ម្ចាស់​បទ «​ភ្នំពេញ​នឹក​កំពង់ចាម​» រៀប​ការ​ហើយ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​បទ​ចម្រៀង «​ភ្នំពេញ​នឹក​កំពង់ចាម​» លោក​ប៊ុ​ន សក្តិ បាន​ចូល​រោងការ​ហើយ​កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦ ។ ពិធី​មង្គលការ​របស់​លោក​ប៊ុ​ន សក្តិ ប្រារព្ធ​ធ្វើ​ឡើង​នៅ​ម្តុំ​ពោធិ៍​ចិន​តុង និង​រៀបចំ​ពិធីជប់លៀង​ភ្ញៀវ​កិត្តិយស​ទាំង​ក្រៅ​រង្វង់​សិល្បៈ និង​ក្នុង​រង្វង់​សិល្បៈ នៅ​បុរី​ពិភព​ថ្មី ផ្លូវ​វេ​ង​ស្រេង រាជធានី​ភ្នំពេញ ។ 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាង​ខាត់ សុ​ឃី​ម ដែល​ចូលរួម​សម្តែង​កាត់សក់​ក្នុង​ពិធី​មង្គលការ​នោះ​ឱ្យ​ដឹង​ថា មង្គលការ​របស់​លោក​ប៊ុ​ន សក្តិ ប្រារព្ធ​ធ្វើ​ឡើង​ទៅ​តាម​លំដាប់លំដោយ ​នៃ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ។ ភរិយា​របស់​លោក​ប៊ុ​ន សក្តិ ឈ្មោះ​សំណាង មាន​វ័យ​ប្រហែល​ជាង​៣០​ឆ្នាំ ហើយ​ទំនងជា​អ្នក​រកស៊ី ព្រោះ​មិនមែន​ស្ថិត​ក្នុង​រង្វង់​សិល្បៈ​ដូច​គ្នា​ឡើយ ។

អ្នក​នាង​ខាត់ សុ​ឃី​ម មិនដឹង​ចំណង​ស្នេហ៍​របស់​លោក​ប៊ុ​ន សក្តិ និង​ភរិយា ចាប់កំណើត​ឡើង​ចាប់តាំងពី​ពេល​ណា​ឡើយ ។ អ្នក​នាង​ខាត់ សុ​ឃី​ម បន្ថែម​ថា ពិធី​មង្គលការ​របស់​លោក​ប៊ុ​ន សក្តិ ធ្វើ​ឡើង​យ៉ាង​ឱ​ឡា​រឹក បើ​ទោះបីជា​ពេល​ព្រឹក​មិនសូវ​មាន​អ្នកសិល្បៈ​ច្រើន​ចូលរួម​ក៏​ដោយ ។

តាម​គម្រោង​ពិធីជប់លៀង មាន​ភ្ញៀវ​កិត្តិយស​ប្រមាណ​៧០០​នាក់​ចូលរួម ។

តារាចម្រៀង​ដែល​មាន​ដើម​កំណើត​នៅ​ខេត្តព្រះវិហារ លោក​ប៊ុ​ន សក្តិ ល្បីឈ្មោះ​គួរសម​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​នា​ពេល​បច្ចុប្បន្ន បន្ទាប់​ពីចេញ​បទ​មនោសញ្ចេតនា​បែប​ស្រុកស្រែ​ជា​បន្តបន្ទាប់ នៅ​ពេល​លោក​ស្ថិត​ក្នុង​ផលិតកម្ម អេស អេស ប៊ី ។ បន្ទាប់​ពី​ផលិតកម្ម​ដែល​លោក​ប៊ុ​ន សក្តិ ជ្រកកោន​នោះ​បិទ លោក​ក៏​ចូល​ផលិតកម្ម​សាន់​ដេ ហើយ​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​មានការ​ពេញ​និយម​ជា​ថ្មី​ម្តងទៀត​នោះ គឺ​បទ «​ភ្នំពេញ​នឹក​កំពង់ចាម​» ។

បន្ទាប់​ពី​ចេញ​បទ​ចម្រៀង​នោះ​មក លោក​ប៊ុ​ន សក្តិ ដូច​ជា​មិនឃើញ​ចេញ​បទ​ចម្រៀង ថ្មី​ៗ​ទៀត​ឡើយ ។

ចំណែក​តាម​កញ្ចក់​ទូរទស្សន៍​ក៏​លោក​ប៊ុ​ន សក្តិ មិនសូវ​បាន​ចេញ​មុខ​ដូច​មុន​ដែរ ។ លោក​ប៊ុ​ន សក្តិ ធ្លាប់​ឃើញ​ចេញ​មុខ​ម្តង​គត់​នៅ​ស្ថានីយទូរទស្សន៍ My TV ក្នុង​កម្មវិធី​តុ​បំភ្លឺ​កាលពី​អំឡុង​ចុងឆ្នាំ​២០១៥​។

ទោះ​ជាយ៉ាង​ណា​ក្តី ជា រឿយ​ៗ​លោក​ប៊ុ​ន សក្តិ តែងតែ​បង្ហាញ​វត្តមាន​ក្នុង​វង់​តន្ត្រី​កង​អង្គរក្ស​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ជាមួយ​ លោក​អ៊ឹ​ង ប៊ុ​ន​លាភ ក្នុង​ពេល​ថ្នាក់ដឹកនាំ​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​កម្មវិធី ផ្សេង​ៗ ។

ដំណឹង​នៃ​ការ​ចូល​រោងការ​របស់​តារាចម្រៀង​លោក​ប៊ុ​ន សក្តិ នា​ពេល​នេះ​បាន​ទទួល​ការ​អបអរសាទរ និង​ជូនពរ​ពី​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​លោក​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload