ការពារ​ព្រៃ​៥​កន្លែង ព្រៃ​ឡង់ ព្រៃ​ព្រះ​រកា ព្រៃ​សៀម​ប៉ា​ង​លិច ព្រៃ​វើ​ន​សៃ និង​ព្រៃ​ក្រវាញ

ការពារ​ព្រៃ​៥​កន្លែង ព្រៃ​ឡង់ ព្រៃ​ព្រះ​រកា ព្រៃ​សៀម​ប៉ា​ង​លិច ព្រៃ​វើ​ន​សៃ និង​ព្រៃ​ក្រវាញ



រាជធានី​ភ្នំពេញ ៖ សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៦ របស់​ក្រសួងបរិស្ថាន បានឱ្យ​ដឹង​ថា នា​ពេល​ថ្មី​ៗ​នេះ ក្រសួងបរិស្ថាន​បាន​ទទួល​ការ​ឯកភាព​ជា​គោលការណ៍​ពី​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ការ​រៀបចំ​ដាក់​តំបន់​ព្រៃ​ផ្តល់​ផល​ចំនួន​៥​កន្លែង រួម​មានព្រៃ​ឡង់ ព្រៃ​ច្រករបៀង​ក្រវាញ​ខាងត្បូង ព្រៃ​ព្រះ​រកា ព្រៃ​សៀម​ប៉ា​ង​លិច  និង​ព្រៃ​វើ​ន​សៃ  ដែល​មាន​ផ្ទៃដី​សរុប​ប្រមាណ​ជាង​៩៥០.០០០​ហិ​កតា ជា​តំបន់​ការពារ​និង​អភិរក្ស​ព្រៃឈើ ដោយ​ផ្អែក​ទៅ​លើ​សក្តា​នុ​ពល និង​គុណ​តម្លៃ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ផ្នែក​សេដ្ឋកិច្ច និង​បរិស្ថាន ។

ក្រសួងបរិស្ថាន គ្រោង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​មួយ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​បាន​ចូលរួម​ពិនិត្យ និង​ផ្តល់​មតិយោបល់​លើ​ឯកសារ​ព្រាង​នានា​ដោយ​ទូលំទូលាយ ហើយ​ក្រសួង​នឹង​ធ្វើការ​បូក​សរុប​មតិយោបល់ និង​កែសម្រួល​ឯកសារ ដើម្បី​ដាក់​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​អនុម័ត​ដាក់​តំបន់​ព្រៃ​ផ្តល់​ផល​ទាំង​៥​កន្លែង​នោះ​ជា​តំបន់​ការពារ និង​អភិរក្ស​ព្រៃឈើ​ជា​ផ្លូវការ ស្រប​តាម​គោលការណ៍​និង​នីតិវិធី​ច្បាប់ ។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែមីនា បាន​ប្រកាស​ដាក់​តំបន់​ព្រៃ​មួយ​ចំនួន​ជា​តំបន់​ព្រៃ​អភិរក្ស ក្នុង​នោះ​ក៏​មាន​តំបន់​ព្រៃ​ឡង់​ដែល​ក្រុម​សហគមន៍​តែងតែ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ការពារ​ផង​ដែរ ដោយសារ​តែ​ប្រឈម​នឹង​ការ​កាប់​បំផ្លាញ​មិន​ឈប់​ឈរ​ពី​ជន​ទុច្ចរិត ។ អ្វី​ដែល​គួរ​ឱ្យ​ផ្ដល់​ទោស​នោះ គឺ​ស្ដ្រី​អ្នក​ស្ម័គ្រចិត្ត​ការពារ​ព្រៃ​ម្នាក់ បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​កាប់​បណ្ដាល​ឱ្យ​រង​របួស​ជើង​ថែម​ទៀត ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការ​សម្រេច​នេះ​គឺ​បន្ទាប់​ពី​មាន​សំណើ​ពី​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួងបរិស្ថាន ។ ការ​ប្រកាស​នេះ ដែរ ក៏​បាន​ធ្វើ​ឱ្យ​តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់​សាទរ ។

តាម​ប្រភព​ពី​វិទ្យុ​ផ្សព្វផ្សាយ​ជា​ខេមរភាសា​ថា តំណាង​ការពារ​ព្រៃ​ឡង់ ក៏​បាន​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ដាក់​បញ្ចូល​តួនាទី​របស់​សហគមន៍​ទៅ​ក្នុង​គម្រោង​ដាក់​ព្រៃ​ឡង់​ជា​ព្រៃ​អភិរក្ស​ទៀត​ផង ដោយ​ពួក​គាត់​អះអាង​ថា ការ​ចូលរួម​របស់​សហគមន៍​ជា​មធ្យោបាយ​មួយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ព្រៃ​ឡង់ ។

អ្នកសម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ លោក ខេ​ង សុខ​ហេង មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ គឺជា​តម្រូវការ​របស់​សហគមន៍​ដែល​បាន​ទាមទារ​អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មក​ហើយ ។ លោក​សំណូមពរ​ឱ្យ​មានការ​អនុវត្ដ​ច្បាប់​ដ៏​តឹង​រុ​ឹ​ង និង​ពង្រឹង​កិច្ចសហការ​រវាង​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន ។

លោក សុខ​ហេង បារម្ភ​ថា ប្រសិនបើ​មិន​មាន​វិធានការ​ជាក់លាក់​បន្ថែម​ទេ ការ​ដាក់​ព្រៃ​ឡង់​ជា​ព្រៃ​ការពារ​នឹង​ពុំ​មាន​ប្រសិទ្ធភាព ។

ស្រប​ពេល​គ្នា​នេះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លោក​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​ដកហូត​យក​ព្រៃ​សម្បទាន​ទាំងឡាយ​មក​គ្រប់គ្រង​វិញ ។

មុន​នេះ សង្គម​ស៊ី​វិល និង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ការ​បំផ្លិចបំផ្លាញ​ព្រៃ​ឡង់​ដែល​កំពុង​កើត​មាន​ឥត​ឈប់​ឈរ ។ ការ​ទទូច​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ពិភពលោក​ប្រារព្ធ​ទិវា​ព្រៃឈើ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២១ ខែមីនា ។

សេចក្ដី​ថ្លែ​ការណ៍​រួម​របស់​សង្គម​ស៊ី​វិល បាន​លើក​ឡើង​ថា នៅ​កម្ពុជា ព្រៃ​ឡង់​និង​តំបន់​ព្រៃឈើ​ផ្សេង​ទៀត ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការពារ​បរិស្ថាន និង​សន្តិសុខ​ស្បៀង ។

ដោយឡែក ព្រៃ​ឡង់​មាន​សារសំខាន់​បំផុត​សម្រាប់​មនុស្ស​ប្រមាណ​២​សែន​នាក់ ដែល​កំពុង​រស់នៅ​និង​ទទួលផល​នៅ​ជុំវិញ​ព្រៃ​ឡង់ ជា​ពិសេស​វា​មាន​សារៈសំខាន់​សម្រាប់​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ដែល​រស់នៅ​ពឹងផ្អែក​លើ​ផល​និង​អនុ​ផល​ព្រៃឈើ ។

ព្រៃ​ឡង់​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ព្រៃធំ​ចុង​ក្រោយ​មាន​ទំហំ​៣.៦០០​គីឡូម៉ែត្រ​ក្រឡា មាន​ព្រំប្រទល់​ជាប់​ខេត្ត​ចំនួន​៤ គឺ​កំពង់ធំ ក្រចេះ ស្ទឹង​ត្រែង និង​ព្រះ​វិហារ ។ តំណាង​បណ្ដាញ​ការពារ​ព្រៃ​ឡង់​បញ្ជាក់​ថា មាន​សហគមន៍​ចំនួន​ជិត​២០០​កំពុង​ចូលរួម​ការពារ​ព្រៃ​នេះ ដោយ​ចុះ​ល្បាត​ការពារ​ព្រៃ​ជា​ប្រចាំ​។ សហគមន៍​ទាំងនេះ មាន​សកម្មជន​ដែល​ជា​ជន​បង្គោល​ប្រមាណ​៤០០​នាក់ និង​សមាជិក​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត កំពុង​ការពារ​ព្រៃ​ឡង់​ដោយ​ស្ម័គ្រចិត្ដ ៕