ជិះ​ម៉ូតូ ឌុប​កូនស្រីដើរ​លេង​ ចោរ​ស្ទាក់​វាយ​ប្លន់

ខេត្តសៀមរាប ៖ ស្ត្រី​រង​គ្រោះ​ម្នាក់​បាន​មក​ប្តឹង​សមត្ថកិច្ច បន្ទាប់​ពី​មាន​ក្រុម​ចោរ​បាន​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ និង​គ្រឿងអលង្ការ​អស់​មួយ​ចំនួន រួច​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។ 

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ មីនា ២០១៦ ត្រង់​ចំណុច​ទ្វារ​ទឹក​ធារាសាស្ត្រ​ស្ទឹង​ស្រែង​ខាងលិច​ផ្លូវជាតិ​លេខ​៦៨ ក្នុង​ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ។

តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា ដំបូង​គាត់​បាន​ជិះ​ម៉ូតូឌុប​កូន​ដើរ​លេង លុះដល់​ចំណុច​កើតហេតុ​ខាងលើ មាន​ជនសង្ស័យ​ចំនួន​០៣​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​០១​គ្រឿង ស្ទាក់​វ៉ៃ​គាត់​ឱ្យ​រង​របួស និង​យក​ម៉ូតូ ព្រមទាំង​គ្រឿងអលង្ការ​គេចខ្លួន​បាត់​។

មន្ត្រី​នគរបាល​បាន​បន្ត​ថា ជន​រង​គ្រោះ​បាន​បាត់បង់​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ​សៀមរាប 1R-8955 ប្រាក់​ខ្មែរ​ចំនួន​៦៧​ម៉ឺន​រៀល និង​មាស​៣​ជី​កន្លះ​។ មន្ត្រី​នគរបាល​ស្រុក​ស្រីស្នំ​បានឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​មានឈ្មោះ ជ័យ ច័​ន្ធ​ឌី ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ត្រុំ​ខាងជើង ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ 

បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត