ពុល​ត្រី​ក្រពត​ក្លែមស្រា ស្លាប់​ម្នាក់ ពុល​ធ្ងន់​៧​នាក់

ពុល​ត្រី​ក្រពត​ក្លែមស្រា ស្លាប់​ម្នាក់ ពុល​ធ្ងន់​៧​នាក់



ខេត្តសៀមរាប ៖  ពលរដ្ឋ​ចំនួន​៨​នាក់​ដែល​បាន​នាំ​គ្នា​យក​ត្រី​ក្រពត​មក​បំពង​ហូប​ក្លែម​ជាមួយ​ស្រា​តែ​មួយសន្ទុះ ម្នាក់​ៗ​បាន​ពុល​ក្អួតចង្អោរ​ប្រកាច់ប្រកិន ហើយ​បាន​ស្លាប់​ម្នាក់​និង​៧​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា ។

ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១៧​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុងភូមិ​គោក​វត្ត ឃុំ ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន​។

លោក​វរសេនីយ៍ទោ ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​មិ​នា ឆ្នាំ​២០១៦ នេះ​ថា​៖ ក្រោយ​ពី​មាន​គេ​រាយការណ៍​មក​ថា មាន​ប្រជាពលរដ្ឋ​បាន​ពុល​ត្រី​ក្រពត​រហូត​ដល់​ស្លាប់ ទើប​កម្លាំង​របស់​លោក បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ពេល​នោះ​ក៏​ធ្វើការ​សាកសួរ ពី​មូលហេតុ ។

លោក​បន្ត​ថា ពលរដ្ឋ​ទាំងនោះ​បាន​ពុល​ត្រី​កំពត រហូត​មាន​អ្នក​ស្លាប់​ម្នាក់ និង​៧​នាក់​កំពុង​ជួយ​សង្គ្រោះ បណ្តាល​មក​ពី​ពួក​គាត់​បាន​នាំ​គ្នា​ទៅ​បាច​ត្រី​នៅ​ចំណុច​ត្រពាំងរុន ខាងជើង ភូមិ​ល្វា ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ហើយ​បាច​បាន​ត្រី​ក្រពត ក៏​យក​ទៅ​គ្នា​លាង​ទឹក​យក​មក​បំពង​ឡើង​ឆ្ងុ​ត​នាំ​គ្នា​ធ្វើ​ជ្រក់ស្វាយ ក្លែមស្រា ស ។ លុះដល់​ព្រឹក ថ្ងៃ​ទី​៣១ ខែ​មិ​នា​ឆ្នាំ ២០១៦ ទើប​អ្នក​ហូប​ទាំង​៨​នាក់ ក្អូ​ត​ចង្អោរ​យក​តែ​ម្តង ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល លោក​ក៏​បាន​ហៅ​រថយន្ត​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ ។ លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ចំនួន​៨​នាក់ ក្នុង​នោះ​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ទៅ​ដល់​មណ្ឌល​សុខភាព​ស្រែ​ណូ​យ មានឈ្មោះ មឿ​ត ម៉ែ​ន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ​។ ចំណែក ៧​នាក់​ទៀត​មាន ទី​១/​ឈ្មោះ យ៉េ​ត លី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទី​២/​ឈ្មោះ  ឡ​ម ភ័​ណ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទី​៣/ ឈ្មោះ ទី ថង អាយុ​៤១​ឆ្នាំ ភេទ​ប្រុស ទី​៤/​ឈ្មោះ ហៀ​ត ហឿ​យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទី​៥/​ឈ្មោះ ញ៉ា​វ រ៉េ​ត ភេទ​ប្រុស អាយុ​៣៩  ទី​៦/​ឈ្មោះ សូ សា​រោ​ន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ប្រ​ព​ន្ឋ​របស់ ញ៉ា​វ រ៉េ​ត​, ទី​៧/​ឈ្មោះ រ៉េ​ត ផា​នេ​ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជា​កូន​របស់ ញ៉ា​វ រ៉េ​ត ។

លោក​បញ្ជាក់​បន្ថែម​ថា​៖ ពលរដ្ឋ​ដែល​នៅ​សល់​រួច​ពី​ស្លាប់​នោះ​មក​ដល់​រសៀល​ថ្ងៃ​ទី​៣១ ខែ​មិ​នា ឆ្នាំ​២០១៦ បាន​ធូរស្រាល និង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ អស់ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល ។ លោក​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​របស់​សមត្ថកិច្ច​ចម្រុះ​បាន​បង្ហាញ​ថា នៅ​លើ​ដងខ្លួន​សព​ជន​រង​គ្រោះ និង​អ្ន​គ​ដែល​ក្រុម​គ្រូពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​ទាន់​ពេលវេលា​នេះ ពិតជា​បាន​ពុល​ត្រី​ក្រពត ពិតប្រាកដ​មែន មិនមែន​ពុល​ស្រាស​នោះ​ទេ ។  

សូម​រំលឹក​ថា​៖ នេះ​គឺជា​លើក​ទី​១​ហើយ សម្រាប់​ខេត្តសៀមរាប ដែល​អ្នក​ហូប​ត្រី​ក្រពត​ពុល​និង​ក្អួតចង្អោរ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ម្នាក់ និង​៧​នាក់​ទៀត​ពុល​ដែរ តែ​សំណាងល្អ​ជួ​យស​ង្រោះ​ទាន់​ពេលវេលា ។

ខាងក្រោម​នេះ​ជា​រូប​ត្រី​ក្រពត ដែល​មាន​កត់ត្រា​ក្នុង​ឯកសារ​ត្រី​របស់​រដ្ឋបាល​ជលផល ។ មួយ​ណា​ពុល មួយ​ណា​មិន​ពុល​គួរ​នាំ​គ្នា​ជួយ​សម្គាល់​ផង ចៀសវាង​ពុល​ទៅ​ថ្ងៃក្រោយ កុំឱ្យ​ថា​ដឹង​ហើយ​មិន​ជួយ​ប្រាប់​ផង ៕