និង អន្តរជាតិ ដែល​បាន​ទៅ​កម្សាន្ត​សប្បាយ​នៅ​ទីនោះ​រិះគន់​យ៉ាង​ចំហ​ទៅលើ​អាជ្ញាធរ​ឃុំ និង មន្ទីរ​បរិស្ថាន​ខេត្ត​ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ដទៃទៀត ដែល​មិនបាន​យកចិត្តទុកដាក់​លើ​បញ្ហា​បរិស្ថាន​នៅ​ទីនោះ ៕ 

                                                                               នឿន​